នៅវេលានោះ ព្រះយេស៊ូវយាងកាត់ស្រែនៅថ្ងៃសប្ប័ទ ពួកសិស្សរបស់ព្រះអង្គឃ្លាន ហើយគេចាប់ផ្ដើមបូតគួរស្រូវបរិភោគ។ ពេលពួកផារិស៊ីឃើញ គេទូលព្រះអង្គថា៖ «មើល៍ ពួកសិស្សរបស់លោកកំពុងធ្វើអ្វីដែលច្បាប់ហាមមិនឲ្យធ្វើ នៅថ្ងៃសប្ប័ទ!»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នាមិនបានអានអំពីការដែលព្រះបាទដាវីឌបានធ្វើ ពេលព្រះអង្គ និងពួកអ្នករួមដំណើរជាមួយបានឃ្លានទេឬ? ស្ដេចបានយាងចូលទៅក្នុងដំណាក់របស់ព្រះ ហើយសោយនំបុ័ងតាំងថ្វាយព្រះ ដែលច្បាប់ហាមមិនឲ្យស្ដេចសោយ ឬពួកអ្នកដែលនៅជាមួយបរិភោគទេ គឺសម្រាប់តែពួកសង្ឃប៉ុណ្ណោះ។ តើអ្នករាល់គ្នាមិនបានអានគម្ពីរក្រឹត្យវិន័យដែលថា នៅថ្ងៃសប្ប័ទ ពួកសង្ឃនៅក្នុងព្រះវិហារប្រព្រឹត្តរំលងច្បាប់ថ្ងៃសប្ប័ទ តែគ្មានទោសទេឬ? ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅទីនេះ មានម្នាក់វិសេសជាងព្រះវិហារទៅទៀត ប៉ុន្តែ បើអ្នករាល់គ្នាយល់អត្ថន័យនៃសេចក្តីដែលចែងថា "យើងចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ" នោះអ្នករាល់គ្នាមិនបន្ទោសពួកអ្នកដែលគ្មានទោសឡើយ ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃសប្ប័ទ»។ ព្រះអង្គយាងចេញពីទីនោះ ហើយចូលទៅក្នុងសាលាប្រជុំរបស់គេ។ មានបុរសស្វិតដៃម្នាក់នៅទីនោះ ហើយគេទូលសួរព្រះអង្គថា៖ «តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃសប្ប័ទឬទេ?» គេសួរនេះដើម្បីឲ្យមានរឿងចោទប្រកាន់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាម្នាក់មានចៀមតែមួយ ហើយចៀមនោះធ្លាក់រណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកនោះមិនចាប់ស្រង់វាចេញពីរណ្ដៅទេឬ? ចុះមនុស្សវិញ តើមានតម្លៃលើសជាងចៀមមួយក្បាលអម្បាលម៉ានទៅទៀត? ដូច្នេះ មានច្បាប់នឹងធ្វើការល្អនៅថ្ងៃសប្ប័ទបាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកទៅ!»។ គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជា ដូចដៃម្ខាងទៀត។ ពេលនោះ ពួកផារិស៊ីបានចេញទៅ ហើយពិគ្រោះគ្នារកហេតុនឹងធ្វើគុតព្រះអង្គ។ កាលព្រះយេស៊ូវជ្រាបពីការនោះ ទ្រង់ក៏យាងថយពីទីនោះ ហើយមានមហាជនជាច្រើនដើរតាមព្រះអង្គ។ ព្រះអង្គប្រោសគេគ្រប់គ្នាឲ្យបានជា តែព្រះអង្គហាមមិនឲ្យគេនិយាយពីព្រះអង្គប្រាប់អ្នកណាឡើយ។ ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាអេសាយថា៖ «នេះជាអ្នកបម្រើរបស់យើង ដែលយើងបានជ្រើសរើស ជាស្ងួនភ្ងារបស់យើង យើងពេញចិត្តនឹងព្រះអង្គណាស់។ យើងនឹងដាក់វិញ្ញាណរបស់យើង សណ្ឋិតលើព្រះអង្គ ហើយទ្រង់នឹងប្រកាសប្រាប់ ពីសេចក្តីយុត្តិធម៌ដល់សាសន៍ដទៃ។ ទ្រង់នឹងមិនឈ្លោះប្រកែក ក៏មិនស្រែកឡើងផង គ្មានអ្នកណាឮសំឡេងព្រះអង្គនៅតាមផ្លូវទេ។ ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនពន្លត់ប្រឆេះដែលនៅហុយដែរ រហូតដល់ព្រះអង្គនាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជម្នះ ហើយក្នុងនាមព្រះអង្គ សាសន៍ដទៃនឹងមានសង្ឃឹម »។
អាន ម៉ាថាយ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 12:1-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ