ម៉ាថាយ 9:27-38

ម៉ាថាយ 9:27-38 គកស១៦

ពេល​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​ដើរ​តាម​ព្រះ‌អង្គ​ទាំង​ស្រែក​ឡើង​ថា៖ «ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ ពេល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មនុស្ស​ខ្វាក់​ទាំង​ពីរ​នាក់​ក៏​ចូល​មក​ជិត​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​ជឿ​ថា ខ្ញុំ​អាច​នឹង​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ជឿ​ហើយ ព្រះ‌អម្ចាស់​អើយ»។ ពេល​នោះ ព្រះ‌អង្គ​ក៏​ពាល់​ភ្នែក​គេ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ ភ្នែក​របស់​គេ​ក៏​ភ្លឺ​ឡើង។ ព្រះ‌យេស៊ូវ​ហាម​ប្រាម​គេ​យ៉ាង​តឹង‌រ៉ឹង​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ដឹង​ការ​នេះ​ឡើយ»។ ប៉ុន្តែ គេ​ចេញ​ទៅ ហើយ​ផ្សព្វ‌ផ្សាយ​ឲ្យ​គេ​ដឹង​អំពី​ព្រះ‌អង្គ​ពាស‌ពេញ​ស្រុក​នោះ​ទាំង​មូល។ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ចេញ​ផុត​ទៅ មាន​គេ​នាំ​មនុស្ស​គ​ម្នាក់ ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ដេញ​អារក្ស​ចេញ​ហើយ មនុស្ស​គ​នោះ​ក៏​និយាយ​បាន ហើយ​មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ទាំង​ពោល​ថា៖ «នៅ​ស្រុក​អ៊ីស្រា‌អែល មិន​ដែល​ឃើញ​មាន​ការ​អស្ចារ្យ​ដូច្នេះ​សោះ»។ ប៉ុន្តែ ពួក​ផារិស៊ី​និយាយ​ថា៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ‌សារ​មេ​អារក្ស​ទេ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ទៅ​គ្រប់​ក្រុង គ្រប់​ភូមិ ទាំង​បង្រៀន​នៅ​តាម​សាលា​ប្រជុំ​របស់​គេ ព្រម​ទាំង​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះរាជ្យ ហើយ​ប្រោស​អស់​ទាំង​ជំងឺ​រោគា​គ្រប់​ប្រភេទ​ឲ្យ​បាន​ជា។ កាល​ព្រះ‌អង្គ​ទត​ឃើញ​មហា‌ជន ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត​ដល់​គេ ព្រោះ​គេ​ល្វើយ ហើយ​ខ្ចាត់​ខ្ចាយ ដូច​ចៀម​គ្មាន​គង្វាល។ ពេល​នោះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចម្រូត​ធំ​ណាស់ តែ​មាន​អ្នក​ច្រូត​តិច​ទេ។ ដូច្នេះ ចូរ​ទូល​សូម​ដល់​ព្រះ‌អម្ចាស់​នៃ​ចម្រូត ឲ្យ​ព្រះ‌អង្គ​ចាត់​ពួក​អ្នក​ច្រូត​មក​ក្នុង​ចម្រូត​របស់​ព្រះ‌អង្គ»។

អាន ម៉ាថាយ 9

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 9:27-38