ម៉ាកុស 11:1-19

ម៉ាកុស 11:1-19 គកស១៦

ពេល​គេ​មក​ជិត​ដល់​ក្រុង​យេរូ‌សាឡិម នៅ​ត្រង់​ភូមិ​បេត‌ផាសេ និង​ភូមិ​បេថា‌នី ជិត​ភ្នំ​ដើម​អូលីវ ព្រះ‌អង្គ​ចាត់​សិស្ស​របស់​ព្រះ‌អង្គ​ពីរ​នាក់ ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ទៅ​ភូមិ​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា​នោះ​ទៅ ហើយ​ពេល​ចូល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​កូន​លា​មួយ​ចង​ទុក​នៅ​ទី​នោះ ដែល​មិន​ទាន់​មាន​អ្នក​ណា​ជិះ​នៅ​ឡើយ ចូរ​ស្រាយ ហើយ​ដឹក​វា​មក។ បើ​មាន​អ្នក​ណា​សួរ​ថា "ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដូច្នេះ?" ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា តែ​គេ​នឹង​ដឹក​វា​មក​ទី​នេះ​វិញ​ភ្លាម"»។ សិស្ស​ទាំង​ពីរ​ក៏​ចេញ​ទៅ ឃើញ​កូន​លា​មួយ​ដែល​គេ​ចង​ទុក​នៅ​មាត់​ទ្វារ​ខាង​ក្រៅ ក្បែរ​ផ្លូវ ហើយ​គេ​ក៏​ស្រាយ​វា។ មាន​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ សួរ​ថា៖ «តើ​អ្នក​ធ្វើ​អ្វី​ហ្នឹង ស្រាយ​កូន​លា​នេះ​ឬ?» អ្នក​ទាំង​នោះ​ឆ្លើយ​ទៅ​គេ តាម​ពាក្យ​ដែល​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​ក៏​ឲ្យ​ដឹក​វា​យក​ទៅ។ អ្នក​ទាំង​ពីរ​ដឹក​កូន​លា​នោះ​មក​ថ្វាយ​ព្រះ‌យេស៊ូវ យក​អាវ​របស់​ខ្លួន​ក្រាល​លើ​វា ហើយ​ព្រះ‌អង្គ​ក៏​ឡើង​គង់។ មនុស្ស​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​ខ្លះ​ទៀត​កាច់​ស្លឹក​ឈើ​ពី​ចម្ការ មក​រាយ​តាម​ផ្លូវ។ ពេល​នោះ អស់​អ្នក​ដែល​ដើរ​ហែ​ហម​ពី​មុខ​ពី​ក្រោយ នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសា‌ណា សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ។ សូម​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះរាជ្យ​ដែល​កំពុង​តែ​មក​ដល់ គឺ​ព្រះរាជ្យ​របស់​ព្រះ​បាទ​ដាវីឌ ជា​បុព្វ‌បុរស​របស់​យើង! ហូសា‌ណា! នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!»។ ពេល​ព្រះ‌អង្គ​យាង​មក​ដល់​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​ចូល​ក្នុង​ព្រះ‌វិហារ។ ក្រោយ​ពី​បាន​ទត​មើល​ជុំ​វិញ​សព្វ​គ្រប់​ហើយ ព្រះ‌អង្គ​ក៏​យាង​ទៅ​ភូមិ​បេថា‌នី​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ដ្បិត​ល្ងាច​ណាស់​ហើយ។ នៅ​ថ្ងៃ​បន្ទាប់ ពេល​គេ​ចេញ​ពី​ភូមិ​បេថា‌នី ព្រះ‌អង្គ​ឃ្លាន។ ពេល​ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​ពី​ចម្ងាយ ដែល​មាន​ស្លឹក ព្រះ‌អង្គ​ក៏​យាង​ទៅ​មើល ក្រែង​រក​បាន​ផ្លែ​ខ្លះ។ កាល​ព្រះ‌អង្គ​យាង​ទៅ​ជិត ទ្រង់​ទត​ឃើញ​មាន​តែ​ស្លឹក​ប៉ុណ្ណោះ ព្រោះ​មិន​ទាន់​ដល់​រដូវ​ល្វា​ផ្លែ​នៅ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖ «សូម​កុំ​ឲ្យ​អ្នក​ណា​បរិ‌ភោគ​ផ្លែ​ពី​ឯង​ទៀត​ឡើយ»។ ពួក​សិស្ស​ព្រះ‌អង្គ​ក៏​ឮ។ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចាប់​ផ្ដើម​ដេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ទ្រង់​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅ​អី​របស់​ពួក​អ្នក​លក់​ព្រាប ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​លី​សែង​អ្វី​ឆ្លង​កាត់​ព្រះ‌វិហារ​ឡើយ។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​បង្រៀន​គេ​ថា៖ «តើ​គ្មាន​សេចក្តី​ចែង​ទុក​មក​ទេ​ឬ​ថា "ដំណាក់​របស់​យើង ត្រូវ​ហៅ​ថា​ជា​ដំណាក់ សម្រាប់​អស់​ទាំង​សាសន៍​អធិស្ឋាន ?" ប៉ុន្តែ អ្នក​រាល់​គ្នា​យក​ដំណាក់​នេះ ធ្វើ​ជា​រោង​ចោរ ទៅ​វិញ»។ ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឮ​ដូច្នេះ គេ​ក៏​រក​មធ្យោ​បាយ​ធ្វើ​គុត​ព្រះ‌អង្គ ដ្បិត​គេ​ខ្លាច​ព្រះ‌អង្គ ព្រោះ​បណ្តា​ជន​ទាំង​អស់​មាន​សេចក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ។ លុះ​ដល់​ល្ងាច ព្រះ‌អង្គ និង​ពួក​សិស្ស​ក៏​ចាក​ចេញ​ពី​ទី​ក្រុង។

អាន ម៉ាកុស 11