ម៉ាកុស 12:1-27

ម៉ាកុស 12:1-27 គកស១៦

បន្ទាប់​មក ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ​បន្ទូល​ទៅ​គេ​ជា​រឿង​ប្រៀប​ធៀប​ថា៖ «មាន​បុរស​ម្នាក់​ដាំ​ទំពាំង​បាយ​ជូរ​មួយ​ចម្ការ។ គាត់​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ​វិញ ជីក​កន្លែង​មួយ​សម្រាប់​បញ្ជាន់​ផ្លែ ហើយ​សង់​ប៉ម​មួយ។ បន្ទាប់​មក គាត់​ប្រវាស់​ទៅ​ឲ្យ​ពួក​អ្នក​ធ្វើ​ចម្ការ រួច​ក៏​ចេញ​ទៅ​ស្រុក​មួយ​ផេ្សង​ទៀត។ លុះ​ដល់​រដូវ​ប្រ​មូល​ផល គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ឲ្យ​ទៅ​ជួប​ពួក​អ្នក​ធ្វើ​ចម្ការ ដើម្បី​ទទួល​ផល​ដែល​ជា​ចំណែក​របស់​គាត់ ពី​អ្នក​ទាំង​នោះ។ ប៉ុន្តែ គេ​ចាប់​អ្នក​បម្រើ​នោះ​វាយ ហើយ​ដេញ​ឲ្យ​ត្រឡប់​ទៅ​វិញ​ដៃ​ទទេ។ គាត់​ចាត់​បាវ​បម្រើ​ម្នាក់​ទៀត​ឲ្យ​ទៅ​ជួប​គេ​ម្តង​ទៀត តែ​គេ​វាយ​ក្បាល​អ្នក​បម្រើ​នោះ ហើយ​ជេរ​ប្រមាថ​ទៀត​ផង។ បន្ទាប់​មក គាត់​ចាត់​ម្នាក់​ទៀត​ឲ្យ​ទៅ ហើយ​គេ​សម្លាប់​អ្នក​នោះ ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​ជា​ច្រើន​ផ្សេង​ទៀត​ដូច​គ្នា ខ្លះ​ត្រូវ​គេ​វាយ ហើយ​ខ្លះ​ទៀត​ត្រូវ​គេ​សម្លាប់។ គាត់​នៅ​មាន​កូន​ជា​ទី​ស្រឡាញ់​ម្នាក់​ទៀត។ ទី​បំផុត គាត់​ក៏​ចាត់​កូន​នោះ​ឲ្យ​ទៅ​ជួប​គេ ដោយ​គិត​ថា "គេ​នឹង​គោរព​កូន​ប្រុស​ខ្ញុំ"។ ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ​និយាយ​គ្នា​ថា "នេះ​ជា​កូន​គ្រង​មត៌ក​ហើយ មក​យើង​សម្លាប់​វា​ចោល ហើយ​មត៌ក​នេះ​នឹង​ក្លាយ​ជា​របស់​យើង"។ ដូច្នេះ​គេ​ក៏​ចាប់​កូន​នោះ​សម្លាប់ ហើយ​បោះ​ចោល​ទៅ​ក្រៅ​ចម្ការ។ តើ​ម្ចាស់​ចម្ការ​នឹង​ធ្វើ​ដូច​ម្តេច? គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ធ្វើ​ចម្ការ​ទាំង​នោះ រួច​ប្រគល់​ចម្ការ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត។ តើ​អ្នក​រាល់​គ្នា​មិន​ដែល​អាន​បទ​គម្ពីរ​នេះ​ទេ​ឬ​ថា "ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​នេះ ហើយ​ជា​ការ​អស្ចារ្យ​នៅ​ចំពោះ​ភ្នែក​យើង​ខ្ញុំ "?» គេ​ក៏​រក​មធ្យោ​បាយ​ចាប់​ព្រះ‌អង្គ ព្រោះ​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ សំដៅ​លើ​ពួក​គេ ប៉ុន្តែ គេ​ខ្លាច​បណ្ដា​ជន ដូច្នេះ គេ​ក៏​ចេញ​ពី​ព្រះ‌អង្គ​ទៅ។ បន្ទាប់​មក គេ​ចាត់​ពួក​ផារិ‌ស៊ី​ខ្លះ និង​ពួក​ហេរ៉ូឌ​ខ្លះ​ឲ្យ​ទៅ​ជិត​ព្រះ‌អង្គ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។ ពេល​មក​ដល់ គេ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​មនុស្ស​ពិត​ត្រង់ ហើយ​មិន​ខ្វល់​ពី​អ្នក​ណា ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ តើ​មាន​ច្បាប់​នឹង​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ? តើ​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?» ប៉ុន្តែ ព្រះ‌អង្គ​ជ្រាប​ពី​ពុត​ត្បុត​របស់​គេ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​យក​ប្រាក់​កាក់​មួយ​មក​ឲ្យ​ខ្ញុំ​មើល​មើល៍»។ គេ​ក៏​យក​ប្រាក់​កាក់​មួយ​មក រួច​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​សួរ​គេ​ថា៖ «តើ​រូប​នេះ និង​ឈ្មោះ​នេះ ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «របស់​សេសារ»។ ព្រះ​យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ថ្វាយ​របស់​សេសារ ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​ក៏​មាន​សេច​ក្ដី​អស្ចារ្យ​នឹង​ព្រះ‌អង្គ​ជា​ខ្លាំង។ មាន​ពួក​សាឌូ‌ស៊ី​ខ្លះ​ដែល​ពោល​ថា គ្មាន​ការ​រស់​ឡើង​វិញ បាន​មក​ជួប​ព្រះ‌អង្គ ទូល​ថា៖ «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា "បើ​បង​ប្រុស​របស់​អ្នក​ណា​ស្លាប់​ចោល​ប្រពន្ធ តែ​ឥត​មាន​កូន ប្អូន​ប្រុស​នោះ​ត្រូវ​រៀប​ការ​នឹង​បង​ថ្លៃ ហើយ​បង្កើត​កូន​ឲ្យ​បង​ប្រុស​របស់​ខ្លួន "។ ឥឡូវ មាន​បង‌ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់ បង​បង្អស់​បាន​រៀប​ការ ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន។ ប្អូន​បន្ទាប់​ក៏​រៀប​ការ​នឹង​នាង ហើយ​ស្លាប់​ទៅ​ទាំង​ឥត​មាន​កូន​ដែរ។ អ្នក​ទី​បី​ក៏​ដូច​គ្នា អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​គ្មាន​កូន​ដូច​គ្នា។ ទី​បំផុត ស្ត្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ ដូច្នេះ នៅ​គ្រា​រស់​ឡើង​វិញ តើ​នាង​ត្រូវ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​សុទ្ធ​តែ​បាន​រៀប​ការ​នឹង​នាង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «តើ​នេះ​មិន​មែន​ជា​ហេតុ​ដែល​អ្នក​រាល់​គ្នា​យល់​ខុស ព្រោះ​តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​គម្ពីរ ក៏​មិន​ស្គាល់​ព្រះ‌ចេស្តា​របស់​ព្រះ​ទេ​ឬ? ដ្បិត​ពេល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ គេ​មិន​រៀប​ការ​ជា​ប្តី​ប្រពន្ធ​ទេ គេ​នឹង​បាន​ដូច​ជា​ទេវតា​នៅ​ស្ថាន‌សួគ៌​វិញ។ ឯ​ដំណើរ​ដែល​មនុស្ស​ស្លាប់​រស់​ឡើង​វិញ តើ​អ្នក​រាល់​គ្នា​មិន​បាន​អាន​រឿង​អំពី​គុម្ព​បន្លា នៅ​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ទេ​ឬ? ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​មក​លោក​ថា "យើង​ជា​ព្រះ​របស់​អ័ប្រា‌ហាំ ជា​ព្រះ​របស់​អ៊ីសាក និង​ជា​ព្រះ​របស់​យ៉ាកុប " ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់​វិញ​ទេ​តើ អ្នក​រាល់​គ្នា​យល់​ខុស​ទាំង​ស្រុង»។

អាន ម៉ាកុស 12