បន្ទាប់មក គេនាំបុរសអារក្សចូលម្នាក់ដែលខ្វាក់ ហើយគ មករកព្រះអង្គ ព្រះអង្គក៏ប្រោសគាត់ឲ្យបានជា។ ដូច្នេះបុរសដែលគនោះ ក៏និយាយបាន ហើយមើលឃើញ។ មហាជនមានសេចក្តីអស្ចារ្យទាំងអស់គ្នា ហើយនិយាយថា៖ «តើអ្នកនេះជាព្រះរាជវង្សព្រះបាទដាវីឌមែនឬ?» ប៉ុន្តែ កាលពួកផារិស៊ីបានឮពាក្យនេះ គេឆ្លើយឡើងថា៖ «អ្នកនេះដេញអារក្ស ដោយសារតែបេលសេប៊ូល ជាមេអារក្សប៉ុណ្ណោះ»។ ដោយជ្រាបគំនិតរបស់គេ ព្រះអង្គក៏មានព្រះបន្ទូលទៅគេថា៖ «អស់ទាំងនគរណាដែលបែកបាក់ទាស់ទែងគ្នាឯង នឹងត្រូវវិនាសមិនខាន ហើយក្រុងណា ឬផ្ទះណាដែលបែកបាក់ទាស់ទែងគ្នាឯង នោះក៏មិនអាចស្ថិតស្ថេរនៅបានដែរ ហើយបើសាតាំង ដេញសាតាំង វាបែកបាក់ទាស់ទែងនឹងខ្លួនវា នោះធ្វើដូចម្តេចឲ្យរាជ្យរបស់វាស្ថិតស្ថេរនៅបាន? ប្រសិនបើខ្ញុំដេញអារក្សដោយសារបេលសេប៊ូលមែន តើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្នកណាទៅវិញ? ដូច្នេះ ពួកគេនឹងធ្វើជាចៅក្រមរបស់អ្នករាល់គ្នា។ ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារព្រះវិញ្ញាណរបស់ព្រះ នោះបានសេចក្ដីថា ព្រះរាជ្យរបស់ព្រះបានមកដល់អ្នករាល់គ្នាហើយ។ តើធ្វើដូចម្តេចឲ្យគេចូលទៅក្នុងផ្ទះរបស់មនុស្សខ្លាំងពូកែ ហើយប្លន់យកទ្រព្យសម្បត្តិរបស់អ្នកនោះបាន? លុះត្រាតែចងអ្នកខ្លាំងនោះជាមុនសិន នោះទើបអាចប្លន់យកទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់បាន។ អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា មនុស្សអាចនឹងទទួលបានការអត់ទោសឲ្យរាល់អំពើបាប និងពាក្យប្រមាថ តែពាក្យប្រមាថដល់ព្រះវិញ្ញាណ នឹងមិនអាចអត់ទោសឲ្យបានឡើយ។ អ្នកណាពោលពាក្យទាស់នឹងកូនមនុស្ស នោះអាចនឹងអត់ទោសឲ្យបាន តែអ្នកណាពោលពាក្យទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចអត់ទោសឲ្យបានឡើយ ទោះក្នុងសម័យនេះ ឬនៅឯបរលោកក៏ដោយ»។ «បើដាំដើមឈើល្អ ផ្លែវាក៏ល្អ តែបើដាំដើមឈើអាក្រក់ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។ ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។ មនុស្សល្អ តែងបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អដែលមានក្នុងចិត្ត រីឯមនុស្សអាក្រក់ ក៏តែងបញ្ចេញសេចក្តីអាក្រក់ ពីកំណប់អាក្រក់របស់គេដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្ដីរបស់ខ្លួន ហើយក៏នឹងជាប់ទោស ដោយសារតែពាក្យសម្ដីរបស់ខ្លួនដែរ»។ ពេលនោះ ពួកអាចារ្យ និងពួកផារិស៊ីខ្លះ គេទូលព្រះអង្គថា៖ «លោកគ្រូ យើងខ្ញុំចង់ឃើញទីសម្គាល់មួយពីលោក»។ តែព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។ ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់បីថ្ងៃបីយប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី បីថ្ងៃបីយប់យ៉ាងនោះដែរ។ ប្រជាជនក្រុងនីនីវេនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះគេបានប្រែចិត្ត ពេលឮសេចក្តីប្រកាសរបស់លោកយ៉ូណាស ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងលោកយ៉ូណាសទៅទៀត។ មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងព្រះបាទសាឡូម៉ូនទៅទៀត»។ «ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាដើរចុះឡើងនៅតំបន់ហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានសោះ។ ពេលនោះ វាគិតថា "យើងនឹងត្រឡប់ទៅរកផ្ទះ ដែលយើងបានចេញមកនោះវិញ"។ ពេលវាមកដល់ វាឃើញផ្ទះនោះនៅទំនេរ បោសស្អាត ហើយរៀបចំល្អ នោះវាក៏ចេញទៅនាំវិញ្ញាណប្រាំពីរផ្សេងទៀត ដែលអាក្រក់ជាងវាមក ហើយនាំគ្នាចូលទៅនៅទីនោះ ធ្វើឲ្យស្ថានភាពក្រោយរបស់មនុស្សនោះ កាន់តែអាក្រក់ជាងមុនទៅទៀត រីឯមនុស្សអាក្រក់ជំនាន់នេះ ក៏នឹងកើតឡើងដូច្នោះដែរ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលទៅកាន់មហាជននៅឡើយ នោះមាតា និងប្អូនប្រុសៗរបស់ព្រះអង្គឈរនៅខាងក្រៅ ចង់និយាយជាមួយព្រះអង្គ។ មានម្នាក់ទូលព្រះអង្គថា៖ «មើល៍ ម្តាយ និងប្អូនៗរបស់លោកកំពុងឈរនៅខាងក្រៅ ចង់និយាយជាមួយលោក»។ ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលតបទៅអ្នកនោះថា៖ «តើអ្នកណាជាម្តាយខ្ញុំ ហើយអ្នកណាជាប្អូនខ្ញុំ?» រួចព្រះអង្គមានព្រះបន្ទូល ទាំងចង្អុលទៅពួកសិស្សព្រះអង្គថា៖ «អ្នកទាំងនេះហើយជាម្តាយ និងជាប្អូនរបស់ខ្ញុំ ដ្បិតអ្នកណាធ្វើតាមព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ អ្នកនោះហើយជាប្អូនប្រុសប្អូនស្រី និងជាម្តាយរបស់ខ្ញុំ»។
អាន ម៉ាថាយ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 12:22-50
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ