ពេលគេបានមកជិតក្រុងយេរូសាឡិម នៅភូមិបេតផាសេ ត្រង់ភ្នំដើមអូលីវ ព្រះយេស៊ូវចាត់សិស្សពីរនាក់ឲ្យទៅ ដោយមានព្រះបន្ទូលទៅគេថា៖ «ចូរទៅភូមិខាងមុខនោះទៅ ហើយភ្លាមនោះអ្នកនឹងឃើញមេលាមួយ ដែលគេចងទុកជាមួយកូនរបស់វា។ ចូរស្រាយវា ហើយយកមកឲ្យខ្ញុំ។ ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក ចូរប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា" ហើយគេនឹងឲ្យវាមកភ្លាម»។ ការនេះកើតឡើងដើម្បីឲ្យបានសម្រេចសេចក្ដី ដែលបានថ្លែងទុកមកតាមរយៈហោរាថា៖ «ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល៍ ស្តេចរបស់អ្នកយាងមករកអ្នកហើយ ទ្រង់សុភាព ហើយគង់លើសត្វលា និងលើកូនលា ជាកូនរបស់មេលា» ។ សិស្សទាំងពីរក៏ទៅ ហើយធ្វើតាមដូចព្រះយេស៊ូវបានបង្គាប់។ គេបាននាំមេលា និងកូនវាមក ហើយក្រាលអាវរបស់គេលើខ្នងមេលា និងកូនវា រួចព្រះអង្គក៏គង់លើវា។ បណ្ដាជនជាច្រើនបានក្រាលអាវរបស់ខ្លួនតាមផ្លូវ ខ្លះទៀតកាប់មែកឈើយកមករាយតាមផ្លូវ។ មហាជនដែលដើរហែហមពីមុខ និងពីក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ! ថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់ ! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!» ពេលព្រះអង្គយាងចូលក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលមានការរំជើបរំជួល ហើយសួរថា៖ «តើលោកនេះជាអ្នកណា?» មហាជនឆ្លើយថា៖ «លោកនេះជាហោរាយេស៊ូវ មកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ»។ បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។ ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។ ប៉ុន្តែ ពេលពួកសង្គ្រាជ និងពួកអាចារ្យឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ហើយឮក្មេងៗស្រែកនៅក្នុងព្រះវិហារថា៖ «ហូសាណា ដល់ព្រះរាជវង្សព្រះបាទដាវីឌ» គេមានចិត្តក្រេវក្រោធ ហើយទូលព្រះអង្គថា៖ «តើលោកឮក្មេងទាំងនេះថាដូចម្តេចឬទេ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំឮហើយ តើអស់លោកមិនដែលបានអានទេឬថា "ព្រះអង្គបានធ្វើឲ្យពាក្យសរសើរបានគ្រប់លក្ខណ៍ ចេញពីមាត់កូនក្មេង និងកូនដែលនៅបៅ "»។ ព្រះអង្គចាកចេញពីពួកគេ យាងទៅភូមិបេតថានី ហើយស្នាក់នៅទីនោះមួយយប់។ លុះព្រលឹមឡើង ពេលព្រះអង្គយាងត្រឡប់ទៅទីក្រុងវិញ ព្រះអង្គឃ្លាន។ ព្រះអង្គទតឃើញដើមល្វាមួយដើមនៅក្បែរផ្លូវ ទ្រង់ក៏យាងទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ ទ្រង់មានព្រះបន្ទូលទៅកាន់ដើមល្វានោះថា៖ «ពីពេលនេះទៅ កុំឲ្យឯងមានផ្លែទៀតឡើយ!»។ ពេលនោះ ដើមល្វាក៏ក្រៀមស្វិតមួយរំពេច។ កាលពួកសិស្សឃើញដូច្នោះ គេមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «ហេតុដូចម្ដេចបានជាដើមល្វានេះក្រៀមស្វិតមួយរំពេចដូច្នេះ?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ប្រសិនបើអ្នករាល់គ្នាមានជំនឿ ហើយមិនសង្ស័យ អ្នករាល់គ្នាអាចធ្វើបាន មិនត្រឹមតែអ្វីដែលបានកើតឡើងដល់ដើមល្វាប៉ុណ្ណោះ តែទោះបើអ្នកនិយាយទៅភ្នំនេះថា "ចូររើចេញ ហើយធ្លាក់ទៅក្នុងសមុទ្រទៅ" នោះនឹងបានសម្រេចដូច្នោះមិនខាន។ អ្វីក៏ដោយឲ្យតែអ្នករាល់គ្នាអធិស្ឋានសុំទាំងមានជំនឿ អ្នករាល់គ្នានឹងបានទទួល»។
អាន ម៉ាថាយ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 21:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ