ក្រោយមកភ្លាម ព្រះអង្គយាងទៅតាមក្រុង និងតាមភូមិនានា ទាំងប្រកាសប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ។ អ្នកទាំងដប់ពីរនៅជាមួយព្រះអង្គ ហើយស្ត្រីខ្លះដែលបានជាពីវិញ្ញាណអាក្រក់ និងពីជំងឺផ្សេងៗក៏នៅជាមួយដែរ គឺមាននាងម៉ារា ហៅថាអ្នកស្រុកម៉ាក់ដាឡា ដែលមានអារក្សប្រាំពីរចេញពីនាង នាងយ៉ូអាន់ ប្រពន្ធរបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូឌ នាងស៊ូសាន និងស្ត្រីឯទៀតៗជាច្រើន ដែលផ្គត់ផ្គង់ព្រះអង្គ និងពួកសិស្សដោយធនធានរបស់ខ្លួន។ កាលមហាជនច្រើនកុះករ និងមនុស្សមកពីក្រុងផ្សេងៗ បាននាំគ្នាមកជួបព្រះអង្គហើយ ព្រះអង្គក៏មានព្រះបន្ទូលជារឿងប្រៀបធៀបថា៖ «មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះពូជរបស់ខ្លួន។ ពេលគាត់ព្រោះ ពូជខ្លះធ្លាក់លើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី។ មានពូជខ្លះទៀតធ្លាក់ទៅលើថ្ម កាលពន្លកដុះឡើង នោះក៏ក្រៀមស្វិតទៅ ព្រោះគ្មានសំណើម។ មានពូជខ្លះទៀតធ្លាក់ទៅក្នុងគុម្ពបន្លា ហើយបន្លាក៏ដុះឡើងជាមួយពូជនោះ ខ្ទប់ពូជនោះជិត។ មានពូជខ្លះទៀតធ្លាក់ទៅលើដីល្អ ហើយពេលពូជនោះដុះឡើង បង្កើតផលផ្លែបានមួយជាមួយរយ»។ កាលព្រះអង្គមានព្រះបន្ទូលសេចក្តីទាំងនោះហើយ ព្រះអង្គបន្លឺព្រះសូរសៀងថា៖ «អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។ កាលពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនេះមានន័យដូចម្តេច ព្រះអង្គមានព្រះបន្ទូលថា៖ «សម្រាប់អ្នករាល់គ្នា ព្រះបានប្រទានឲ្យស្គាល់អាថ៌កំបាំងនៃព្រះរាជ្យរបស់ព្រះអង្គ តែចំពោះអ្នកដទៃ គឺជារឿងប្រៀបធៀបវិញ ដើម្បី "កាលណាគេមើល តែមិនឃើញ ហើយកាលណាគេស្ដាប់ តែមិនយល់" »។ «រីឯរឿងប្រៀបធៀបនេះ គឺស្រាយយ៉ាងនេះថា ពូជជាព្រះបន្ទូលរបស់ព្រះ។ ពូជដែលធ្លាក់តាមផ្លូវ គឺអស់អ្នកដែលបានឮ រួចអារក្សក៏មកឆក់យកព្រះបន្ទូលចេញពីចិត្តគេទៅ ដើម្បីកុំឲ្យគេជឿ ហើយបានសង្គ្រោះ។ ពូជដែលធ្លាក់លើថ្ម គឺអស់អ្នកដែលនៅពេលឮព្រះបន្ទូល នោះក៏ទទួលដោយអំណរ តែមិនចាក់ឫសសោះ គេជឿតែមួយភ្លែត ហើយនៅពេលមានការល្បងល គេក៏រសាយចិត្តទៅវិញ។ រីឯពូជដែលធ្លាក់ទៅក្នុងបន្លា គឺអស់អ្នកដែលបានឮ តែពេលគេចេញទៅ នោះសេចក្តីខ្វល់ខ្វាយនឹងទ្រព្យសម្បត្តិ និងចិត្តស្រើបស្រាលនៃជីវិតនេះ ក៏ចូលមកខ្ទប់ជិត មិនឲ្យបង្កើតផលផ្លែពេញលេញបានឡើយ។ រីឯពូជនៅក្នុងដីល្អ គេជាពួកអ្នកដែលបានឮព្រះបន្ទូលហើយ ក៏រក្សាទុកជាប់ដោយចិត្តល្អទៀងត្រង់ ហើយបង្កើតផលដោយអត់ធ្មត់»។ «គ្មានអ្នកណាអុជចង្កៀង រួចយកផើងមកគ្រប ឬយកទៅដាក់នៅក្រោមគ្រែឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូលមកបានឃើញពន្លឺនោះ។ ដ្បិតគ្មានអ្វីលាក់កំបាំង ដែលមិនត្រូវបើកសម្ដែងឲ្យឃើញ ឬអ្វីសម្ងាត់ដែលមិនត្រូវឲ្យដឹង ហើយយកទៅដាក់នៅទីភ្លឺនោះឡើយ។ ដូច្នេះ ចូរឲ្យប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ដ្បិតអ្នកដែលមាន នឹងត្រូវបន្ថែមឲ្យ តែអ្នកដែលគ្មាន នោះនឹងត្រូវយកចេញ សូម្បីតែអ្វីដែលអ្នកនោះគិតថាខ្លួនមាននោះទៀតផង»។
អាន លូកា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 8:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ