ម៉ាកុស 14:32-42

ម៉ាកុស 14:32-42 គកស១៦

គេ​មក​ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេ‌ម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះ‌អង្គ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ ពេល​ខ្ញុំ​អធិស្ឋាន»។ ព្រះ‌អង្គ​យក​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ទៅ​ជា​មួយ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​តាន​តឹង ហើយ​តប់​ប្រមល់​ជា​ខ្លាំង។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​ជា​ខ្លាំង សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ហើយ​ចាំ​យាម​ចុះ»។ កាល​យាង​ទៅ​មុខ​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​សូម​ឲ្យ​ពេល​វេលា​នេះ​កន្លង​ផុត​ពី​ព្រះ‌អង្គ​ទៅ ប្រសិន‌បើ​បាន។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «អ័ប្បា ព្រះ‌វរបិតា​អើយ! ព្រះ‌អង្គ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នេះ ចេញ​ពី​ទូល​បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល​បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ ព្រះ‌អង្គ​ត្រឡប់​មក​វិញ ឃើញ​ពួក​សិស្ស​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពេត្រុស​ថា៖ «ស៊ីម៉ូន​អើយ អ្នក​ដេក​លក់​ដូច្នេះ​ឬ? តើ​អ្នក​ទ្រាំ​ចាំ​យាម​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? ចូរ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្តី​ល្បួង វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​អធិស្ឋាន​ម្តង​ទៀត ដោយ​មាន​ព្រះ​បន្ទូល​ជា​ពាក្យ​ដដែល។ កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ទ្រង់​ឃើញ​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​គេ​ធ្ងន់​ជ្រប់ បើក​មិន​រួច ហើយ​គេ​មិន​ដឹង​ជា​ទូល​ព្រះ‌អង្គ​ដូច​ម្តេច។ ព្រះ‌អង្គ​យាង​មក​ជា​លើក​ទី​បី ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយ​សម្រាក​ទៀត​ឬ? ល្មម​ហើយ ពេល​កំណត់​មក​ដល់​ហើយ កូន​មនុស្ស​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​មាន​បាប។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ មើល៍! អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។

អាន ម៉ាកុស 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 14:32-42

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ