ម៉ាថាយ 18:15-35

ម៉ាថាយ 18:15-35 គកស១៦

«ប្រសិន‌បើ​មាន​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​អ្នក ចូរ​ទៅ​ប្រាប់​អ្នក​នោះ​ឲ្យ​ដឹង​ពី​កំហុស​របស់​គាត់ ក្នុង​ពេល​ដែល​មាន​តែ​អ្នក និង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង‌ប្អូន​នោះ​មក​វិញ។ តែ​បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទេ ចូរ​នាំ​ម្នាក់ ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​ទាំង​ពាក្យ​មាន​ការ​បញ្ជាក់ ដោយ​ភស្ដុតាង​របស់​សាក្សី​ពីរ ឬ​បី​នាក់ ។ ប្រសិន‌បើ​គាត់​មិន​ព្រម​ស្តាប់​អ្នក​ទាំង​នោះ ត្រូវ​នាំ​រឿង​នេះ​ទៅ​ប្រាប់​ដល់​ក្រុម​ជំនុំ ហើយ​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់​ក្រុម​ជំនុំ​ទៀត ត្រូវ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ ឬ​ជា​អ្នក​ទារ​ពន្ធ​ចុះ។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​ចង​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។ មួយ​ទៀត ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ប្រសិន‌បើ​មាន​ពីរ​នាក់​នៅ​លើ​ផែនដី ព្រម​ព្រៀង​គ្នា​ទូល​សូម​អ្វី​ក៏​ដោយ នោះ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ នឹង​សម្រេច​ឲ្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ ដ្បិត​ទី​ណា​មាន​ពីរ ឬ​បី​នាក់​ជួប​ជុំ​គ្នា​ក្នុង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួក​គេ​ដែរ។ ពេល​នោះ ពេត្រុស​ចូល​មក​ជិត​ព្រះ‌អង្គ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ បើ​បង‌ប្អូន​របស់​ទូល‌បង្គំ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​បាប​មក​លើ​ទូល‌បង្គំ តើ​ទូល‌បង្គំ​ត្រូវ​អត់​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង? រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ថា មិន​មែន​ប្រាំ​ពីរ​ដង​ទេ គឺ​ចិត‌សិប​ដង​ប្រាំ​ពីរ​ដង។ ដូច្នេះ ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ប្រៀប​បាន​នឹង​ស្តេច​មួយ​អង្គ ដែល​ចង់​គិត​បញ្ជី​ជា​មួយ​ពួក​អ្នក​បម្រើ។ ពេល​ស្តេច​ចាប់​ផ្ដើម​គិត​បញ្ជី មាន​គេ​នាំ​កូន​បំណុល​ម្នាក់ ដែល​ជំពាក់​ប្រាក់​ពីរ​កោដិ មក​ជួប​ស្ដេ​ច ហើយ​ដោយ​ព្រោះ​អ្នក​នោះ​គ្មាន​អ្វី​សង ចៅហ្វាយ​របស់​គាត់​បញ្ជា​ឲ្យ​លក់​ខ្លួន​គាត់ ទាំង​ប្រពន្ធ ទាំង​កូន ទាំង​របស់‌របរ​ដែល​គាត់​មាន ដើម្បី​យក​ប្រាក់​មក​សង​បំណុល​នោះ។ ដូច្នេះ អ្នក​បម្រើ​នោះ​ក៏​លុត​ជង្គង់​នៅ​ចំពោះ​ស្ដេច ទូល​អង្វរ​ថា "បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​មេត្តា​ពន្យា​ពេល​ឲ្យ​ទូល‌បង្គំ​សិន ទូល‌បង្គំ​នឹង​សង​ព្រះ‌អង្គ​គ្រប់​ចំនួន"។ ដោយ​ព្រោះ​មាន​ព្រះ‌ហឫ‌ទ័យ​អាណិត‌អាសូរ​ដល់​គាត់ ចៅហ្វាយ​ក៏​ដោះ​លែង​គាត់ ទាំង​លុប​បំណុល​របស់​គាត់​ចោល​ទៀត​ផង។ ប៉ុន្តែ ពេល​អ្នក​បម្រើ​នោះ​ចេញ​ទៅ គាត់​បាន​ជួប​នឹង​គូកន​របស់​ខ្លួន​ម្នាក់ ដែល​ជំពាក់​ប្រាក់​គាត់​មួយ​រយ​ដេណារី គាត់​ក៏​ចាប់​ច្របាច់​ក​អ្នក​នោះ ទាំង​ពោល​ថា "សង​ប្រាក់​ដែល​ជំពាក់​ខ្ញុំ​នោះ​មក"។ ដូច្នេះ គូកន​របស់​អ្នក​នោះ​ក៏​ក្រាប​ចុះ ហើយ​អង្វរ​គាត់​ថា "សូម​មេត្តា​ពន្យា​ពេល​ឲ្យ​គ្នា​ផង គ្នា​នឹង​សង​ឯង"។ តែ​គាត់​មិន​ព្រម​ទេ ផ្ទុយ​ទៅ​វិញ គាត់​បែរ​ជា​ចាប់​អ្នក​នោះ​យក​ទៅ​ដាក់​គុក រហូត​ទាល់​តែ​បាន​សង​បំណុល​រួច។ កាល​ពួក​គូកន​របស់​គាត់​ឃើញ​ដូច្នោះ គេ​មាន​ចិត្ត​ឈឺ​ឆ្អាល​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​ទៅ​ទូល​ប្រាប់​ចៅហ្វាយ​របស់​ខ្លួន ពី​ការ​ទាំង​ប៉ុន្មាន​ដែល​បាន​កើត​ឡើង។ ពេល​នោះ ចៅហ្វាយ​ក៏​ហៅ​អ្នក​នោះ​មក ហើយ​សួរ​អ្នក​នោះ​ថា "នែ៎​អ្នក​បម្រើ​អាក្រក់! យើង​បាន​លុប​បំណុល​របស់​ឯង​ចោល​ទាំង​អស់ ព្រោះ​ឯង​បាន​ទទូច​អង្វរ​យើង។ ដូច្នេះ តើ​មិន​គួរ​ឲ្យ​ឯង​អាណិត​មេត្តា​ដល់​គូកន​របស់​ឯង ដូច​យើង​បាន​អាណិត​មេត្តា​ដល់​ឯង​ទេ​ឬ?" ចៅហ្វាយ​របស់​អ្នក​បម្រើ​នោះ​មាន​សេចក្តី​ក្រោធ​ជា​ខ្លាំង ក៏​បញ្ជូន​អ្នក​នោះ​ទៅ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​អ្នក​នោះ​បាន​សង​បំណុល​គ្រប់​ចំនួន។ ដូច្នេះ ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ក៏​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​ដូច្នោះ​ដែរ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស​ឲ្យ​បង‌ប្អូន​របស់​ខ្លួន ដោយ​ស្មោះ​ពី​ចិត្ត​ទេ​នោះ»។

អាន ម៉ាថាយ 18