ម៉ាថាយ 24:1-28

ម៉ាថាយ 24:1-28 គកស១៦

កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ចេញ​ពី​ព្រះ‌វិហារ​ទៅ ពួក​សិស្ស​របស់​ព្រះ‌អង្គ​ចូល​មក​ជិត ហើយ​ចង្អុល​បង្ហាញ​អាគារ​ផ្សេងៗ​ក្នុង​បរិវេណ​ព្រះ‌វិហារ ថ្វាយ​ព្រះ‌អង្គ​ទត។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ឃើញ​របស់​អស់​ទាំង​នេះ​ឬ​ទេ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ទី​នេះ​នឹង​គ្មាន​ថ្ម​ណា​មួយ​នៅ​ត្រួត​លើ​គ្នា​ទៀត​ឡើយ ទាំង​អស់​នឹង​ត្រូវ​ទម្លាក់​ចុះ»។ កាល​ព្រះ‌អង្គ​គង់​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ដាច់​ដោយ​ឡែក ហើយ​ទូល​សួរ​ថា៖ «សូម​ប្រាប់​យើង​ខ្ញុំ​ផង តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​ពេល​ណា? ហើយ​តើ​នឹង​មាន​ទី​សម្គាល់​អ្វី​អំពី​ព្រះ‌អង្គ​យាង​មក និង​អំពី​គ្រា​ចុង​បំផុត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ដ្បិត​នឹង​មាន​មនុស្ស​ជា​ច្រើន​លេច​មក ដោយ​ប្រើ​ឈ្មោះ​របស់​ខ្ញុំ​ថា "ខ្ញុំ​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ" ហើយ​គេ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។ អ្នក​រាល់​គ្នា​នឹង​ឮ​អំពី​សង្គ្រាម និង​ដំណឹង​អំពី​សង្គ្រាម ចូរ​ប្រយ័ត្ន​កុំ​ជ្រួល‌ច្របល់ ដ្បិត​ការ​នេះ​ត្រូវ​តែ​កើត​ឡើង តែ​មិន​ទាន់​ដល់​ចុង​បញ្ចប់​នៅ​ឡើយ​ទេ។ ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ហើយ​នឹង​កើត​មាន​អំណត់ [ជំងឺ​អាសន្ន‌រោគ] និង​រញ្ជួយ​ផែនដី​នៅ​កន្លែង​ផ្សេងៗ ប៉ុន្តែ ការ​ទាំង​អស់​នេះ ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។ ពេល​នោះ គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម ហើយ​សម្លាប់​អ្នក​រាល់​គ្នា។ គ្រប់​ទាំង​សាសន៍​នឹង​ស្អប់​អ្នក​រាល់​គ្នា​ព្រោះ​តែ​នាម​ខ្ញុំ។ គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ឃ្លាត​ចេញ​ពី​ជំនឿ គេ​នឹង​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក ក៏​នឹង​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​លេច​មក ហើយ​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​វង្វេង ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ចម្រើន​ឡើង​ជា​ច្រើន សេចក្តី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ចុង​បញ្ចប់ អ្នក​នោះ​នឹង​បាន​សង្គ្រោះ។ ដំណឹង​ល្អ​អំពី​ព្រះរាជ្យ​នេះ នឹង​ត្រូវ​ប្រកាស​ពាស‌ពេញ​ពិភព​លោក​ទាំង​មូល ជា​ទី​បន្ទាល់​ដល់​អស់​ទាំង​សាសន៍ ហើយ​ពេល​នោះ ទើប​ចុង​បញ្ចប់​មក​ដល់»។ «ដូច្នេះ ពេល​អ្នក​រាល់​គ្នា​ឃើញ​សេចក្តី​ដែល​ហោរា​ដានីយ៉ែល បាន​ថ្លែង​ទុក គឺ​ជា​វត្ថុ​ដ៏​ចង្រៃ គួរ​ឲ្យ​ស្អប់​ខ្ពើម ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ (ចូរ​ឲ្យ​អ្នក​អាន​យល់​សេចក្ដី​នេះ​ចុះ) ពេល​នោះ អស់​អ្នក​ដែល​នៅ​ស្រុក​យូដា ត្រូវ​រត់​ចេញ​ទៅ​ជ្រក​តាម​ភ្នំ អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ពី​ក្នុង​ផ្ទះ​ឡើយ ហើយ​អ្នក​ដែល​នៅ​ឯ​ស្រែ​ចម្ការ ក៏​មិន​ត្រូវ​ត្រឡប់​មក​យក​សម្លៀក‌បំពាក់​របស់​ខ្លួន​ដែរ។ នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់។ ចូរ​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​រត់​នៅ​រដូវ​រងា ឬ​នៅ​ថ្ងៃ​សប្ប័ទ​ឡើយ។ ដ្បិត​ពេល​នោះ នឹង​មាន​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដែល​តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ មិន​ដែល​មាន​ដូច្នោះ​ឡើយ ហើយ​ទៅ​មុខ​ក៏​មិន​ដែល​មាន​ដែរ ។ ប្រសិន‌បើ​ព្រះ​មិន​បាន​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ គ្មាន​មនុស្ស​ណា​នឹង​បាន​សង្គ្រោះ​ឡើយ ប៉ុន្តែ ដោយ​យល់​ដល់​ពួក​រើស​តាំង ព្រះ​នឹង​បន្ថយ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី។ ពេល​នោះ បើ​អ្នក​ណា​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌គ្រីស្ទ​គង់​នៅ​ទី​នេះ" ឬ "នៅ​ទី​នោះ" កុំ​ជឿ​គេ​ឡើយ។ ដ្បិត​នឹង​មាន​ព្រះ‌គ្រីស្ទ​ក្លែង‌ក្លាយ និង​ហោរា​ក្លែង‌ក្លាយ​លេច​មក ហើយ​សម្តែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​យ៉ាង​ធំ ដើម្បី​នាំ​មនុស្ស​ឲ្យ​វង្វេង សូម្បី​តែ​ពួក​រើស​តាំង​ផង ប្រសិន‌បើ​គេ​អាច​ធ្វើ​បាន។ មើល៍ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន​ហើយ ដូច្នេះ បើ​គេ​ប្រាប់​អ្នក​រាល់​គ្នា​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ទី​រហោ‌ស្ថាន" នោះ​កុំ​ចេញ​ទៅ​ឡើយ។ បើ​គេ​ថា "មើល៍ ព្រះ‌អង្គ​គង់​នៅ​ក្នុង​បន្ទប់" នោះ​ក៏​កុំ​ជឿ​ឲ្យ​សោះ។ ដ្បិត​កូន​មនុស្ស​នឹង​មក ដូច​ផ្លេក​បន្ទោរ ដែល​ចាំង​ពន្លឺ​ភ្លែតៗ ពី​ទិស​ខាង​កើត ដល់​ទិស​ខាង​លិច។ សាក​សព​នៅ​ទី​ណា ត្មាត​នឹង​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ »។

អាន ម៉ាថាយ 24