ម៉ាថាយ 21:1-22

ម៉ាថាយ 21:1-22 គកស១៦

ពេល​គេ​បាន​មក​ជិត​ក្រុង​យេរូ‌សាឡិម នៅ​ភូមិ​បេតផាសេ ត្រង់​ភ្នំ​ដើម​អូលីវ ព្រះ‌យេស៊ូវ​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទៅ​ភូមិ​ខាង​មុខ​នោះ​ទៅ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេ​លា​មួយ ដែល​គេ​ចង​ទុក​ជា​មួយ​កូន​របស់​វា។ ចូរ​ស្រាយ​វា ហើយ​យក​មក​ឲ្យ​ខ្ញុំ។ ប្រសិន‌បើ​មាន​អ្នក​ណា​សួរ​អ្វី​ដល់​អ្នក ចូរ​ប្រាប់​គេ​ថា "ព្រះ‌អម្ចាស់​ត្រូវ​ការ​វា" ហើយ​គេ​នឹង​ឲ្យ​វា​មក​ភ្លាម»។ ការ​នេះ​កើត​ឡើង​ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី ដែល​បាន​ថ្លែង​ទុក​មក​តាម​រយៈ​ហោរា​ថា៖ «ចូរ​ប្រាប់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល៍ ស្តេច​របស់​អ្នក​យាង​មក​រក​អ្នក​ហើយ ទ្រង់​សុភាព ហើយ​គង់​លើ​សត្វ​លា និង​លើកូន​លា ជា​កូន​របស់​មេ​លា» ។ សិស្ស​ទាំង​ពីរ​ក៏​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេស៊ូវ​បាន​បង្គាប់។ គេ​បាន​នាំ​មេ​លា និង​កូន​វា​មក ហើយ​ក្រាល​អាវ​របស់​គេ​លើ​ខ្នង​មេ​លា និង​កូន​វា រួច​ព្រះ‌អង្គ​ក៏​គង់​លើ​វា។ បណ្ដា‌ជន​ជា​ច្រើន​បាន​ក្រាល​អាវ​របស់​ខ្លួន​តាម​ផ្លូវ ខ្លះ​ទៀត​កាប់​មែក​ឈើ​យក​មក​រាយ​តាម​ផ្លូវ។ មហា‌ជន​ដែល​ដើរ​ហែ‌ហម​ពី​មុខ និង​ពី​ក្រោយ​ព្រះ‌អង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ! ថ្វាយ​ព្រះ‌ពរ​ព្រះ‌អង្គ​ដែល​យាង​មក​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ! ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត!» ពេល​ព្រះ‌អង្គ​យាង​ចូល​ក្រុង​យេរូ‌សាឡិម អ្នក​ក្រុង​ទាំង​មូល​មាន​ការ​រំជើប​រំជួល ហើយ​សួរ​ថា៖ «តើ​លោក​នេះ​ជា​អ្នក​ណា?» មហា‌ជន​ឆ្លើយ​ថា៖ «លោក​នេះ​ជា​ហោរា​យេស៊ូវ មក​ពី​ភូមិ​ណាសា‌រ៉ែត ក្នុង​ស្រុក​កាលី‌ឡេ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ហើយ​បណ្តេញ​អស់​អ្នក​ដែល​លក់​ដូរ​ក្នុង​ព្រះ‌វិហារ​ចេញ ព្រះ‌អង្គ​ផ្កាប់​តុ​របស់​ពួក​អ្នក​ដូរ​ប្រាក់ និង​កៅអី​របស់​ពួក​អ្នក​លក់​ព្រាប។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ "ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា ជា​ដំណាក់​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយ​ជា​រោង​ចោរ ទៅ​វិញ»។ ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។ ប៉ុន្តែ ពេល​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ព្រះ‌វិហារ​ថា៖ «ហូសាណា ដល់​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ» គេ​មាន​ចិត្ត​ក្រេវ‌ក្រោធ ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​ឮ​ក្មេង​ទាំង​នេះ​ថា​ដូច​ម្តេច​ឬ​ទេ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ឮ​ហើយ តើ​អស់​លោក​មិន​ដែល​បាន​អាន​ទេ​ឬ​ថា "ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​បាន​គ្រប់​លក្ខណ៍ ចេញ​ពី​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ "»។ ព្រះ‌អង្គ​ចាក​ចេញ​ពី​ពួក​គេ យាង​ទៅ​ភូមិ​បេតថានី ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​យប់។ លុះ​ព្រលឹម​ឡើង ពេល​ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ព្រះ‌អង្គ​ឃ្លាន។ ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​ក្បែរ​ផ្លូវ ទ្រង់​ក៏​យាង​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ល្វា​នោះ​ថា៖ «ពី​ពេល​នេះ​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ!»។ ពេល​នោះ ដើម​ល្វា​ក៏​ក្រៀម​ស្វិត​មួយ​រំពេច។ កាល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​មាន​សេចក្តី​អស្ចារ្យ ហើយ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ល្វា​នេះ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ប្រសិន‌បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ ហើយ​មិន​សង្ស័យ អ្នក​រាល់​គ្នា​អាច​ធ្វើ​បាន មិន​ត្រឹម​តែ​អ្វី​ដែល​បាន​កើត​ឡើង​ដល់​ដើម​ល្វា​ប៉ុណ្ណោះ តែ​ទោះ​បើ​អ្នក​និយាយ​ទៅ​ភ្នំ​នេះ​ថា "ចូរ​រើ​ចេញ ហើយ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ទៅ" នោះ​នឹង​បាន​សម្រេច​ដូច្នោះ​មិន​ខាន។ អ្វី​ក៏​ដោយ​ឲ្យ​តែ​អ្នក​រាល់​គ្នា​អធិស្ឋាន​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល»។

អាន ម៉ាថាយ 21