ម៉ាកុស 14:22-31

ម៉ាកុស 14:22-31 គកស១៦

កាល​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះគុណ រួច​កាច់​ប្រទាន​ដល់​ពួក​គេ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ដល់​ពួក​គេ គេ​ក៏​ផឹក​ពី​ពែង​នោះ​ទាំង​អស់​គ្នា។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «នេះ​ជា​ឈាម​របស់​ខ្ញុំ ជា​ឈាម​នៃ​សេចក្ដី​សញ្ញា ដែល​ត្រូវ​បង្ហូរ​ចេញ​សម្រាប់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត​ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ" ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលី‌ឡេ​មុន​អ្នក​រាល់​គ្នា»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត​ចេញ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​រវាត​ចិត្ត​ជា​ដាច់​ខាត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​ថ្ងៃ​នេះ គឺ​នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ តែ​គាត់​ប្រ‌កែក​កាន់​តែ​ខ្លាំង​ថា៖ «ទោះ​បើ​ទូល​បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល​បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត»។ គេ​ទាំង​អស់​និយាយ​ដូច​គ្នា។

អាន ម៉ាកុស 14