ម៉ាឡាគី 1:8-13

ម៉ាឡាគី 1:8-13 គកស១៦

ពេល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ដែល​ខ្វាក់​ជា​យញ្ញ‌បូជា នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ហើយ​កាល​ណា​អ្នក​រាល់​គ្នា​ថ្វាយ​សត្វ​ខ្ញើច និង​សត្វ​ដែល​ឈឺ នោះ​ក៏​មិន​អាក្រក់​ដែរ​ឬ? ចូរ​ជូន​ដល់​ចៅ‌ហ្វាយ​អ្នក​ល​មើល តើ​លោក​សុខ​ចិត្ត​ទទួល ឬ​ទទួល​អ្នក​ដោយ​រាក់​ទាក់​ឬ​ទេ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឥឡូវ​នេះ ចូរ​អ្នក​រាល់​គ្នា​ទូល‌អង្វរ​ដល់​ព្រះ ដើម្បី​សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង។ ការ​ទាំង​អស់​នេះ​កើត​ឡើង​ដោយ‌សារ​អ្នក​រាល់​គ្នា ដូច្នេះ តើ​ព្រះ‌អង្គ​នឹង​ទទួល​អ្នក​រាល់​គ្នា​ដោយ​រាក់​ទាក់​ឬ? នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ឱ​ប្រសិន‌បើ​មាន​អ្នក​ណា​មួយ ក្នុង​ចំណោមអ្នក​រាល់​គ្នា​បិទ​ទ្វារ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង​នៅ​លើ​អាសនា​របស់​យើង ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា យើង​មិន​ចូល​ចិត្ត​អ្នក​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​តង្វាយ​ណា​ពី​ដៃ​អ្នក​រាល់​គ្នា​ដែរ។ ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​យើង ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ ប៉ុន្តែ ចំណែកអ្នក​រាល់​គ្នា តែង‌តែ​បង្អាប់​ឈ្មោះ​យើង ដោយ​ពោល​ថា តុ​របស់​ព្រះ‌យេហូវ៉ា​ត្រូវ​ស្មោក‌គ្រោក​ហើយ ឯ​ផល គឺ​ជា​អាហារ​នៅ​លើ​តុ​នោះ ក៏​គួរ​មើល‌ងាយ​ដែរ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ពោល​ថា "ការ​នេះ​ធុញ​ណាស់" ហើយ​អ្នក​រាល់​គ្នា​បាន​មើល​ងាយ​យើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។ អ្នក​រាល់​គ្នា​យក​របស់​ដែល​បាន​ប្លន់​ពី​គេ​មក ព្រម​ទាំង​សត្វ​ខ្ញើច និង​សត្វ​ឈឺ​ផង ដែល​អ្នក​រាល់​គ្នា​នាំ​តង្វាយ​មក​ថ្វាយ ដូច្នេះ ព្រះ‌យេហូវ៉ា​សួរ​ថា តើ​គួរ​ឲ្យ​យើង​ទទួល​ពី​ដៃ​អ្នក​រាល់​គ្នា​ឬ​ទេ?

អាន ម៉ាឡាគី 1