ដ្បិតកូនប្រុសបង្អាប់ឪពុក ហើយកូនស្រីក៏ចចើងទាស់នឹងម្តាយ ឯកូនប្រសាស្រីទាស់ទទឹងនឹងម្តាយក្មេក ហើយខ្មាំងសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះរបស់អ្នកនោះឯង។ ឯចំណែកខ្លួនខ្ញុំ ខ្ញុំនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំ ព្រះអង្គនឹងស្តាប់ខ្ញុំ។ ឱខ្មាំងសត្រូវអើយ កុំឲ្យសប្បាយចិត្តពីដំណើរខ្ញុំឡើយ កាលណាខ្ញុំដួល នោះខ្ញុំនឹងក្រោកឡើងវិញ កាលណាខ្ញុំអង្គុយក្នុងទីងងឹត នោះព្រះយេហូវ៉ានឹងជាពន្លឺដល់ខ្ញុំ ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។ នៅថ្ងៃដែលកំផែងឯងនឹងបានសង់ឡើង ថ្ងៃនោះច្បាប់បង្គាប់នឹងឃ្លាតឆ្ងាយពីឯងទៅ នៅគ្រានោះ នឹងមានគេមកឯឯងពីស្រុកអាសស៊ើរ នឹងពីគ្រប់ទាំងទីក្រុងអេស៊ីព្ទ ហើយចាប់តាំងពីស្រុកអេស៊ីព្ទ រហូតដល់ទន្លេធំ និងពីសមុទ្រម្ខាងទៅដល់សមុទ្រម្ខាង ហើយពីភ្នំមួយទៅដល់ភ្នំមួយទៀត ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយា របស់ពួកអ្នកដែលអាស្រ័យនៅ។ សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។ យើងនឹងឲ្យគេឃើញការអស្ចារ្យ ដូចនៅគ្រាដែលឯងបានចេញពីស្រុកអេស៊ីព្ទមក អស់ទាំងសាសន៍នឹងឃើញ ហើយនឹងឡើងមុខស្លាំង ដោយព្រោះឥទ្ធិឫទ្ធិរបស់គេ ពួកទាំងនោះនឹងដាក់ដៃខ្ទប់មាត់ ហើយត្រចៀកគេនឹងត្រូវថ្លង់ទៅដែរ គេនឹងលិឍធូលីដីដូចជាពស់ គេនឹងញាប់ញ័រចេញពីទីមាំមួនរបស់គេ គឺដូចជាសត្វលូនវារនៅផែនដីចេញពីរន្ធ គេនឹងមកឯព្រះយេហូវ៉ាជាព្រះនៃយើង ដោយកោតខ្លាច ហើយនឹងភិតភ័យដោយព្រោះឯង។
អាន មីកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 7:6-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ