ម៉ាកុស 13:24-37

ម៉ាកុស 13:24-37 គកស១៦

«ប៉ុន្តែ នៅ​គ្រា​ក្រោយ​សេចក្តី​វេទនា​នោះ ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ហើយ​ខែ​នឹង​លែង​បញ្ចេញ​ពន្លឺ ផ្កាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​អំណាច​នានា​នៅ​លើ​មេឃ​នឹង​ត្រូវ​កក្រើក​រំពើក ។ បន្ទាប់​មក គេ​នឹង​ឃើញ​កូន​មនុស្ស​យាង​មក​ក្នុង​ពពក ប្រកប​ដោយ‌ចេស្តា និង​សិរី​ល្អ​ជា​ខ្លាំង។ ពេល​នោះ លោក​នឹង​ចាត់​ពួក​ទេវតា ឲ្យ​ទៅ​ប្រមូល​ពួក​រើស​តាំង​របស់​លោក ពី​ទិស​ទាំង​បួន តាំង​ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង»។ «ចូរ​រៀន​ជា​សេចក្តី​ប្រៀប​ធៀប​ពី​ដើម​ល្វា​នេះ​ចុះ។ កាល​ណា​មែក​របស់​វា​ត្រឡប់​ជា​ទន់ ហើយ​ស្លឹក​លាស់​ឡើង អ្នក​រាល់​គ្នា​ដឹង​ថា រដូវ​ក្តៅ​ជិត​មក​ដល់​ហើយ។ ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ការ​ទាំង​នេះ​កើត​ឡើង នោះ​ត្រូវ​ដឹង​ថា កូន​មនុស្ស​ជិត​មក​ដល់​ហើយ ក៏​នៅ​មាត់​ទ្វារ​ផង។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា មនុស្ស​ជំនាន់​នេះ​នឹង​មិន​កន្លង​ផុត​ឡើយ រហូត​ទាល់​តែ​គ្រប់​ការ​ទាំង​នេះ​បាន​កើត​មក។ ផ្ទៃ​មេឃ និង​ផែនដី​នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ នឹង​មិន​កន្លង​បាត់​ឡើយ»។ «ប៉ុន្តែ ត្រង់​ឯ​ថ្ងៃ ឬ​ពេល​កំណត់ គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​បី​ពួក​ទេវតា​នៅ​ស្ថាន‌សួគ៌ ឬ​ព្រះ​រាជ​បុត្រា​ក៏​មិន​ជ្រាប​ដែរ មាន​តែ​ព្រះ‌វរបិតា​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ជ្រាប។ ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​នោះ នឹង​មក​ដល់​នៅ​វេលា​ណា​ទេ។ ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។ ដូច្នេះ ចូរ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​មក​នៅ​វេលា​ណា​ទេ មិន​ដឹង​ជា​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​នោះ​ឡើយ ក្រែង​លោ​ពេល​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ សេចក្តី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ គឺ​ថា ចូរ​ចាំ​យាម​ចុះ»។

អាន ម៉ាកុស 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ