ម៉ាថាយ 15:21-39

ម៉ាថាយ 15:21-39 គកស១៦

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​តំបន់​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ពេល​នោះ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​តំបន់​នោះ បាន​ចេញ​មក ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល នាង​វេទនា​ណាស់»។ ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​តប​នឹង​នាង​មួយ​ព្រះ‌ឱស្ឋ​សោះ។ ពួក​សិស្ស​ព្រះ‌អង្គ​ចូល​មក​ជិត ទាំង​ទទូច​ដាក់​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​វិញ​ទៅ ដ្បិត​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​សម​នឹង​យក​អាហារ​របស់​កូន បោះ​ឲ្យ​ឆ្កែ​ស៊ី​ឡើយ»។ ស្ត្រី​នោះ​ទូល​ថា៖ «មែន​ហើយ​ព្រះ‌អម្ចាស់ ប៉ុន្តែ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​ដែល​ធ្លាក់​ពី​តុ​របស់​ម្ចាស់​វា​ដែរ»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​ខ្លាំង​មែន! ចូរ​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ»។ រំពេច​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​ភ្លាម។ ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ទី​នោះ សសៀរ​តាម​មាត់​សមុទ្រ​កាលីឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​ចុះ​នៅ​ទី​នោះ។ មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​រក​ព្រះ‌អង្គ​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ មនុស្ស​គ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជា​មួយ។ គេ​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ ដូច្នេះ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​រួច មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។ ពេល​នោះ ព្រះ‌យេស៊ូវ​ហៅ​ពួក​សិស្សរ​បស់​ព្រះ‌អង្គ​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​មាន​ចិត្ត​ក្តួល​អាណិត​ដល់​បណ្តា‌ជន​ទាំង​នេះ​ណាស់ ព្រោះ​គេ​បាន​នៅ​ជា​មួយ​ខ្ញុំ​អស់​បី​ថ្ងៃ​មក​ហើយ គេ​គ្មាន​អ្វី​បរិ‌ភោគ​សោះ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ ក្រែង​គេ​អស់​កម្លាំង​ដួល​តាម​ផ្លូវ»។ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «នៅ​ទី​រហោ‌ស្ថាន​ដូច្នេះ តើ​យើង​រក​នំបុ័ង​ឯ​ណា ល្មម​នឹង​ឲ្យ​បណ្ដា‌ជន​ច្រើន​យ៉ាង​នេះ​បរិ‌ភោគ​បាន?» ព្រះ‌យេស៊ូវ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន?» គេ​ទូល​ថា៖ «មាន​ប្រាំ​ពីរ​ដុំ និង​ត្រី​តូចៗ​ខ្លះ»។ ក្រោយ​ពី​ប្រាប់​ឲ្យ​បណ្តា‌ជន​អង្គុយ​ផ្ទាល់​នឹង​ដី​ហើយ ទ្រង់​ក៏​យក​នំបុ័ង​ប្រាំ​ពីរ​ដុំ និង​ត្រី​ទាំង​នោះ​មក អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​កាច់​ប្រទាន​ឲ្យ​ពួក​សិស្ស ពួក​សិស្ស​ក៏​យក​ទៅ​ចែក​ឲ្យ​បណ្តា‌ជន។ ពួក​គេ​ទាំង​អស់​គ្នា​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់‌ស្កល់ ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​ប្រាំ​ពីរ​កន្ត្រក។ អស់​អ្នក​ដែល​បាន​បរិ‌ភោគ មាន​បុរស​បួន​ពាន់​នាក់ មិន​រាប់​ស្ត្រី និង​កូន​ក្មេង​ទេ។ ក្រោយ​ពី​បាន​ប្រាប់​ឲ្យ​បណ្តា‌ជន​វិល​ទៅ​វិញ​ហើយ ទ្រង់​ក៏​យាង​ចុះ​ទូក ឆ្លង​ទៅ​តំបន់​ម៉ាកាដាន់។

អាន ម៉ាថាយ 15