ម៉ាថាយ 20:17-34

ម៉ាថាយ 20:17-34 គកស១៦

កាល​ព្រះ‌យេស៊ូវ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ព្រះ‌អង្គ​យក​សិស្ស​ទាំង​ដប់​ពីរ​រូប​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ ហើយ​នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មើល៍ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​គេ​នឹង​បញ្ជូន​លោក​ទៅ​ឲ្យ​ពួក​សាសន៍​ដទៃ​ចំអក​មើល​ងាយ វាយ​នឹង​រំពាត់ ហើយ​ឆ្កាង តែ​នៅ​ថ្ងៃ​ទី​បី លោក​នឹង​រស់​ឡើង​វិញ»។ បន្ទាប់​មក ប្រពន្ធ​របស់​លោក​សេបេដេ​បាន​នាំ​កូន​ប្រុស​ទាំង​ពីរ ចូល​មក​ជួប​ព្រះ‌អង្គ ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ទូល​សូម​ការ​មួយ​ពី​ព្រះ‌អង្គ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «តើ​អ្នក​ចង់​បាន​អ្វី?» គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​ព្រះ‌អង្គ​គ្រង​រាជ្យ សូម​ប្រោស​ប្រទាន​ឲ្យ​កូន​ខ្ញុំ​ម្ចាស់​ទាំង​ពីរ​នេះ បាន​អង្គុយ​ក្បែរ​ព្រះ‌អង្គ​ផង គឺ​ម្នាក់​នៅ​ខាង​ស្តាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អ្នក​មិន​ដឹង​ថា​អ្នក​កំពុង​សុំ​អ្វី​ទេ។ តើ​អ្នក​អាច​នឹង​ផឹក​ពី​ពែង ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​ឬ?» គេ​ទូល​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​អាច​នឹង​ផឹក​ពី​ពែង​ខ្ញុំ [ហើយ​ទទួល​ការ​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល]​បាន​មែន តែ​ដែល​អង្គុយ​នៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ខ្ញុំ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ‌វរបិតា​ខ្ញុំ​បាន​រៀប​ចំ​ឲ្យ​ប៉ុណ្ណោះ»។ កាល​សិស្ស​ដប់​នាក់​ទៀត​ឮ​ដូច្នោះ គេ​ខឹង​នឹង​បង‌ប្អូន​ទាំង​ពីរ​នាក់​នេះ ប៉ុន្តែ ព្រះ‌យេស៊ូវ​ហៅ​អ្នក​ទាំង​នោះ​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ថា ពួក​អ្នក​គ្រប់​គ្រង​សាសន៍​ដទៃ តែង​ជិះ‌ជាន់​លើ​ប្រជា‌រាស្ត្រ​របស់​ខ្លួន ហើយ​ពួក​អ្នក​ធំ​របស់​គេ ក៏​ប្រើ​អំណាច​លើ​ប្រជា‌រាស្រ្ត​របស់​ខ្លួន​ដែរ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ឡើយ។ អ្នក​ណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​អ្នក​រាល់​គ្នា​វិញ ហើយ​អ្នក​ណា​ដែល​ចង់​បាន​ជា​ទី​មួយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​អ្នក​រាល់​គ្នា។ កូន​មនុស្ស​ក៏​ដូច្នោះ​ដែរ លោក​បាន​មក​មិន​មែន​ឲ្យ​គេ​បម្រើ​លោក​ទេ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​ប្រគល់​ជីវិត​លោក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។ កាល​គេ​កំពុង​ចាក​ចេញ​ពី​ក្រុង​យេរីខូរ មាន​បណ្ដា‌ជន​ច្រើន​កុះករ​នាំ​គ្នា​ដើរ​តាម​ព្រះ‌អង្គ។ ពេល​នោះ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​អង្គុយ​នៅ​ក្បែរ​ផ្លូវ ហើយ​ពេល​គេ​ឮ​ថា ព្រះ‌យេស៊ូវ​យាង​កាត់​ទី​នោះ ក៏​ស្រែក​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង»។ បណ្តា‌ជន​ហាម​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​នៅ​ស្ងៀម តែ​គេ​ស្រែក​រឹត​តែ​ខ្លាំង​ឡើង​ថា៖ «ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ! សូម​ទ្រង់​ប្រោស​មេត្តា​ដល់​យើង​ខ្ញុំ​ផង!» ព្រះ‌យេស៊ូវ​ក៏​ឈប់ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រោស​ឲ្យ​ភ្នែក​យើង​ខ្ញុំ​បាន​ភ្លឺ​ផង»។ ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ក្តួល​អាណិត ព្រះ‌យេស៊ូវ​ក៏​ពាល់​ភ្នែក​គេ។ រំពេច​នោះ​គេ​មើល​ឃើញ​ភ្លាម ហើយ​ក៏​ដើរ​តាម​ព្រះ‌អង្គ​ទៅ។

អាន ម៉ាថាយ 20