ម៉ាថាយ 19:23-29

ម៉ាថាយ 19:23-29 គកស១៦

ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​មាន​ពិបាក​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ណាស់។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល នោះ​ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ កាល​ពួក​សិស្ស​បាន​ឮ​ដូច្នោះ គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?» ព្រះ‌យេស៊ូវ​ទត​ទៅ​គេ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​មិន​អាច​ធ្វើ​ការ​នេះ​បាន​ទេ តែ​ព្រះ​អាច​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ ពេល​នោះ ពេត្រុស​ទូល​សួរ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ។ ដូច្នេះ តើ​យើង​ខ្ញុំ​នឹង​បាន​អ្វី​ទៅ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា នៅ​ក្នុង​ពិភព​លោក​ថ្មី ពេល​កូន​មនុស្ស​អង្គុយ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង​របស់​លោក នោះ​អ្នក​រាល់​គ្នា​ដែល​បាន​មក​តាម​ខ្ញុំ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ដប់​ពីរ ហើយ​ជំនុំ‌ជម្រះ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ដប់​ពីរ​ដែរ។ ឯ​អស់​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​នាម​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​មួយ​ជា​មួយ​រយ ព្រម​ទាំង​ទទួល​បាន​ជីវិត​អស់‌កល្ប​ជានិច្ច ជា​មត៌ក​ទៀត​ផង។

អាន ម៉ាថាយ 19