ម៉ាថាយ 27:45-56

ម៉ាថាយ 27:45-56 គកស១៦

តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល ហើយ​ប្រហែល​ជា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មាន​ន័យ​ថា «ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ?» ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ដូច្នោះ ក៏​ពោល​ថា៖ «វា​ស្រែក​រក​លោក​អេលីយ៉ា​ហើយ!» រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ ក្រែង​លោក​អេលីយ៉ា​មក​សង្គ្រោះ​វា!»។ ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។ នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា ផ្នូរ​របើក​ឡើង ហើយ​សាក‌សព​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។ ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!» នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​ឈរ​មើល​ពី​ចម្ងាយ ស្ត្រី​ទាំង​នោះ​តាម​បម្រើ​ព្រះ‌យេស៊ូវ​តាំង​ពី​ស្រុក​កាលីឡេ​មក។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ម្តាយ​របស់​ពួក​កូន​ប្រុស​លោក​សេបេដេ។

អាន ម៉ាថាយ 27

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 27:45-56