ពេលព្រះយេស៊ូវយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអាគារទាំងនេះល្អៗណាស់!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «តើអ្នកឃើញអាគារធំៗទាំងនេះឬទេ? នឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ កាលព្រះអង្គគង់លើភ្នំដើមអូលីវ ទល់មុខព្រះវិហារ នោះពេត្រុស យ៉ាកុប យ៉ូហាន និងអនទ្រេ ទូលសួរព្រះអង្គដោយឡែកថា៖ «សូមប្រាប់យើងខ្ញុំផង តើការនេះនឹងកើតឡើងនៅពេលណា? តើនឹងមានទីសម្គាល់អ្វីឲ្យដឹងពីការទាំងអស់នេះ ដែលបម្រុងនឹងបានសម្រេច?» ព្រះយេស៊ូវចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំមកនិយាយថា "គឺខ្ញុំនេះហើយ" ហើយគេនឹងនាំមនុស្សជាច្រើនឲ្យវង្វេង។ កាលណាអ្នករាល់គ្នាឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម មិនត្រូវច្រួលច្របល់ឡើយ ដ្បិតហេតុការណ៍ទាំងនេះត្រូវតែកើតឡើង តែពុំទាន់ដល់ចុងបំផុតនៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ។ នឹងមានរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រមទាំងមានអំណត់កើតឡើងផង។ ការនេះប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន»។ «ប៉ុន្តែ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា គេនឹងវាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ ហើយអ្នករាល់គ្នានឹងឈរនៅចំពោះទេសាភិបាល និងស្តេច ដោយព្រោះខ្ញុំ ដើម្បីធ្វើបន្ទាល់ដល់អស់លោកទាំងនោះ។ ប៉ុន្តែ ដំណឹងល្អ ត្រូវតែប្រកាសប្រាប់ដល់គ្រប់ទាំងសាសន៍ជាមុនសិន។ ពេលគេបញ្ជូនអ្នករាល់គ្នាទៅកាត់ទោស កុំព្រួយបារម្ភជាមុនអំពីពាក្យដែលអ្នករាល់គ្នាត្រូវនិយាយឡើយ ត្រូវនិយាយតែសេចក្តីណាដែលព្រះប្រទានមកអ្នករាល់គ្នា នៅវេលានោះចុះ ដ្បិតមិនមែនអ្នករាល់គ្នាទេដែលនិយាយ គឺព្រះវិញ្ញាណបរិសុទ្ធវិញទេតើ។ បងប្អូននឹងបញ្ជូនបងប្អូនរបស់ខ្លួនទៅឲ្យគេសម្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូនលើកគ្នាទាស់នឹងឪពុកម្តាយ ហើយប្រគល់ឲ្យគេសម្លាប់ទៀតផង។ មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែឈ្មោះខ្ញុំ តែអ្នកណាដែលស៊ូទ្រាំដល់ចុងបញ្ចប់ នោះនឹងបានសង្គ្រោះ»។ «កាលណាអ្នករាល់គ្នាឃើញវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅកន្លែងដែលមិនគួរឈរ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ) ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ។ អ្នកនៅលើដំបូលផ្ទះមិនត្រូវចុះមកក្រោម ឬចូលទៅយកអ្វីចេញពីក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯចម្ការ ក៏មិនត្រូវត្រឡប់មកយកអាវរបស់ខ្លួនវិញដែរ។ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ និងស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ ចូរអធិស្ឋានសូមកុំឲ្យហេតុការណ៍នេះកើតឡើងនៅរដូវរងាឡើយ ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាយ៉ាងខ្លាំង ដែលតាំងពីកំណើតពិភពលោកមក គឺតាំងពីព្រះបានបង្កើត រហូតមកដល់សព្វថ្ងៃ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ ប្រសិនបើព្រះអម្ចាស់មិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាបានសង្គ្រោះឡើយ ប៉ុន្តែ ព្រះអង្គបានបន្ថយថ្ងៃទាំងនោះឲ្យខ្លី ដោយយល់ដល់ពួករើសតាំង គឺពួកអ្នកដែលព្រះអង្គជ្រើសរើស។ ពេលនោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍! ព្រះគ្រីស្ទគង់នៅទីនេះ!" ឬថា "មើល៍! ព្រះអង្គគង់នៅទីនោះ!" កុំជឿគេឡើយ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យផេ្សងៗ ដើម្បីនាំពួកអ្នករើសតាំងឲ្យវង្វេង ប្រសិនបើគេអាចធ្វើបាន។ ចូរប្រុងប្រយ័ត្ន! ដ្បិតខ្ញុំបានប្រាប់អី្វៗទាំងអស់ដល់អ្នករាល់គ្នាជាមុនហើយ»។
អាន ម៉ាកុស 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 13:1-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ