ម៉ាកុស 1:21-39

ម៉ាកុស 1:21-39 គកស១៦

ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ក្នុង​ក្រុង​កាពើ‌ណិម ហើយ​នៅ​ថ្ងៃ​សប្ប័ទ ព្រះ‌អង្គ​យាង​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ។ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​នឹង​សេចក្តី​បង្រៀន​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បង្រៀន​ពួក​គេ ដូច​ជា​អ្នក​ដែល​មាន​អំណាច មិន​ដូច​ជា​ពួក​អាចារ្យ​ទេ។ ពេល​នោះ នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ មាន​បុរស​ម្នាក់​មាន​វិញ្ញាណ‌អាក្រក់​ចូល វា​ស្រែក​ឡើង​ថា «ព្រះ‌យេស៊ូវ​ជា​អ្នក​ស្រុក​ណាសា‌រ៉ែត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូច​ម្តេច​ជា​មួយ​យើង? តើ​ព្រះ‌អង្គ​មក​បំផ្លាញ​យើង​ឬ? ខ្ញុំ​ស្គាល់​ហើយ ព្រះ‌អង្គ​ជា​អង្គ​បរិសុទ្ធ​របស់​ព្រះ»។ ព្រះ‌យេស៊ូវ​បន្ទោស​វា​ថា៖ «ចូរ​ស្ងៀម! ហើយ​ចេញ​ពី​អ្នក​នេះ​ទៅ!» វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ឲ្យ​បុរស​នោះ​ដួល​ប្រកាច់​ប្រកិន ហើយ​ស្រែក​យ៉ាង​ខ្លាំង រួច​ក៏​ចេញ​ទៅ។ គេ​ទាំង​អស់​គ្នា​មាន​សេចក្ដី​អស្ចារ្យ ហើយ​គេ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​ស្អី​ហ្នឹង? សេចក្តី​បង្រៀន​ថ្មី​នេះ​មាន​អំណាច​ម៉្លេះ! លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់ ហើយ​វា​ក៏​ស្តាប់​បង្គាប់​លោក»។ ភ្លាមនោះ ព្រះ‌កិត្តិនាម​របស់​ព្រះ‌អង្គ​ក៏​ចាប់​ផ្ដើម​ឮ​សុសសាយ​គ្រប់​ទី​កន្លែង ពាស​ពេញ​តំបន់​កាលី‌ឡេ​ទាំង​មូល។ កាល​ព្រះ‌អង្គ និង​ពួក​សិស្ស​ចេញ​ពី​សាលា​ប្រជុំ​ភ្លាម គេ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​ស៊ីម៉ូន និង​អនទ្រេ ហើយ​យ៉ាកុប និង​យ៉ូហាន​ក៏​ទៅ​ជា​មួយ​ដែរ។ ពេល​នោះ ម្តាយ​ក្មេក​របស់​ស៊ីម៉ូន កំពុង​តែ​ដេក​គ្រុន​នៅ​លើ​គ្រែ ហើយ​គេ​ក៏​ទូល​ព្រះ‌អង្គ​ភ្លាម​អំពី​គាត់។ ព្រះ‌អង្គ​យាង​ចូល​ទៅ​ជិត ហើយ​ចាប់​ដៃ​គាត់​ឲ្យ​ក្រោក​ឡើង។ ពេល​នោះ ស្រាប់​តែ​គ្រុន​ចេញ​បាត់​អស់​ទៅ រួច​គាត់​ក៏​ចាប់​ផ្ដើម​បម្រើ​ពួក​គេ។ ល្ងាច​នោះ នៅ​ពេល​ថ្ងៃ​លិច គេ​នាំ​អ្នក​ជំងឺ និង​មនុស្ស​អារក្ស​ចូល​ទាំង​អស់ មក​រក​ព្រះ‌អង្គ។ អ្នក​ក្រុង​នោះ​ទាំង​អស់​បាន​មក​ជួប​ជុំ​គ្នា​នៅ​មាត់​ទ្វារ ព្រះ‌អង្គ​ប្រោស​មនុស្ស​ដែល​មាន​ជំងឺ​រោគា​ផ្សេងៗ​ជា​ច្រើន​ឲ្យ​បាន​ជា ហើយ​ដេញ​អារក្ស​ជា​ច្រើន​ចេញ​ពី​មនុស្ស តែ​ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អារក្ស​ទាំង​នោះ​និយាយ​អ្វី​សោះ ព្រោះ​ពួក​វា​ស្គាល់​ព្រះ‌អង្គ។ ព្រឹក​ឡើង កាល​នៅ​ងងឹត​នៅ​ឡើយ ព្រះ‌អង្គ​តើន​ឡើង ហើយ​យាង​ចេញ​ទៅ​កាន់​ទី​ស្ងាត់ រួច​អធិស្ឋាន​នៅ​ទី​នោះ។ ស៊ីម៉ូន និង​ពួក​អ្នក​ដែល​នៅ​ជា​មួយ នាំ​គ្នា​តាម​រក​ព្រះ‌អង្គ។ លុះ​បាន​ឃើញ​ព្រះ‌អង្គ​ហើយ គេ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «មនុស្ស​គ្រប់​គ្នា​កំពុង​ស្វែង​រក​ព្រះ‌អង្គ»។ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​តប​ថា៖ «ចូរ​យើង​នាំ​គ្នា​ទៅ​ភូមិ​នានា​ដែល​នៅ​ជិត​នេះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នៅ​ទី​នោះ​ដែរ ដ្បិត​ដោយ​ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​មក»។ ព្រះ‌អង្គ​បាន​យាង​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ប្រាប់​នៅ​ក្នុង​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ដេញ​អារក្ស​ចេញ​ពី​មនុស្ស​ផង។

អាន ម៉ាកុស 1