លុះព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនទាំងអស់ ពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវដើម្បីធ្វើគុតព្រះអង្គ គេចងព្រះអង្គនាំទៅប្រគល់ឲ្យលោកពីឡាត់ ជាទេសាភិបាល។ កាលយូដាស ជាអ្នកក្បត់ព្រះអង្គឃើញថាព្រះអង្គជាប់ទោស គាត់សោកស្តាយជាខ្លាំង ហើយយកប្រាក់កាក់សាមសិបស្លឹង ទៅប្រគល់ឲ្យពួកសង្គ្រាជ និងពួកចាស់ទុំវិញ ដោយពោលថា៖ «ខ្ញុំបានធ្វើបាប ព្រោះខ្ញុំបានក្បត់នឹងឈាមដែលឥតទោស»។ គេឆ្លើយថា៖ «តើរឿងនេះទាក់ទងអ្វីដល់យើង? នេះជារឿងរបស់អ្នកឯងទេតើ!»។ គាត់ក៏បោះប្រាក់កាក់នោះទៅក្នុងព្រះវិហារ ហើយចេញទៅក្រៅ រួចចងកសម្លាប់ខ្លួន។ ពួកសង្គ្រាជរើសប្រាក់កាក់នោះ ហើយពោលថា៖ «ប្រាក់កាក់នេះគ្មានច្បាប់នឹងទុកក្នុងហិបតង្វាយទេ ព្រោះជាប្រាក់បង់ថ្លៃឈាម ។» ក្រោយពីបានពិគ្រោះគ្នាហើយ គេក៏យកប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ទុកធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ។ ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតដល់សព្វថ្ងៃ។ ហេតុការណ៍នេះក៏បានសម្រេចសេចក្ដីដែលបានថ្លែងទុកមកតាមរយៈហោរាយេរេមាថា៖ «គេបានយកប្រាក់កាក់សាមសិបស្លឹង ជាតម្លៃព្រះអង្គដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ ហើយគេឲ្យប្រាក់នោះទៅទិញចម្ការរបស់ជាងស្មូន ដូចព្រះអម្ចាស់បានបង្គាប់ខ្ញុំ» ។ នៅវេលានេះ ព្រះយេស៊ូវឈរនៅមុខលោកទេសាភិបាល ហើយលោកទេសាភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្តេចរបស់សាសន៍យូដាឬ?» ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ នោះព្រះអង្គមិនបានឆ្លើយអ្វីសោះ។ ពេលនោះ លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកមិនឮសេចក្ដីទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?» ព្រះយេស៊ូវពុំបានមានព្រះបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ ជាហេតុធ្វើឲ្យលោកទេសាភិបាលឆ្ងល់ជាខ្លាំង។ នៅឱកាសបុណ្យនោះ លោកទេសាភិបាលតែងមានទម្លាប់ដោះលែងអ្នកទោសម្នាក់ តាមសំណូមពររបស់បណ្ដាជន។ នៅពេលនោះ គេមានអ្នកទោសល្បីម្នាក់ ឈ្មោះបារ៉ាបាស។ ដូច្នេះ កាលគេបានជួបជុំគ្នាហើយ លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា បារ៉ាបាស ឬយេស៊ូវ ហៅព្រះគ្រីស្ទ?» ដ្បិតលោកជ្រាបថា គេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។ កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។ តែពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាបញ្ចុះបញ្ចូលមហាជន ឲ្យសុំដោះលែងបារ៉ាបាស ហើយសម្លាប់ព្រះយេស៊ូវ។ លោកទេសាភិបាលមានប្រសាសន៍ទៅគេម្ដងទៀតថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំលែងអ្នកណាឲ្យអ្នករាល់គ្នា?» គេឆ្លើយថា៖ «បារ៉ាបាស»។ លោកពីឡាត់សួរគេថា៖ «ដូច្នេះ តើឲ្យខ្ញុំធ្វើដូចម្តេចជាមួយយេស៊ូវ ហៅព្រះគ្រីស្ទនេះ?» គេទាំងអស់គ្នាឆ្លើយថា៖ «ឆ្កាងវាទៅ!» លោកពីឡាត់សួរថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអំពើអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»។ កាលលោកពីឡាត់ឃើញថា លោកមិនអាចធ្វើអ្វីទៀតបាន ហើយថែមទាំងចាប់ផ្ដើមមានចលាចលកាន់តែខ្លាំងឡើងផង លោកក៏យកទឹកមកលាងដៃនៅមុខបណ្តាជន ទាំងមានប្រសាសន៍ថា៖ «ខ្ញុំគ្មានទោសដោយសារឈាមរបស់អ្នកនេះទេ អ្នករាល់គ្នាទទួលខុសត្រូវខ្លួនឯងចុះ»។ បណ្តាជនទាំងអស់គ្នាឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់វាធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»។ ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។ ពេលនោះ ពួកទាហានរបស់លោកទេសាភិបាលនាំព្រះយេស៊ូវទៅក្នុងទីធ្លាបន្ទាយ ហើយប្រមូលទ័ពទាំងអស់មកចោមរោមព្រះអង្គ។ គេដោះព្រះពស្ត្រព្រះអង្គចេញ ហើយយកអាវវែងពណ៌ក្រហមមកបំពាក់លើព្រះអង្គ គេក្រងបន្លាធ្វើជាមកុដមកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយយកដើមត្រែងដាក់ក្នុងព្រះហស្តស្តាំឲ្យព្រះអង្គកាន់ រួចគេលុតជង្គង់នៅមុខព្រះអង្គទាំងពោលចំអកថា៖ «សូមក្រាបថ្វាយបង្គំស្តេចសាសន៍យូដា!» គេស្តោះដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិរព្រះអង្គ។ ក្រោយពីបានចំអកមើលងាយព្រះអង្គរួចហើយ គេក៏ដោះអាវវែងនោះចេញ ហើយយកព្រះពស្ត្ររបស់ព្រះអង្គមកបំពាក់វិញ រួចនាំព្រះអង្គចេញទៅឆ្កាង។ ពេលចេញទៅ គេប្រទះឃើញបុរសម្នាក់ ជាអ្នកស្រុកគីរេន ឈ្មោះស៊ីម៉ូន គេក៏បង្ខំបុរសនេះឲ្យលីឈើឆ្កាងព្រះអង្គ។ លុះមកដល់កន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល» គេយកស្រាទំពាំងបាយជូរលាយជាមួយទឹកប្រមាត់ មកថ្វាយព្រះអង្គសោយ តែពេលព្រះអង្គភ្លក់មើល ព្រះអង្គមិនព្រមសោយទេ។ ក្រោយពីឆ្កាងព្រះអង្គហើយ គេយកព្រះពស្ត្រព្រះអង្គទៅចាប់ឆ្នោតចែកគ្នា [ដើម្បីឲ្យបានសម្រេចសេចក្ដីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «គេយកសម្លៀកបំពាក់ខ្ញុំចែកគ្នា ហើយគេចាប់ឆ្នោតយកសម្លៀកបំពាក់ខ្ញុំ»] រួចគេអង្គុយចាំយាមព្រះអង្គនៅទីនោះ។ គេបិទប្រកាសពីទោសចោទប្រកាន់ព្រះអង្គដាក់ពីលើព្រះសិរព្រះអង្គថា៖ «អ្នកនេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា»។ ពេលនោះ គេបានឆ្កាងចោរពីរនាក់ជាមួយព្រះអង្គដែរ ម្នាក់នៅខាងស្តាំ ហើយម្នាក់នៅខាងឆ្វេង។ អស់អ្នកដែលដើរតាមទីនោះ គេប្រមាថមើលងាយព្រះអង្គទាំងគ្រវីក្បាល ហើយនិយាយថា៖ «អ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! ចូរសង្គ្រោះខ្លួនឯងទៅ! បើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមចុះពីឈើឆ្កាងមក»។ ពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ និងពួកចាស់ទុំ គេក៏ចំអកមើលងាយព្រះអង្គបែបដូច្នោះដែរ ដោយពោលថា៖ «វាសង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ បើវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក ដើម្បីឲ្យយើងជឿដល់វាផង! វាទុកចិត្តដល់ព្រះ សូមឲ្យព្រះរំដោះវាឥឡូវចុះ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងវា! ដ្បិតវាពោលថា "ខ្ញុំជាព្រះរាជបុត្រារបស់ព្រះ"»។ ចោរពីរនាក់ដែលគេឆ្កាងជាមួយព្រះអង្គក៏ជេរប្រមាថព្រះអង្គដូច្នោះដែរ។ តាំងពីថ្ងៃត្រង់រហូតដល់ម៉ោងបីរសៀល មេឃងងឹតគ្របដណ្ដប់លើទឹកដីនោះទាំងមូល ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?» ពេលអ្នកខ្លះដែលឈរនៅទីនោះឮដូច្នោះ ក៏ពោលថា៖ «វាស្រែករកលោកអេលីយ៉ាហើយ!» រំពេចនោះមានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះ ហើយរុំនឹងដើមត្រែង ហុចឲ្យព្រះអង្គសោយ។ ប៉ុន្តែ អ្នកឯទៀតនិយាយថា៖ «ឈប់សិន ចាំមើលមើល៍ ក្រែងលោកអេលីយ៉ាមកសង្គ្រោះវា!»។ ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងម្តងទៀត រួចក៏ផុតដង្ហើមទៅ។ នៅវេលានោះ វាំងនននៅក្នុងព្រះវិហាររហែកជាពីរ តាំងពីលើចុះដល់ក្រោម ផែនដីញ័ររញ្ជួយ ហើយថ្មប្រេះចេញពីគ្នា ផ្នូររបើកឡើង ហើយសាកសពរបស់ពួកបរិសុទ្ធជាច្រើន ដែលដេកលក់ទៅហើយ បានរស់ឡើងវិញ ហើយចេញពីផ្នូរ។ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងទីក្រុងបរិសុទ្ធ ហើយបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញ។ ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!» នៅទីនោះ មានស្ត្រីជាច្រើនឈរមើលពីចម្ងាយ ស្ត្រីទាំងនោះតាមបម្រើព្រះយេស៊ូវតាំងពីស្រុកកាលីឡេមក។ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារា ជាម្តាយយ៉ាកុប និងយ៉ូសែប ព្រមទាំងម្តាយរបស់ពួកកូនប្រុសលោកសេបេដេ។
អាន ម៉ាថាយ 27
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 27:1-56
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ