ម៉ាថាយ 8:1-17

ម៉ាថាយ 8:1-17 គកស១៦

កាល​ព្រះ‌យេស៊ូវ​យាង​ចុះ​ពី​ភ្នំ​វិញ មាន​មហា‌ជន​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ។ ពេល​នោះ មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រោស​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ជា​ស្អាត»។ ព្រះ‌អង្គ​ក៏​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​គាត់ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​យល់​ព្រម ចូរ​ឲ្យ​បាន​ជា​ស្អាត​ចុះ!» រំពេច​នោះ គាត់​ក៏​បាន​ជា​ស្អាត​ពី​រោគ​ឃ្លង់​ភ្លាម។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​វិញ ហើយ​ថ្វាយ​តង្វាយ​តាម​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​មក ទុក​ជា​បន្ទាល់​ដល់​លោក​ទាំង​នោះ»។ ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ក្រុង​កាពើណិម មាន​មេ​ទ័ព​រ៉ូម​ម្នាក់​ចូល​មក​គាល់​ព្រះ‌អង្គ​ទាំង​ទូល​អង្វរ​ថា៖ «ព្រះ‌អម្ចាស់​អើយ! អ្នក​បម្រើ​របស់​ទូល‌បង្គំ ដេក​ស្លាប់​ដៃ​ស្លាប់​ជើង​នៅ​ឯ​ផ្ទះ វេទនា​ខ្លាំង​ណាស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»។ មេ​ទ័ព​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​មិន​សម​នឹង​ទទួល​ព្រះ‌អង្គ​នៅ​ក្នុង​ផ្ទះ​ទូល‌បង្គំ​ទេ សូម​គ្រាន់​តែ​មាន​ព្រះ‌បន្ទូល​មួយ​ព្រះ‌ឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​នឹង​បាន​ជា​ហើយ។ ដ្បិត​ទូល‌បង្គំ​ជា​មនុស្ស​នៅ​ក្រោម​បញ្ជា​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​បញ្ជា​ទូល‌បង្គំ បើ​ទូល‌បង្គំ​បញ្ជា​ទៅ​ម្នាក់​ថា "ទៅ" គេ​ក៏​ទៅ ហើយ​បញ្ជា​ទៅ​ម្នាក់​ទៀត​ថា "មក" គេ​ក៏​មក។ ពេល​ទូល‌បង្គំ​បញ្ជា​ទៅ​អ្នក​បម្រើ​របស់​ទូល‌បង្គំ​ថា "ធ្វើ​ការ​នេះ" នោះ​គេ​ក៏​ធ្វើ​តាម»។ កាល​ព្រះ‌យេស៊ូវ​ឮ​ដូច្នោះ ទ្រង់​មាន​សេចក្តី​អស្ចារ្យ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​ដើរ​តាម​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ខ្ញុំ​មិន​ដែល​ឃើញ​អ្នក​ណា​មាន​ជំនឿ​ដូច្នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត និង​ទិស​ខាង​លិច មក​អង្គុយ​បរិ‌ភោគ​ជា​មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប នៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ ប៉ុន្តែ អស់​អ្នក​ដែល​ត្រូវ​ទទួល​ព្រះរាជ្យ បែរ​ជា​ត្រូវ​បោះ​ទៅ​ក្នុង​សេចក្តី​ងងឹត​ខាង​ក្រៅ ដែល​នៅ​ទី​នោះ​នឹង​យំ​សោក ហើយ​សង្កៀត​ធ្មេញ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​មេ​ទ័ព​នោះ​ថា៖ «ទៅ​ចុះ ចូរ​ឲ្យ​បាន​សម្រេច​តាម​ជំនឿ​របស់​អ្នក​ចុះ»។ អ្នក​បម្រើ​នោះ​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។ ពេល​ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ពេត្រុស ព្រះ‌អង្គ​ទត​ឃើញ​ម្តាយ​ក្មេក​របស់​គាត់​កំពុង​ដេក​គ្រុន​នៅ​លើ​គ្រែ។ ព្រះ‌អង្គ​ពាល់​ដៃ​របស់​គាត់ នោះ​គាត់​ក៏​បាត់​គ្រុន ហើយ​ក្រោក​ឡើង​បម្រើ​ព្រះ‌អង្គ។ នៅ​ល្ងាច​នោះ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ‌បន្ទូល ហើយ​ប្រោស​អ្នក​ជំងឺ​ទាំង​អស់​ឲ្យ​បាន​ជា​គ្រប់​គ្នា។ ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​សេចក្តី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​អេសាយ​ថា៖ «ព្រះ‌អង្គ​បាន​ទទួល​យក​ភាព​ពិការ​របស់​យើង ហើយ​ក៏​ផ្ទុក​ជំងឺ​របស់​យើង​ដែរ» ។

អាន ម៉ាថាយ 8