ម៉ាថាយ 15:21-28

ម៉ាថាយ 15:21-28 គកស១៦

បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​តំបន់​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ពេល​នោះ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​តំបន់​នោះ បាន​ចេញ​មក ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល នាង​វេទនា​ណាស់»។ ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​តប​នឹង​នាង​មួយ​ព្រះ‌ឱស្ឋ​សោះ។ ពួក​សិស្ស​ព្រះ‌អង្គ​ចូល​មក​ជិត ទាំង​ទទូច​ដាក់​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​វិញ​ទៅ ដ្បិត​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​សម​នឹង​យក​អាហារ​របស់​កូន បោះ​ឲ្យ​ឆ្កែ​ស៊ី​ឡើយ»។ ស្ត្រី​នោះ​ទូល​ថា៖ «មែន​ហើយ​ព្រះ‌អម្ចាស់ ប៉ុន្តែ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​ដែល​ធ្លាក់​ពី​តុ​របស់​ម្ចាស់​វា​ដែរ»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​ខ្លាំង​មែន! ចូរ​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ»។ រំពេច​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​ភ្លាម។

អាន ម៉ាថាយ 15