ម៉ាថាយ 26:34-44

ម៉ាថាយ 26:34-44 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត» ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​និយាយ​ដូច​គ្នា។ ពេល​នោះ ព្រះ‌យេស៊ូវ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ នៅ​ពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទី​នោះ»។ ព្រះ‌អង្គ​យក​ពេត្រុស និង​កូន​របស់​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ហើយ​ចាំ​យាម ជា​មួយ​ខ្ញុំ»។ កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​រក​ពួក​សិស្ស ហើយ​ឃើញ​គេ​កំពុង​ដេក​លក់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «តើ​អ្នក​រាល់​គ្នា​ទ្រាំ​នៅ​ចាំ​យាម​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? ចូរ​ចាំ​យាម ហើយ​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ព្រះ‌អង្គ​ឃើញ​ពួក​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​របស់​គេ​ធ្ងន់​ជ្រប់។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​ម្តង​ទៀត ហើយ​អធិស្ឋាន​ជា​លើក​ទី​បី ដោយ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ដដែល។

អាន ម៉ាថាយ 26