កាលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គចូលមកជិត ហើយចង្អុលបង្ហាញអាគារផ្សេងៗក្នុងបរិវេណព្រះវិហារ ថ្វាយព្រះអង្គទត។ ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាឃើញរបស់អស់ទាំងនេះឬទេ? ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មណាមួយនៅត្រួតលើគ្នាទៀតឡើយ ទាំងអស់នឹងត្រូវទម្លាក់ចុះ»។ កាលព្រះអង្គគង់នៅលើភ្នំដើមអូលីវ ពួកសិស្សបានចូលមកជិតព្រះអង្គដាច់ដោយឡែក ហើយទូលសួរថា៖ «សូមប្រាប់យើងខ្ញុំផង តើការទាំងនេះនឹងកើតឡើងពេលណា? ហើយតើនឹងមានទីសម្គាល់អ្វីអំពីព្រះអង្គយាងមក និងអំពីគ្រាចុងបំផុត?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនលេចមក ដោយប្រើឈ្មោះរបស់ខ្ញុំថា "ខ្ញុំនេះហើយជាព្រះគ្រីស្ទ" ហើយគេនាំមនុស្សជាច្រើនឲ្យវង្វេង។ អ្នករាល់គ្នានឹងឮអំពីសង្គ្រាម និងដំណឹងអំពីសង្គ្រាម ចូរប្រយ័ត្នកុំជ្រួលច្របល់ ដ្បិតការនេះត្រូវតែកើតឡើង តែមិនទាន់ដល់ចុងបញ្ចប់នៅឡើយទេ។ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ប៉ុន្តែ ការទាំងអស់នេះ ប្រៀបបាននឹងការចាប់ផ្ដើមរបស់ស្ត្រីដែលឈឺចាប់ហៀបនឹងសម្រាលកូន។ ពេលនោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យគេធ្វើទារុណកម្ម ហើយសម្លាប់អ្នករាល់គ្នា។ គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ គ្រានោះ មនុស្សជាច្រើននឹងឃ្លាតចេញពីជំនឿ គេនឹងក្បត់គ្នាទៅវិញទៅមក ហើយស្អប់គ្នាទៅវិញទៅមក ក៏នឹងមានហោរាក្លែងក្លាយជាច្រើនលេចមក ហើយនាំឲ្យមនុស្សជាច្រើនវង្វេង ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ចុងបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។ ដំណឹងល្អអំពីព្រះរាជ្យនេះ នឹងត្រូវប្រកាសពាសពេញពិភពលោកទាំងមូល ជាទីបន្ទាល់ដល់អស់ទាំងសាសន៍ ហើយពេលនោះ ទើបចុងបញ្ចប់មកដល់»។ «ដូច្នេះ ពេលអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែល បានថ្លែងទុក គឺជាវត្ថុដ៏ចង្រៃ គួរឲ្យស្អប់ខ្ពើម ឈរនៅក្នុងទីបរិសុទ្ធ (ចូរឲ្យអ្នកអានយល់សេចក្ដីនេះចុះ) ពេលនោះ អស់អ្នកដែលនៅស្រុកយូដា ត្រូវរត់ចេញទៅជ្រកតាមភ្នំ អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយករបស់អ្វីពីក្នុងផ្ទះឡើយ ហើយអ្នកដែលនៅឯស្រែចម្ការ ក៏មិនត្រូវត្រឡប់មកយកសម្លៀកបំពាក់របស់ខ្លួនដែរ។ នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់។ ចូរអធិស្ឋានដើម្បីកុំឲ្យរត់នៅរដូវរងា ឬនៅថ្ងៃសប្ប័ទឡើយ។ ដ្បិតពេលនោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង ដែលតាំងពីដើមកំណើតពិភពលោកមក រហូតមកដល់សព្វថ្ងៃនេះ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។ ប្រសិនបើព្រះមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីទេ គ្មានមនុស្សណានឹងបានសង្គ្រោះឡើយ ប៉ុន្តែ ដោយយល់ដល់ពួករើសតាំង ព្រះនឹងបន្ថយថ្ងៃទាំងនោះឲ្យខ្លី។ ពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះគ្រីស្ទគង់នៅទីនេះ" ឬ "នៅទីនោះ" កុំជឿគេឡើយ។ ដ្បិតនឹងមានព្រះគ្រីស្ទក្លែងក្លាយ និងហោរាក្លែងក្លាយលេចមក ហើយសម្តែងទីសម្គាល់ និងការអស្ចារ្យយ៉ាងធំ ដើម្បីនាំមនុស្សឲ្យវង្វេង សូម្បីតែពួករើសតាំងផង ប្រសិនបើគេអាចធ្វើបាន។ មើល៍ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុនហើយ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា "មើល៍ ព្រះអង្គគង់នៅទីរហោស្ថាន" នោះកុំចេញទៅឡើយ។ បើគេថា "មើល៍ ព្រះអង្គគង់នៅក្នុងបន្ទប់" នោះក៏កុំជឿឲ្យសោះ។ ដ្បិតកូនមនុស្សនឹងមក ដូចផ្លេកបន្ទោរ ដែលចាំងពន្លឺភ្លែតៗ ពីទិសខាងកើត ដល់ទិសខាងលិច។ សាកសពនៅទីណា ត្មាតនឹងប្រមូលផ្ដុំគ្នានៅទីនោះ »។
អាន ម៉ាថាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 24:1-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ