ម៉ាថាយ 15:1-31

ម៉ាថាយ 15:1-31 គកស១៦

បន្ទាប់​មក ពួក​ផារិស៊ី និង​ពួក​អាចារ្យ​មក​ពី​ក្រុង​យេរូ‌សាឡិម​បាន​ចូល​មក​ជិត​ព្រះ‌យេស៊ូវ​ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​ប្រព្រឹត្ត​ល្មើស​នឹង​ទំនៀម‌ទម្លាប់​របស់​ចាស់​បុរាណ​ដូច្នេះ? ដ្បិត​ពេល​គេ​បរិ‌ភោគ គេ​មិន​លាង​ដៃ​ទេ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា ហេតុ​អ្វី​បាន​ជា​ប្រព្រឹត្ត​ល្មើស​នឹង​បទ‌បញ្ជា​របស់​ព្រះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​ទៅ​វិញ? ដ្បិត​ព្រះ​បាន​បង្គាប់​ថា៖ "ចូរ​គោរព​ឪពុក‌ម្តាយ​របស់​អ្នក" ហើយ​ថា "អ្នក​ណា​និយាយ​អាក្រក់​ពី​ឪពុក‌ម្តាយ នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន" ។ តែ​អ្នក​រាល់​គ្នា​បែរ​ជា​និយាយ​ថា "បើ​អ្នក​ណា​ប្រាប់​ឪពុក‌ម្តាយ​របស់​ខ្លួន​ថា អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក​អ្នក​ម្តាយ នោះ​បាន​ថ្វាយ​ដល់​ព្រះ​ហើយ អ្នក​នោះ​មិន​បាច់​គោរព​ឪពុក‌ម្តាយ​ទេ"។ ដូច្នេះ ដោយ‌សារ​តែ​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​ព្រះ‌បន្ទូល​របស់​ព្រះ។ មនុស្ស​មាន​ពុត​អើយ! ហោរា​អេសាយ​បាន​ទាយ​ពី​អ្នក​រាល់​គ្នា​ត្រូវ​ណាស់​ថា "ប្រជា‌ជន​នេះ​គោរព​យើង​តែ​បបូរ​មាត់ ប៉ុន្តែ ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង គេ​ថ្វាយ‌បង្គំ​យើង​ជា​ឥត​ប្រយោជន៍ ដោយ​បង្រៀន​សេចក្តី​ដែល​ជា​គំនិត របស់​មនុស្ស" »។ បន្ទាប់​មក ព្រះ‌អង្គ​ហៅ​បណ្តា‌ជន​មក​ជិត ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ស្តាប់ ហើយ​យល់​ចុះ! មិន​មែន​អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ទេ ប៉ុន្តែ អ្វី​ដែល​ចេញ​ពី​មាត់​នោះ​វិញ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ»។ ពេល​នោះ ពួក​សិស្ស​ចូល​មក​ជិត ហើយ​ទូល​ព្រះ‌អង្គ​ថា៖ «តើ​លោក​គ្រូ​ជ្រាប​ថា ពួក​ផារិស៊ី​អន់​ចិត្ត​ឬ​ទេ ពេល​គេ​ឮ​សេចក្តី​នេះ?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​ទាំង​រុក្ខជាតិ​ណា​ដែល​ព្រះ‌វរបិតា​របស់​ខ្ញុំ​នៅ​ស្ថាន‌សួគ៌​មិន​បាន​ដាំ នឹង​ត្រូវ​ដក​ចេញ។ កុំ​អំពល់​នឹង​គេ គេ​ជា​មនុស្ស​ខ្វាក់​ដែល​នាំ​មនុស្ស​ខ្វាក់ ហើយ​បើ​មនុស្ស​ខ្វាក់​នាំ​មនុស្ស​ខ្វាក់ នោះ​ទាំង​ពីរ​នាក់​នឹង​ធ្លាក់​ក្នុង​រណ្តៅ»។ ពេល​នោះ ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​នេះ​ដល់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​អ្នក​រាល់​គ្នា​នៅ​តែ​មិន​យល់​ទៀត​ឬ? តើ​អ្នក​រាល់​គ្នា​មិន​យល់​ទេ​ឬ​ថា អ្វី​ដែល​ចូល​ទៅ​ក្នុង​មាត់ វា​ចូល​ទៅ​ក្នុង​ពោះ ហើយ​ចេញ​ទៅ​ក្នុង​បង្គន់? តែ​អ្វី​ដែល​ចេញ​ពី​មាត់ វា​ចេញ​មក​ពី​ក្នុង​ចិត្ត នេះ​ហើយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ។ ដ្បិត​បំណង​អាក្រក់ ការ​សម្លាប់​មនុស្ស អំពើ​ផិត​ក្បត់ សហាយ‌ស្មន់ ការ​លួច​ប្លន់ ការ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ពាក្យ​មួល​បង្កាច់ សុទ្ធ​តែ​ចេញ​មក​ពី​ក្នុង​ចិត្ត​ទាំង​អស់។ សេចក្តី​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ តែ​ដែល​បរិ‌ភោគ​មិន​លាង​ដៃ មិន​មែន​ធ្វើ​ឲ្យ​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ»។ បន្ទាប់​មក ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​ទី​នោះ ទៅ​កាន់​តំបន់​ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូន។ ពេល​នោះ មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​នៅ​តំបន់​នោះ បាន​ចេញ​មក ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល នាង​វេទនា​ណាស់»។ ប៉ុន្តែ ព្រះ‌អង្គ​មិន​បាន​ឆ្លើយ​តប​នឹង​នាង​មួយ​ព្រះ‌ឱស្ឋ​សោះ។ ពួក​សិស្ស​ព្រះ‌អង្គ​ចូល​មក​ជិត ទាំង​ទទូច​ដាក់​ព្រះ‌អង្គ​ថា៖ «សូម​ឲ្យ​នាង​ចេញ​ទៅ​វិញ​ទៅ ដ្បិត​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ព្រះ​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​រក​តែ​ចៀម ដែល​បាត់‌បង់​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ប៉ុណ្ណោះ»។ ប៉ុន្តែ ស្ត្រី​នោះ​ចូល​មក ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ! សូម​ជួយ​ខ្ញុំ​ម្ចាស់​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «មិន​សម​នឹង​យក​អាហារ​របស់​កូន បោះ​ឲ្យ​ឆ្កែ​ស៊ី​ឡើយ»។ ស្ត្រី​នោះ​ទូល​ថា៖ «មែន​ហើយ​ព្រះ‌អម្ចាស់ ប៉ុន្តែ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​ដែល​ធ្លាក់​ពី​តុ​របស់​ម្ចាស់​វា​ដែរ»។ ពេល​នោះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​នាង​ថា៖ «នាង​អើយ នាង​មាន​ជំនឿ​ខ្លាំង​មែន! ចូរ​ឲ្យ​បាន​សម្រេច​តាម​ចិត្ត​នាង​ប្រាថ្នា​ចុះ»។ រំពេច​នោះ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​ភ្លាម។ ព្រះ‌យេស៊ូវ​បាន​យាង​ចេញ​ពី​ទី​នោះ សសៀរ​តាម​មាត់​សមុទ្រ​កាលីឡេ រួច​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​ចុះ​នៅ​ទី​នោះ។ មាន​មហា‌ជន​ច្រើន​កុះករ​ចូល​មក​រក​ព្រះ‌អង្គ​នាំ​ទាំង​មនុស្ស​ខ្វិន មនុស្ស​ខ្វាក់ មនុស្ស​ពិការ មនុស្ស​គ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជា​មួយ។ គេ​ដាក់​អ្នក​ជំងឺ​ទាំង​នោះ​នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ប្រោស​គេ​ឲ្យ​បាន​ជា។ ដូច្នេះ មហា‌ជន​មាន​សេចក្តី​អស្ចារ្យ ពេល​ឃើញ​មនុស្ស​គ​និយាយ​បាន មនុស្ស​ពិការ​ជា​ដូច​ធម្មតា មនុស្ស​ខ្វិន​ដើរ​រួច មនុស្ស​ខ្វាក់​មើល​ឃើញ ហើយ​គេ​ក៏​សរសើរ​តម្កើង​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល។

អាន ម៉ាថាយ 15