ម៉ាថាយ 26:17-75

ម៉ាថាយ 26:17-75 គកស១៦

នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​នំបុ័ង​ឥត​ដំបែ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «តើ​លោក​គ្រូ​ចង់​ឲ្យ​យើង​ខ្ញុំ​រៀបចំ​អាហារ​បុណ្យ​រំលង ជូន​លោក​គ្រូ​នៅ​កន្លែង​ណា?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ចូល​ទៅ​ជួប​បុរស​ម្នាក់​នៅ​ក្នុង​ទី​ក្រុង ហើយ​ប្រាប់​ថា "លោក​គ្រូ​មាន​ប្រសាសន៍​ថា ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ ខ្ញុំ​នឹង​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ជា​មួយ​ពួក​សិស្ស​ខ្ញុំ​នៅ​ផ្ទះ​អ្នក"» ដូច្នេះ ពួក​សិស្ស​ក៏​ធ្វើ​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់ ហើយ​គេ​រៀបចំ​ពិធី​បុណ្យ​រំលង។ លុះ​ដល់​ពេល​ល្ងាច ព្រះ‌អង្គ​រួម​តុ​ជា​មួយ​អ្នក​ទាំង​ដប់​ពីរ ហើយ​ពេល​គេ​កំពុង​បរិ‌ភោគ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។ ពួក​សិស្ស​ព្រួយ​ជា​ខ្លាំង ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះ‌អង្គ​ម្នាក់​ម្ដងៗ​ថា៖ «ព្រះ‌អម្ចាស់! តើ​ទូល‌បង្គំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​លូក​ដៃ​ទៅ​ក្នុង​ចាន​ជា​មួយ​ខ្ញុំ អ្នក​នោះ​ឯង​នឹង​ក្បត់​ខ្ញុំ ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។ ពេល​នោះ យូដាស ជា​អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «រ៉ាប៊ី! តើ​ខ្ញុំ​ឬ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អ្នក​និយាយ​ដូច្នេះ ត្រូវ​ហើយ!»។ កាល​គេ​កំពុង​បរិ‌ភោគ ព្រះ‌យេស៊ូវ​យក​នំបុ័ង​មក ហើយ​អរ​ព្រះ‌គុណ រួច​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក ហើយ​បរិ‌ភោគ​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ»។ បន្ទាប់​មក ព្រះ‌អង្គ​យក​ពែង​មក ហើយ​អរ​ព្រះ‌គុណ រួច​ប្រទាន​ឲ្យ​ពួក​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​បរិ‌ភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ជា​ឈាម​នៃ​សេចក្ដី​សញ្ញា [ថ្មី] ដែល​បាន​បង្ហូរ​ចេញ ដើម្បី​អត់​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ផ្លែ​ទំពាំង​បាយ​ជូរ​នេះ​ទៀត​ទេ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជា​មួយ​អ្នក​រាល់​គ្នា នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​ខ្ញុំ»។ ក្រោយ​ពី​បាន​ច្រៀង​ទំនុក​តម្កើង​មួយ​រួច​ហើយ គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «យប់​នេះ អ្នក​រាល់​គ្នា​នឹង​រវាត​ចិត្ត ដោយ​ព្រោះ​ខ្ញុំ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា "យើង​នឹង​វាយ​គង្វាល ហើយ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ" ប៉ុន្តែ ក្រោយ​ពេល​ខ្ញុំ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​មនុស្ស​ទាំង​អស់​រវាត​ចិត្ត ដោយ​ព្រោះ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​រវាត​ចិត្ត​ជា​ដាច់​ខាត»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា នៅ​យប់​នេះ​ឯង មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «ទោះ​បើ​ទូល‌បង្គំ​ត្រូវ​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ប្រ‌កែក​ថា មិន​ស្គាល់​ព្រះ‌អង្គ​ជា​ដាច់​ខាត» ហើយ​ពួក​សិស្ស​ទាំង​អស់​ក៏​និយាយ​ដូច​គ្នា។ ពេល​នោះ ព្រះ‌យេស៊ូវ​យាង​ទៅ​ជា​មួយ​ពួក​សិស្ស ដល់​កន្លែង​មួយ​ឈ្មោះ សួន​គែតសេម៉ានី ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អង្គុយ​នៅ​ទី​នេះ​ចុះ នៅ​ពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទី​នោះ»។ ព្រះ‌អង្គ​យក​ពេត្រុស និង​កូន​របស់​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ព្រះ‌អង្គ​ចាប់​ផ្ដើម​មាន​ព្រះ‌ហឫ‌ទ័យ​ព្រួយ ហើយ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ស្ទើរ​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ ហើយ​ចាំ​យាម ជា​មួយ​ខ្ញុំ»។ កាល​យាង​ទៅ​មុខ​បាន​បន្តិច ព្រះ‌អង្គ​ក៏​ក្រាប​ចុះ​ព្រះ‌ភក្ត្រ​ដល់​ដី ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ! ប្រសិន‌បើ​បាន សូម​ឲ្យ​ពែង​នេះ​ចៀស​ផុត​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ បន្ទាប់​មក ព្រះ‌អង្គ​យាង​ត្រឡប់​មក​រក​ពួក​សិស្ស ហើយ​ឃើញ​គេ​កំពុង​ដេក​លក់ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពេត្រុស​ថា៖ «តើ​អ្នក​រាល់​គ្នា​ទ្រាំ​នៅ​ចាំ​យាម​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​មិន​បាន​ទេ​ឬ? ចូរ​ចាំ​យាម ហើយ​អធិស្ឋាន ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្តី​ល្បួង ដ្បិត​វិញ្ញាណ​ប្រុង​ប្រៀប​ជា​ស្រេច​មែន តែ​សាច់​ឈាម​ខ្សោយ​ទេ»។ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្តង​ទៀត ជា​លើក​ទី​ពីរ ហើយ​អធិស្ឋាន​ថា៖ «ឱ​ព្រះ‌វរបិតា​របស់​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ ដោយ​ចៀស​ពុំ​បាន សូម​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ»។ កាល​ព្រះ‌អង្គ​យាង​ត្រឡប់​មក​វិញ ព្រះ‌អង្គ​ឃើញ​ពួក​គេ​ដេក​លក់​ទៀត ដ្បិត​ភ្នែក​របស់​គេ​ធ្ងន់​ជ្រប់។ ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​ពួក​គេ​ម្តង​ទៀត ហើយ​អធិស្ឋាន​ជា​លើក​ទី​បី ដោយ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ដដែល។ បន្ទាប់​មក ព្រះ‌អង្គ​យាង​មក​រក​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ ហើយ​សម្រាក​ទៀត​ឬ? មើល៍ ពេល​កំណត់​ជិត​ដល់​ហើយ កូន​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​មនុស្ស​បាប។ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ! មើល៍ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។ កាល​ព្រះ‌អង្គ​កំពុង​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ នោះ​យូដាស ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ​ក៏​មក​ដល់ ទាំង​មាន​មនុស្ស​ជា​ច្រើន​កាន់​ដាវ និង​ដំបង​មក​ជា​មួយ។ អ្នក​ទាំង​នោះ​ត្រូវ​បាន​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន​ចាត់​ឲ្យ​មក។ អ្នក​ដែល​ក្បត់​ព្រះ‌អង្គ​បាន​ឲ្យ​សញ្ញា​មួយ​ដល់​គេ ដោយ​និយាយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!» យូដាស​ក៏​ចូល​មក​រក​ព្រះ‌យេស៊ូវ​ភ្លាម ហើយ​ទូល​ថា៖ «ជម្រាប​សួរ​រ៉ាប៊ី!» រួច​ក៏​ថើប​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ចូរ​ធ្វើ​ទៅ​ចុះ!» ពេល​នោះ គេ​ក៏​ចូល​មក​ចាប់​ព្រះ‌អង្គ។ ខណៈ​នោះ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូវ​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន ហើយ​កាប់​អ្នក​បម្រើ​របស់​សម្ដេច​សង្ឃ ដាច់​ស្លឹក​ត្រចៀក។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ។ តើ​អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​សូម​ដល់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ចាត់​ទេវតា​លើស​ជាង​ដប់​ពីរ​កង មក​ជួយ​ខ្ញុំ​បាន​ភ្លាម​ទេ​ឬ? បើ​ធ្វើ​ដូច្នោះ តើ​បទ​គម្ពីរ​នឹង​សម្រេច​ដូច​ម្ដេច​បាន ដែល​ថា ហេតុ‌ការណ៍​នេះ​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ?» នៅ​វេលា​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​បណ្តា‌ជន​ថា៖ «តើ​ខ្ញុំ​នេះ​ជា​ចោរ​ឬ បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​ចាប់​ខ្ញុំ ទាំង​កាន់​ដាវ កាន់​ដំបង​ដូច្នេះ? រាល់​ថ្ងៃ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ តែ​អ្នក​រាល់​គ្នា​មិន​បាន​ចាប់​ខ្ញុំ​ទេ ប៉ុន្តែ ការ​ទាំង​អស់​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ពួក​ហោរា​បាន​ចែង​ទុក​នៅ​ក្នុង​បទ​គម្ពីរ»។ ពេល​នោះ ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ព្រះ‌អង្គ ហើយ​គេច​ខ្លួន​អស់​ទៅ។ បន្ទាប់​មក ពួក​អ្នក​ដែល​បាន​ចាប់​ព្រះ‌យេស៊ូវ​បាន​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​កៃផាស ជា​សម្ដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ និង​ពួក​ចាស់​ទុំ​បាន​ជួប​ជុំ​គ្នា។ ពេត្រុស​បាន​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ទីលាន​របស់​សម្ដេច​សង្ឃ ហើយ​ចូល​ទៅ​អង្គុយ​ខាង​ក្នុង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ ដើម្បី​ចង់​ដឹង​លទ្ធ‌ផល។ ចំណែក​ពួក​សង្គ្រាជ និង​ក្រុម​ប្រឹក្សា​ទាំង​មូល ស្វែង​រក​បន្ទាល់​ក្លែង‌ក្លាយ មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូវ ដើម្បី​ឲ្យ​គេ​មាន​ហេតុ​នឹង​សម្លាប់​ព្រះ‌អង្គ តែ​គេ​រក​មិន​បាន​សោះ ទោះ​ជា​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏​ដោយ។ នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​ចូល​មក ហើយ​និយាយ​ថា៖ «អ្នក​នេះ​បាន​និយាយ​ថា "ខ្ញុំ​អាច​បំផ្លាញ​ព្រះ‌វិហារ​របស់​ព្រះ‌ចោល ហើយ​សង់​ឡើង​វិញ​បាន ក្នុង​រវាង​បី​ថ្ងៃ"»។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ឈរ​ឡើង ហើយ​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ​ឬ? ពាក្យ​ដែល​បុរស​ទាំង​នេះ​ចោទ​ប្រកាន់​អ្នក តើ​យ៉ាង​ដូច​ម្តេច​ដែរ?» ព្រះ‌យេស៊ូវ​នៅ​តែ​ស្ងៀម។ ពេល​នោះ សម្ដេច​សង្ឃ​បង្គាប់​ព្រះ‌អង្គ​ថា៖ «ចូរ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ទៅ ហើយ​ប្រាប់​យើង​មក ប្រសិន‌បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ‌មែន»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ។ ប៉ុន្តែ ខ្ញុំ​សូម​ប្រាប់​អស់​លោក​ថា អំណឹះ​ត​ទៅ អស់​លោក​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា ហើយ​មក​លើ​ពពក នៅ​លើ​មេឃ »។ ពេល​នោះ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​ខ្លួន ហើយ​ពោល​ឡើង​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ដល់​ព្រះ​ហើយ​ទេ​តើ! តើ​យើង​ចាំ​បាច់​ត្រូវ​ការ​ស្មរ​បន្ទាល់​អ្វី​ទៀត? ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ប្រមាថ​របស់​ជន​នេះ​ស្រាប់​ហើយ។ តើ​អ្នក​រាល់​គ្នា​សម្រេច​ដូច​ម្តេច?» គេ​ឆ្លើយ​ឡើង​ថា៖ «ជន​នេះ​សម​នឹង​ស្លាប់!» ពេល​នោះ គេ​ស្តោះ​ទឹក​មាត់​ដាក់​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ វាយ​តប់​ព្រះ‌អង្គ ហើយ​អ្នក​ខ្លះ​ទះកំផ្លៀង​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ចូរ​ទាយ​ប្រាប់​យើង​មើល៍ ព្រះ‌គ្រីស្ទ​អើយ តើ​អ្នក​ណា​វាយ​ឯង?» នៅ​វេលា​នោះ ពេត្រុស​កំពុង​អង្គុយ​នៅ​ក្នុង​ទីលាន​ខាង​ក្រៅ។ ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់ ហើយ​និយាយ​ថា៖ «អ្នក​ឯង​ក៏​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​កាលីឡេ​នោះ​ដែរ!» ប៉ុន្តែ គាត់​ប្រ‌កែក​នៅ​មុខ​គេ​ទាំង​អស់​គ្នា​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នាង​ចង់​និយាយ​ពី​អ្វី​ទេ!»។ ពេល​គាត់​ចេញ​ទៅ​ខ្លោង​ទ្វារ ស្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ប្រាប់​អ្នក​នៅ​ទី​នោះ​ថា៖ «អ្នក​នេះ​នៅ​ជា​មួយ​យេស៊ូវ ជា​អ្នក​ស្រុក​ណាសា‌រ៉ែត»។ គាត់​ក៏​ប្រ‌កែក​ម្តង​ទៀត ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ»។ បន្តិច​ក្រោយ​មក ពួក​អ្នក​ដែល​នៅ​ទី​នោះ នាំ​គ្នា​ចូល​មក​ជិត​ពេត្រុស ហើយ​ពោល​ថា៖ «ប្រាកដ​ហើយ អ្នក​ឯង​ក៏​ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែរ ដ្បិត​សំឡេង​និយាយ​របស់​អ្នក​ឯង​បង្ហាញ​ច្បាស់​ហើយ»។ ពេល​នោះ គាត់​ចាប់​ផ្ដើម​យក​ខ្លួន​ស្បថ​ស្បែ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!» ខណៈ​នោះ មាន់​ក៏​រងាវ​ឡើង​ភ្លាម។ ពេត្រុស​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូវ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ» ។ គាត់​ក៏​ចេញ​ទៅ​ទាំង​យំ​សោក​យ៉ាង​ខ្លោច​ផ្សា។

អាន ម៉ាថាយ 26