លូកា 6:20-42

លូកា 6:20-42 គកស១៦

ព្រះ‌អង្គ​ងើប​ព្រះ‌នេត្រ​ឡើង ទត​ទៅ​ពួក​សិស្ស ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ក្រ​ក្សត់ ដ្បិត​ព្រះរាជ្យ​របស់​ព្រះ​ជា​របស់​អ្នក​រាល់​គ្នា។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​ឃ្លាន​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​យំ​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​បាន​សើច។ អ្នក​រាល់​គ្នា​មាន​ពរ ពេល​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា ពេល​គេ​កាត់‌កាល់ ត្មះ‌តិះ‌ដៀល ហើយ​មើល​ងាយ​អ្នក​រាល់​គ្នា ដោយ​ព្រោះ​កូន​មនុស្ស។ ចូរ​អរ​សប្បាយ​នៅ​ថ្ងៃ​នោះ ហើយ​លោត​ដោយ​អំណរ​ចុះ ដ្បិត​មើល៍ អ្នក​រាល់​គ្នា​មាន​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន‌សួគ៌ ព្រោះ​បុព្វ‌បុរស​របស់​គេ ក៏​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​ហោរា​ពី​ដើម​យ៉ាង​ដូច្នោះ​ដែរ។ ប៉ុន្ដែ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ជា​អ្នក​មាន ដ្បិត​អ្នក​រាល់​គ្នា​បាន​ទទួល ការ​កម្សាន្ត​ចិត្ត​រួច​ស្រេច​ហើយ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​ឆ្អែត​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឃ្លាន​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា​ដែល​កំពុង​សើច​នៅ​ពេល​នេះ ដ្បិត​អ្នក​រាល់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​យំ​សោក​វិញ។ វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ដ្បិត​ពី​ដើម បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។ «ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ដែល​កំពុង​ស្តាប់​ថា ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ចូរ​ធ្វើ​ល្អ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​អ្នក​រាល់​គ្នា ចូរ​ឲ្យ​ពរ​អស់​អ្នក​ដែល​ប្រទេច​ផ្តាសា​អ្នក​រាល់​គ្នា ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា។ ប្រសិន‌បើ​មាន​អ្នក​ណា​ទះ​កំផ្លៀង​អ្នក​ម្ខាង ចូរ​បែរ​ម្ខាង​ឲ្យ​គេ​ទៀត​ចុះ ហើយ​ប្រសិន‌បើ​អ្នក​ណា​យក​អាវ​វែង​របស់​អ្នក ក៏​កុំ​ឃាត់​មិន​ឲ្យ​គេ​យក​អាវ​តូច​របស់​អ្នក​ឡើយ។ ចូរ​ឲ្យ​ដល់​អ្នក​ណា​ដែល​សុំ​ពី​អ្នក ហើយ​បើ​អ្នក​ណា​យក​របស់​អ្វី​ពី​អ្នក កុំ​ឲ្យ​ទារ​ពី​គេ​វិញ​ឡើយ។ អ្នក​រាល់​គ្នា​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ត្រូវ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ដែរ»។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​តែ​អស់​អ្នក​ដែល​ស្រឡាញ់​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ស្រឡាញ់​អស់​អ្នក​ដែល​ស្រឡាញ់​គេ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ធ្វើ​ល្អ​ចំពោះ​តែ​អស់​អ្នក​ដែល​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ធ្វើ​ដូច្នេះ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ឲ្យ​គេ​ខ្ចី ដោយ​សង្ឃឹម​ថា​នឹង​បាន​វិញ នោះ​តើ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​អ្នក? ដ្បិត​សូម្បី​តែ​មនុស្ស​បាប​ក៏​ចេះ​ឲ្យ​មនុស្ស​បាប​ខ្ចី​ដែរ ដើម្បី​ឲ្យ​បាន​ទទួល​ដូច​ដើម​វិញ។ ប៉ុន្ដែ ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ល្អ ហើយ​ឲ្យ​គេ​ខ្ចី ដោយ​កុំ​សង្ឃឹម​ចង់​បាន​អ្វី​មក​វិញ​ឡើយ។ អ្នក​រាល់​គ្នា​នឹង​បាន​រង្វាន់​យ៉ាង​ធំ ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​កូន​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​មនុស្ស​អកត្តញ្ញូ និង​មនុស្ស​អាក្រក់​ដែរ។ ចូរ​មាន​ចិត្ត​មេត្តា‌ករុណា ដូច​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​ដែរ។ «កុំ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ។ ចូរ​ឲ្យ​ទៅ​គេ នោះ​គេ​នឹងឲ្យ​មក​អ្នក​ដែរ គេ​នឹង​វាល់​ឲ្យ​អ្នក​យ៉ាង​ល្អ ទាំង​ញាត់ ទាំង​រលាក់ ហើយ​ដាក់​ឲ្យ​ហៀរ និង​យក​មក​ដាក់​បំពេញ​ចិត្ត​អ្នក​ផង ដ្បិត​គេ​នឹង​វាល់​ឲ្យ​អ្នក តាម​រង្វាល់​ណា​ដែល​អ្នក​វាល់​ឲ្យ​គេ»។ ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​ទៅ​គេ​ទៀតថា៖ «តើ​មនុស្ស​ខ្វាក់​អាច​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​បាន​ឬ? តើ​មិន​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​ទាំង​ពីរ​នាក់​ទេឬ? សិស្ស​មិន​លើស​ជាង​គ្រូ​ទេ តែ​គ្រប់​គ្នា​ដែល​បាន​ទទួល​ការ​ហ្វឹក​ហាត់​ពេញ​លេញ នោះ​នឹង​បាន​ដូច​គ្រូ​ដែរ។ ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ? ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក ដែល​មើល​ធ្នឹម​ក្នុង​ភ្នែក​របស់​ខ្លួន​មិន​ឃើញ អាច​និយាយ​ទៅ​បង‌ប្អូន​របស់​ខ្លួន​បាន​ថា "ប្អូន​អើយ ទុក​ឲ្យ​ខ្ញុំ​យក​កម្ទេច​ពី​ភ្នែក​អ្នក​ចេញ" បាន? មនុស្ស​មាន​ពុត​អើយ! ចូរ​យក​ធ្នឹម​ពី​ភ្នែក​អ្នក​ចេញ​ជា​មុន​សិន នោះ​ទើប​អ្នក​មើល​ឃើញ​ច្បាស់ អាច​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន»។

អាន លូកា 6

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 6:20-42