«អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំសម្លាប់មនុស្សឲ្យសោះ អ្នកណាសម្លាប់មនុស្ស នោះនឹងត្រូវជាប់ជំនុំជម្រះ"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នកណាខឹងនឹងបងប្អូន នោះនឹងត្រូវជាប់ជំនុំជម្រះ ហើយអ្នកណាជេរប្រមាថបងប្អូនថា "អាចោលម្សៀត" នោះនឹងត្រូវគេនាំទៅជួបក្រុមប្រឹក្សា ហើយបើអ្នកណាថា "អាឆ្កួត" នោះនឹងត្រូវធ្លាក់ទៅក្នុងភ្លើងនរក។ ដូច្នេះ កាលណាអ្នកយកតង្វាយមកថ្វាយនៅនឹងអាសនា ហើយនៅទីនោះ អ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក នោះត្រូវទុកតង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅជានានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយតង្វាយរបស់អ្នក។ ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនឹងចេញពីទីនោះមិនរួចឡើយ រហូតទាល់តែអ្នកសងគេគ្រប់ចំនួន ឥតខ្វះមួយសេន»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "កុំប្រព្រឹត្តអំពើផិតក្បត់" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។ ប្រសិនបើភ្នែកស្តាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលត្រូវបោះទៅក្នុងនរក។ ប្រសិនបើដៃស្ដាំរបស់អ្នក នាំឲ្យអ្នកប្រព្រឹត្តអំពើបាប ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតដែលបាត់បង់អវយវៈណាមួយ នោះប្រសើរជាងរូបកាយទាំងមូលធ្លាក់នរក»។ «មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាលែងប្រពន្ធ អ្នកនោះត្រូវធ្វើសំបុត្រលែងលះឲ្យនាង ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធដែលពុំបានផិតក្បត់ នោះនាំឲ្យនាងប្រព្រឹត្តអំពើផិតក្បត់ហើយ ហើយអ្នកណារៀបការនឹងស្ត្រីប្តីលែង អ្នកនោះក៏ប្រព្រឹត្តអំពើផិតក្បត់ដែរ»។ «មួយទៀត អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងប្រាប់ដល់មនុស្សពីបុរាណថា "កុំស្បថកុហកឲ្យសោះ ប៉ុន្តែ ត្រូវធ្វើតាមសម្បថ ដែលអ្នកបានស្បថនឹងព្រះអម្ចាស់" ។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ ទោះជាស្បថនឹងស្ថានសួគ៌ក្តី ព្រោះស្ថានសួគ៌ជាបល្ល័ង្ករបស់ព្រះ ឬស្បថនឹងផែនដីក្តី ព្រោះផែនដីជាកំណល់កល់ព្រះបាទាព្រះអង្គ ទោះជាស្បថនឹងក្រុងយេរូសាឡិមក្តី ព្រោះយេរូសាឡិមជាក្រុងរបស់ស្តេចដ៏ធំ។ កុំស្បថនឹងក្បាលរបស់អ្នក ដ្បិតអ្នកមិនអាចធ្វើឲ្យសក់មួយសរសៃទៅជាស ឬជាខ្មៅបានឡើយ ត្រូវឲ្យពាក្យរបស់អ្នក មែនគឺមែន ទេគឺទេ សេចក្តីណាដែលលើសពីនេះ សុទ្ធតែមកពីអាកំណាចទាំងអស់»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ភ្នែកឲ្យសមនឹងភ្នែក ហើយធ្មេញឲ្យសមនឹងធ្មេញ" ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំតបតនឹងមនុស្សអាក្រក់ឡើយ ប្រសិនបើអ្នកណាទះកំផ្លៀងស្តាំរបស់អ្នក ចូរបែរឲ្យគេទះម្ខាងទៀតទៅ ហើយបើអ្នកណាចង់ប្តឹងយកអាវខ្លីរបស់អ្នក ចូរឲ្យគេយកអាវវែងរបស់អ្នកទៅផង។ បើអ្នកណាបង្ខំឲ្យអ្នកធ្វើដំណើរមួយយោជន៍ ចូរទៅជាមួយគេពីរយោជន៍ចុះ។ ចូរឲ្យដល់អ្នកណាដែលសុំ ហើយកុំប្រកែកនឹងអ្នកណាដែលចង់ខ្ចីអ្វីមួយពីអ្នកឡើយ»។ «អ្នករាល់គ្នាបានឮសេចក្តីដែលថ្លែងទុកមកថា "ចូរស្រឡាញ់អ្នកជិតខាងរបស់អ្នក ហើយស្អប់ខ្មាំងសត្រូវរបស់អ្នក"។ ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នករាល់គ្នាបានធ្វើជាកូនរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ដ្បិតព្រះអង្គធ្វើឲ្យថ្ងៃរបស់ព្រះអង្គរះបំភ្លឺទាំងមនុស្សអាក្រក់ និងមនុស្សល្អ ហើយព្រះអង្គបង្អុរភ្លៀងធ្លាក់មកលើទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា តើអ្នករាល់គ្នានឹងមានរង្វាន់អ្វី? សូម្បីតែពួកអ្នកទារពន្ធ តើមិនប្រព្រឹត្តដូច្នោះទេឬ? បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ? ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ»។
អាន ម៉ាថាយ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 5:21-48
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ