ម៉ាថាយ 27:27-44

ម៉ាថាយ 27:27-44 គកស១៦

ពេល​នោះ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូវ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ប្រមូល​ទ័ព​ទាំង​អស់​មក​ចោម​រោម​ព្រះ‌អង្គ។ គេ​ដោះ​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​វែង​ពណ៌​ក្រហម​មក​បំពាក់​លើ​ព្រះ‌អង្គ គេ​ក្រង​បន្លា​ធ្វើ​ជា​មកុដ​មក​បំពាក់​លើ​ព្រះ‌សិរ​របស់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​ដាក់​ក្នុង​ព្រះ‌ហស្ត​ស្តាំ​ឲ្យ​ព្រះ‌អង្គ​កាន់ រួច​គេ​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ​ទាំង​ពោល​ចំអក​ថា៖ «សូម​ក្រាប​ថ្វាយ‌បង្គំ​ស្តេច​សាសន៍​យូដា!» គេ​ស្តោះ​ដាក់​ព្រះ‌អង្គ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរ​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ចំអក​មើល​ងាយ​ព្រះ‌អង្គ​រួច​ហើយ គេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ ហើយ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​វិញ រួច​នាំ​ព្រះ‌អង្គ​ចេញ​ទៅ​ឆ្កាង។ ពេល​ចេញ​ទៅ គេ​ប្រទះ​ឃើញ​បុរស​ម្នាក់ ជា​អ្នក​ស្រុក​គីរេន ឈ្មោះ​ស៊ីម៉ូន គេ​ក៏​បង្ខំ​បុរស​នេះ​ឲ្យ​លី​ឈើ​ឆ្កាង​ព្រះ‌អង្គ។ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «គាល់‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» គេ​យក​ស្រា​ទំពាំង​បាយ​ជូរ​លាយ​ជា​មួយ​ទឹក​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ តែ​ពេល​ព្រះ‌អង្គ​ភ្លក់​មើល ព្រះ‌អង្គ​មិន​ព្រម​សោយ​ទេ។ ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​ហើយ គេ​យក​ព្រះ‌ពស្ត្រ​ព្រះ‌អង្គ​ទៅ​ចាប់​ឆ្នោត​ចែក​គ្នា [ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​មក តាម​រយៈ​ហោរា​ថា៖ «គេ​យក​សម្លៀក‌បំពាក់​ខ្ញុំ​ចែក​គ្នា ហើយ​គេ​ចាប់​ឆ្នោត​យក​សម្លៀក​បំពាក់​ខ្ញុំ»] រួច​គេ​អង្គុយ​ចាំ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។ គេ​បិទ​ប្រកាស​ពី​ទោស​ចោទ​ប្រកាន់​ព្រះ‌អង្គ​ដាក់​ពី​លើ​ព្រះ‌សិរ​ព្រះ‌អង្គ​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូវ ជា​ស្តេច​សាសន៍​យូដា»។ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ពីរ​នាក់​ជា​មួយ​ព្រះ‌អង្គ​ដែរ ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង។ អស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ គេ​ប្រមាថ​មើល​ងាយ​ព្រះ‌អង្គ​ទាំង​គ្រវី​ក្បាល ហើយ​និយាយ​ថា៖ «អ្នក​បំផ្លាញ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន សូម​ចុះ​ពី​ឈើ​ឆ្កាង​មក»។ ពួក​សង្គ្រាជ ព្រម​ទាំង​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ គេ​ក៏​ចំអក​មើល​ងាយ​ព្រះ‌អង្គ​បែប​ដូច្នោះ​ដែរ ដោយ​ពោល​ថា៖ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ បើ​វា​ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​មែន ចូរ​ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​មក ដើម្បី​ឲ្យ​យើង​ជឿ​ដល់​វា​ផង! វា​ទុក​ចិត្ត​ដល់​ព្រះ សូម​ឲ្យ​ព្រះ​រំដោះ​វា​ឥឡូវ​ចុះ ប្រសិន‌បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វា! ដ្បិត​វា​ពោល​ថា "ខ្ញុំ​ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ"»។ ចោរ​ពីរ​នាក់​ដែល​គេ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។

អាន ម៉ាថាយ 27

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 27:27-44