ព្រះអង្គងើបព្រះនេត្រឡើង ទតទៅពួកសិស្ស ហើយមានព្រះបន្ទូលថា៖ «មានពរហើយ អ្នករាល់គ្នាដែលក្រក្សត់ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់អ្នករាល់គ្នា។ មានពរហើយ អ្នករាល់គ្នាដែលឃ្លាននៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានឆ្អែត។ មានពរហើយ អ្នករាល់គ្នាដែលយំនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងបានសើច។ អ្នករាល់គ្នាមានពរ ពេលមនុស្សស្អប់អ្នករាល់គ្នា ពេលគេកាត់កាល់ ត្មះតិះដៀល ហើយមើលងាយអ្នករាល់គ្នា ដោយព្រោះកូនមនុស្ស។ ចូរអរសប្បាយនៅថ្ងៃនោះ ហើយលោតដោយអំណរចុះ ដ្បិតមើល៍ អ្នករាល់គ្នាមានរង្វាន់យ៉ាងធំនៅស្ថានសួគ៌ ព្រោះបុព្វបុរសរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ។ ប៉ុន្ដែ វេទនាដល់អ្នករាល់គ្នាដែលជាអ្នកមាន ដ្បិតអ្នករាល់គ្នាបានទទួល ការកម្សាន្តចិត្តរួចស្រេចហើយ។ វេទនាដល់អ្នករាល់គ្នាដែលឆ្អែតនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងត្រូវឃ្លានវិញ។ វេទនាដល់អ្នករាល់គ្នាដែលកំពុងសើចនៅពេលនេះ ដ្បិតអ្នករាល់គ្នានឹងកាន់ទុក្ខ ហើយយំសោកវិញ។ វេទនាដល់អ្នករាល់គ្នា កាលណាមនុស្សទាំងអស់និយាយល្អពីអ្នករាល់គ្នា ដ្បិតពីដើម បុព្វបុរសរបស់គេក៏បានប្រព្រឹត្ត ចំពោះពួកហោរាក្លែងក្លាយយ៉ាងដូច្នោះដែរ»។ «ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាដែលកំពុងស្តាប់ថា ចូរអ្នករាល់គ្នាស្រឡាញ់ខ្មាំងសត្រូវរបស់ខ្លួន ចូរធ្វើល្អចំពោះអស់អ្នកដែលស្អប់អ្នករាល់គ្នា ចូរឲ្យពរអស់អ្នកដែលប្រទេចផ្តាសាអ្នករាល់គ្នា ហើយអធិស្ឋានឲ្យអស់អ្នកដែលធ្វើទុក្ខអ្នករាល់គ្នា។ ប្រសិនបើមានអ្នកណាទះកំផ្លៀងអ្នកម្ខាង ចូរបែរម្ខាងឲ្យគេទៀតចុះ ហើយប្រសិនបើអ្នកណាយកអាវវែងរបស់អ្នក ក៏កុំឃាត់មិនឲ្យគេយកអាវតូចរបស់អ្នកឡើយ។ ចូរឲ្យដល់អ្នកណាដែលសុំពីអ្នក ហើយបើអ្នកណាយករបស់អ្វីពីអ្នក កុំឲ្យទារពីគេវិញឡើយ។ អ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ត្រូវប្រព្រឹត្តចំពោះគេយ៉ាងនោះដែរ»។ ប្រសិនបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកដែលស្រឡាញ់អ្នករាល់គ្នា នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះស្រឡាញ់អស់អ្នកដែលស្រឡាញ់គេដែរ។ ប្រសិនបើអ្នករាល់គ្នាធ្វើល្អចំពោះតែអស់អ្នកដែលធ្វើល្អចំពោះអ្នករាល់គ្នា នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះធ្វើដូច្នេះដែរ។ ប្រសិនបើអ្នករាល់គ្នាឲ្យគេខ្ចី ដោយសង្ឃឹមថានឹងបានវិញ នោះតើមានគុណបំណាច់អ្វីចំពោះអ្នក? ដ្បិតសូម្បីតែមនុស្សបាបក៏ចេះឲ្យមនុស្សបាបខ្ចីដែរ ដើម្បីឲ្យបានទទួលដូចដើមវិញ។ ប៉ុន្ដែ ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នករាល់គ្នា ចូរធ្វើល្អ ហើយឲ្យគេខ្ចី ដោយកុំសង្ឃឹមចង់បានអ្វីមកវិញឡើយ។ អ្នករាល់គ្នានឹងបានរង្វាន់យ៉ាងធំ ហើយអ្នករាល់គ្នានឹងធ្វើជាកូនរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតព្រះអង្គមានព្រះហឫទ័យសប្បុរសចំពោះមនុស្សអកត្តញ្ញូ និងមនុស្សអាក្រក់ដែរ។ ចូរមានចិត្តមេត្តាករុណា ដូចព្រះវរបិតារបស់អ្នករាល់គ្នា ទ្រង់មានព្រះហឫទ័យមេត្តាករុណាដែរ។
អាន លូកា 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 6:20-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ