ម៉ាថាយ 27:32-66

ម៉ាថាយ 27:32-66 គកស១៦

ពេល​ចេញ​ទៅ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់ ជា​អ្នក​ស្រុក​គីរេន ឈ្មោះ​ស៊ីម៉ូន គេ​ក៏​បង្ខំ​បុរស​នេះ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ‌អង្គ។ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។ ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»] រួច​គេ​អង្គុយ​ចាំ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។ គេ​បិទ​ប្រកាស​ពី​ទោស​ចោទ​ប្រកាន់​ព្រះ‌អង្គ​ដាក់​ពី​លើ​ព្រះ‌សិរ​ព្រះ‌អង្គ​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»។ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ​ដែរ ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង។ អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា៖ «អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន សូម​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ គេ​ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​បែប​ដូច្នោះ​ដែរ ដោយ​ពោល​ថា៖ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ បើ​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក ដើម្បី​ឲ្យ​យើង​ជឿ​ដល់​វា​ផង! វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។ ចោរ​ពីរ​នាក់​ដែល​គេ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។ តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល មេឃ​ងងឹត​គ្រប​ដណ្ដប់​លើ​ទឹក​ដី​នោះ​ទាំង​មូល ហើយ​ប្រហែល​ជា​ម៉ោង​បី ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មាន​ន័យ​ថា «ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ?» ពេល​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទី​នោះ​ឮ​ដូច្នោះ ក៏​ពោល​ថា៖ «វា​ស្រែក​រក​លោក​អេលីយ៉ា​ហើយ!» រំពេច​នោះ​មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ ហើយ​រុំ​នឹង​ដើម​ត្រែង ហុច​ឲ្យ​ព្រះ‌អង្គ​សោយ។ ប៉ុន្តែ អ្នក​ឯ​ទៀត​និយាយ​ថា៖ «ឈប់​សិន ចាំ​មើល​មើល៍ ក្រែង​លោក​អេលីយ៉ា​មក​សង្គ្រោះ​វា!»។ ព្រះ‌យេស៊ូវ​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ម្តង​ទៀត រួច​ក៏​ផុត​ដង្ហើម​ទៅ។ នៅ​វេលា​នោះ វាំង‌នន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ញ័រ​រញ្ជួយ ហើយ​ថ្ម​ប្រេះ​ចេញ​ពី​គ្នា ផ្នូរ​របើក​ឡើង ហើយ​សាក‌សព​របស់​ពួក​បរិសុទ្ធ​ជា​ច្រើន ដែល​ដេក​លក់​ទៅ​ហើយ បាន​រស់​ឡើង​វិញ ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។ ពេល​មេ​ទ័ព និង​ពួក​ទាហាន​ដែល​នៅ​ចាំ​យាម​ព្រះ‌យេស៊ូវ​ជា​មួយ​លោក ឃើញ​ផែនដី​រញ្ជួយ និង​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នោះ គេ​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​ពោល​ថា៖ «អ្នក​នេះ​ពិត​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​មែន!» នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​ឈរ​មើល​ពី​ចម្ងាយ ស្ត្រី​ទាំង​នោះ​តាម​បម្រើ​ព្រះ‌យេស៊ូវ​តាំង​ពី​ស្រុក​កាលីឡេ​មក។ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នាង​ម៉ារា ជា​ម្តាយ​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ម្តាយ​របស់​ពួក​កូន​ប្រុស​លោក​សេបេដេ។ លុះ​ដល់​ល្ងាច មាន​បុរស​អ្នក​មាន​ម្នាក់​មក​ពី​ភូមិ​អើរីម៉ាថេ ឈ្មោះ​យ៉ូសែប បាន​មក​ដល់។ គាត់​ក៏​ជា​សិស្ស​ម្នាក់​របស់​ព្រះ‌យេស៊ូវ​ដែរ។ គាត់​បាន​ចូល​ទៅ​ជួប​លោក​ពីឡាត់ ហើយ​សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូវ។ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​ព្រះ‌សព​ដល់​គាត់។ យ៉ូសែប​បាន​យក​ព្រះ‌សព​មក ហើយ​រុំ​នឹង​ក្រណាត់​ទេស‌ឯក​យ៉ាង​ស្អាត រួច​ដាក់​ព្រះ‌សព​នៅ​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​ផ្នូរ​ដែល​គាត់​បាន​ដាប់​ក្នុង​ថ្ម។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ផ្ទាំង​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចេញ​ទៅ។ នាង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​នាង​ម៉ារា​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ អង្គុយ​ទល់​មុខ​ផ្នូរ។ នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ថ្ងៃ​រៀបចំ​បុណ្យ ពួក​សង្គ្រាជ និង​ពួក​ផារិស៊ី​បាន​មក​ជួប​ជុំ​គ្នា នៅ​ចំពោះ​លោក​ពីឡាត់ ហើយ​ជម្រាប​ថា៖ «លោក យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​ជន​បោក​ប្រាស់​នោះនិយាយ កាល​វា​នៅ​រស់​នៅ​ឡើយ​ថា "បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​រស់​ឡើង​វិញ"។ ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ​រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​ពួក​សិស្ស​របស់​វា​ទៅ​លួច​យក​សព​របស់​វា​ទាំង​យប់ ហើយ​ប្រាប់​ប្រជា‌ជន​ថា "វា​រស់​ពី​ស្លាប់​ឡើង​វិញ" ហើយ​ការ​បោក​ប្រាស់​លើក​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ក្រុម​ទាហាន​ការពារ​ស្រាប់​ហើយ សូម​ទៅ​ការពារ​ឲ្យ​មាន​សុវត្ថិ‌ភាព តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។ ដូច្នេះ គេ​ក៏​ទៅ ហើយ​បិទ​ផ្នូរ​ចំណាំ រួច​ដាក់​ទាហាន​ឲ្យ​យាម​ការពារ។

អាន ម៉ាថាយ 27