កាលព្រះអង្គកំពុងតែមានព្រះបន្ទូលសេចក្តីទាំងនេះទៅគេ ស្រាប់តែមានមេដឹកនាំសាលាប្រជុំម្នាក់ ចូលមកក្រាបថ្វាយបង្គំព្រះអង្គទូលថា៖ «កូនស្រីរបស់ខ្ញុំបាទទើបនឹងស្លាប់អម្បាញ់មិញ សូមព្រះអង្គមេត្តាអញ្ជើញទៅដាក់ដៃលើនាង នោះនាងមុខជារស់ឡើងវិញមិនខាន»។ ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាមគាត់ ហើយពួកសិស្សក៏ទៅជាមួយដែរ។ រំពេចនោះ មានស្ត្រីម្នាក់ដែលកើតជំងឺធ្លាក់ឈាមអស់ដប់ពីរឆ្នាំមកហើយ នាងបានចូលមកពីក្រោយព្រះអង្គ ហើយពាល់ជាយព្រះពស្ត្រព្រះអង្គ ដ្បិតនាងគិតក្នុងចិត្តថា៖ «បើខ្ញុំគ្រាន់តែពាល់ជាយព្រះពស្ត្រព្រះអង្គ ខ្ញុំមុខជាបានជាមិនខាន»។ ព្រះយេស៊ូវបែរទៅក្រោយ ហើយឃើញនាង ក៏មានព្រះបន្ទូលថា៖ «កូនស្រីអើយ! ចូរសង្ឃឹមឡើង ជំនឿរបស់នាង បានធ្វើឲ្យនាងជាសះស្បើយហើយ»។ ស្ត្រីនោះក៏បានជាសះស្បើយភ្លាមមួយរំពេច។ ពេលព្រះយេស៊ូវយាងចូលទៅក្នុងផ្ទះមេដឹកនាំសាលាប្រជុំនោះ ហើយទតឃើញពួកអ្នកផ្លុំខ្លុយ និងមនុស្សម្នាជាច្រើនកំពុងច្រួលច្របល់ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «នាំគ្នាចេញទៅ! ដ្បិតក្មេងស្រីនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ»។ គេក៏សើចចំអកដាក់ព្រះអង្គ។ កាលបណ្តេញមនុស្សទាំងនោះឲ្យចេញក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។ ដំណឹងនោះក៏លេចឮខ្ចរខ្ចាយពាសពេញស្រុកនោះទាំងមូល។ ពេលព្រះយេស៊ូវយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់ដើរតាមព្រះអង្គទាំងស្រែកឡើងថា៖ «ព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។ ពេលព្រះអង្គយាងចូលទៅក្នុងផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ក៏ចូលមកជិតព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ?» គេទូលព្រះអង្គថា៖ «យើងខ្ញុំជឿហើយ ព្រះអម្ចាស់អើយ»។ ពេលនោះ ព្រះអង្គក៏ពាល់ភ្នែកគេ ទាំងមានព្រះបន្ទូលថា៖ «ចូរឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។ ភ្នែករបស់គេក៏ភ្លឺឡើង។ ព្រះយេស៊ូវហាមប្រាមគេយ៉ាងតឹងរ៉ឹងថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាដឹងការនេះឡើយ»។ ប៉ុន្តែ គេចេញទៅ ហើយផ្សព្វផ្សាយឲ្យគេដឹងអំពីព្រះអង្គពាសពេញស្រុកនោះទាំងមូល។ ក្រោយពេលអ្នកទាំងពីរចេញផុតទៅ មានគេនាំមនុស្សគម្នាក់ ដែលមានអារក្សចូលមករកព្រះអង្គ។ ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។ ប៉ុន្តែ ពួកផារិស៊ីនិយាយថា៖ «អ្នកនេះដេញអារក្ស ដោយសារមេអារក្សទេ»។ បន្ទាប់មក ព្រះយេស៊ូវយាងទៅគ្រប់ក្រុង គ្រប់ភូមិ ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ព្រមទាំងប្រកាសដំណឹងល្អអំពីព្រះរាជ្យ ហើយប្រោសអស់ទាំងជំងឺរោគាគ្រប់ប្រភេទឲ្យបានជា។ កាលព្រះអង្គទតឃើញមហាជន ព្រះអង្គមានព្រះហឫទ័យក្តួលអាណិតដល់គេ ព្រោះគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចចៀមគ្មានគង្វាល។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា៖ «ចម្រូតធំណាស់ តែមានអ្នកច្រូតតិចទេ។ ដូច្នេះ ចូរទូលសូមដល់ព្រះអម្ចាស់នៃចម្រូត ឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
អាន ម៉ាថាយ 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 9:18-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ