ពេលនោះ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលទ័ពទាំងអស់មកចោមរោមព្រះអង្គ។ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!» គេស្តោះដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិរព្រះអង្គ។ ក្រោយពីបានចំអកមើលងាយព្រះអង្គរួចហើយ គេក៏ដោះអាវវែងនោះចេញ ហើយយកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់វិញ រួចនាំព្រះអង្គចេញទៅឆ្កាង។ ពេលចេញទៅ គេប្រទះឃើញបុរសម្នាក់ ជាអ្នកស្រុកគីរេន ឈ្មោះស៊ីម៉ូន គេក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងព្រះអង្គ។ លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយទឹកប្រមាត់ មកថ្វាយព្រះអង្គសោយ តែពេលព្រះអង្គភ្លក់មើល ព្រះអង្គមិនព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្ត្រព្រះអង្គទៅចាប់ឆ្នោតចែកគ្នា [ដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ»] រួចគេអង្គុយចាំយាមព្រះអង្គនៅទីនោះ។ គេបិទប្រកាសពីទោសចោទប្រកាន់ព្រះអង្គដាក់ពីលើព្រះសិរព្រះអង្គថា៖ «អ្នកនេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»។ ពេលនោះ គេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គដែរ ម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង។ អស់អ្នកដែលដើរតាមទីនោះ គេប្រមាថមើលងាយព្រះអង្គទាំងគ្រវីក្បាល ហើយនិយាយថា៖ «អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមចុះពីឈើឆ្កាងមក»។ ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកមើលងាយព្រះអង្គបែបដូច្នោះដែរ ដោយពោលថា៖ «វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង! វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។ ចោរពីរនាក់ដែលគេឆ្កាងជាមួយព្រះអង្គក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។
អាន ម៉ាថាយ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 27:27-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ