ម៉ាថាយ 26:36-46

ម៉ាថាយ 26:36-46 គកស១៦

ពេល​នោះ ព្រះ‌យេស៊ូវ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ នៅ​ពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទី​នោះ»។ ព្រះ‌អង្គ​យក​ពេត្រុស និង​កូន​របស់​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ហើយ​ចាំ​យាម ជា​មួយ​ខ្ញុំ»។ កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​រក​ពួក​សិស្ស ហើយ​ឃើញ​គេ​កំពុង​ដេក​លក់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «តើ​អ្នក​រាល់​គ្នា​ទ្រាំ​នៅ​ចាំ​យាម​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? ចូរ​ចាំ​យាម ហើយ​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ព្រះ‌អង្គ​ឃើញ​ពួក​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​របស់​គេ​ធ្ងន់​ជ្រប់។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​ម្តង​ទៀត ហើយ​អធិស្ឋាន​ជា​លើក​ទី​បី ដោយ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​រក​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយ​សម្រាក​ទៀត​ឬ? មើល៍ ពេល​កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​បាប។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ! មើល៍ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។

អាន ម៉ាថាយ 26

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 26:36-46

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ