លុះព្រឹកឡើង ពេលគេធ្វើដំណើរតាមផ្លូវ ពួកសិស្សឃើញដើមល្វានោះក្រៀមស្វិត រហូតដល់ឫស។ ពេលនោះ ពេត្រុសនឹកឃើញ ហើយទូលព្រះអង្គថា៖ «រ៉ាប៊ី មើល៍! ដើមល្វាដែលលោកដាក់បណ្តាសា ក្រៀមស្វិតទៅហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរមានជំនឿដល់ព្រះចុះ! ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកណានិយាយទៅភ្នំនេះថា "ចូររើចេញពីទីនេះ ទៅធ្លាក់ក្នុងសមុទ្រទៅ!" ហើយនៅក្នុងចិត្តជឿដោយឥតសង្ស័យថា អ្វីដែលខ្លួននិយាយនឹងបានសម្រេច នោះនឹងបានសម្រេចដល់អ្នកនោះមែន។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នករាល់គ្នាអធិស្ឋានសូម ចូរជឿថា អ្នករាល់គ្នាបានទទួលហើយ នោះអ្នកនឹងបានមែន។ ពេលណាអ្នកឈរអធិស្ឋាន បើអ្នកមានទំនាស់អ្វីនឹងអ្នកណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីឲ្យព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ អត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ»។ [តែបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេ នោះព្រះវរបិតារបស់អ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ក៏មិនអត់ទោសចំពោះអំពើរំលងច្បាប់របស់អ្នករាល់គ្នាដែរ។] ព្រះយេស៊ូវយាងចូលក្រុងយេរូសាឡិមជាមួយពួកសិស្សម្តងទៀត។ ពេលព្រះអង្គកំពុងតែយាងចុះឡើងក្នុងព្រះវិហារ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំក៏ចូលមកជួបព្រះអង្គ ហើយទូលសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? តើអ្នកណាប្រគល់អំណាចឲ្យលោកធ្វើការទាំងនេះ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំនឹងសួរអស់លោកពីសំណួរមួយ សូមឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំនឹងប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វី។ តើពិធីជ្រមុជរបស់លោកយ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំមើល៍»។ គេរិះគិតគ្នាថា៖ «បើយើងថា មកពីស្ថានសួគ៌ នោះគាត់មុខជាសួរយើងថា ចុះហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿគាត់? ចុះបើយើងនិយាយថា មកពីមនុស្សវិញ?…» (ពួកគេខ្លាចបណ្តាជន ដ្បិតមនុស្សទាំងអស់ចាត់ទុកលោកយ៉ូហានថាជាហោរាពិតប្រាកដមែន)។ ដូច្នេះ គេទូលឆ្លើយទៅព្រះយេស៊ូវថា៖ «យើងមិនដឹងទេ!» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះដោយអាងអំណាចអ្វីនោះដែរ»។
អាន ម៉ាកុស 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 11:20-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ