លូកា 4
4
ព្រះយេស៊ូវឈ្នះការល្បួង
(ម៉ាថាយ ៤.១-១១ ម៉ាកុស ១.១២-១៣)
1ព្រះយេស៊ូវបានវិលពីទន្លេយ័រដាន់វិញ ទាំងពេញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយព្រះវិញ្ញាណនាំព្រះអង្គទៅទីរហោស្ថាន 2ព្រះអង្គត្រូវអារក្សល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងថ្ងៃទាំងនោះ ព្រះអង្គមិនបានសោយអ្វីសោះ។ លុះផុតថ្ងៃទាំងនោះទៅ ទ្រង់ក៏ឃ្លាន។ 3អារក្សទូលព្រះអង្គថា៖ «ប្រសិនបើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងមើល៍»។ 4ព្រះយេស៊ូវមានព្រះបន្ទូលតបទៅវាថា៖ «មានសេចក្តីចែងទុកមកថា "មនុស្សមិនមែនរស់ដោយសារតែនំបុ័ងប៉ុណ្ណោះទេ" »។
5បន្ទាប់មក អារក្សបាននាំព្រះអង្គឡើងទៅកន្លែងមួយខ្ពស់ ហើយបង្ហាញនគរទាំងអស់របស់លោកីយ៍ឲ្យព្រះអង្គឃើញ ក្នុងរយៈពេលមួយដ៏ខ្លី 6ហើយទូលព្រះអង្គថា៖ «ខ្ញុំនឹងឲ្យអំណាច និងសិរីល្អនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំប្រគល់ឲ្យអ្នកណាស្រេចតែនឹងចិត្តខ្ញុំ។ 7ដូច្នេះ ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក»។ 8ព្រះយេស៊ូវឆ្លើយទៅវាថា៖ «មានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវបម្រើតែព្រះអង្គមួយប៉ុណ្ណោះ"» ។
9បន្ទាប់មក អារក្សបាននាំព្រះអង្គទៅក្រុងយេរូសាឡិម ដាក់ព្រះអង្គនៅលើកំពូលព្រះវិហារ ហើយទូលព្រះអង្គថា៖ «ប្រសិនបើអ្នកជាព្រះរាជបុត្រារបស់ព្រះមែន សូមទម្លាក់ខ្លួនពីនេះទៅក្រោមមើល៍ 10ដ្បិតមានសេចក្តីចែងទុកមកថា "ព្រះអង្គនឹងបង្គាប់ពួកទេវតារបស់ព្រះអង្គពីដំណើរអ្នក ដើម្បីថែរក្សាអ្នក 11ហើយទេវតាទាំងនោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម"» ។ 12ព្រះយេស៊ូវឆ្លើយទៅវាថា៖ «បទគម្ពីរចែងថា "កុំល្បងលព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ"» ។ 13កាលអារក្សបានល្បួងសព្វគ្រប់ហើយ វាក៏ថយចេញពីព្រះអង្គទៅ រហូតដល់ពេលមានឱកាស។
ការចាប់ផ្ដើមព្រះរាជកិច្ចនៅស្រុកកាលីឡេ
(ម៉ាថាយ ៤.១២-១៧, ១៣.៥៣-៥៨ ម៉ាកុស ១.១៤-១៥, ៦.១-៦)
14បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេវិញ ទាំងពេញដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គលេចឮសុសសាយ ពាសពេញស្រុកដែលនៅជុំវិញ។ 15ព្រះអង្គបង្រៀននៅក្នុងសាលាប្រជុំរបស់គេ ហើយគេសរសើរតម្កើងព្រះអង្គគ្រប់គ្នា។
អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលស្គាល់ព្រះយេស៊ូវ
16កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ 17គេក៏យកគម្ពីរហោរាអេសាយមកថ្វាយព្រះអង្គ។ ព្រះអង្គបានបើកគម្ពីរ ហើយរកឃើញកន្លែងដែលមានចែងទុកមកថា៖
18«ព្រះវិញ្ញាណរបស់ព្រះអម្ចាស់សណ្ឋិតលើខ្ញុំ
ព្រោះព្រះអង្គបានចាក់ប្រេងតាំងខ្ញុំ
ឲ្យប្រកាសដំណឹងល្អដល់មនុស្សក្រីក្រ។
ព្រះអង្គបានចាត់ខ្ញុំឲ្យមក
ដើម្បីប្រកាសពីការដោះលែងដល់ពួកឈ្លើយ
និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់
ហើយរំដោះមនុស្សដែលត្រូវគេសង្កត់សង្កិតឲ្យរួច
19ព្រមទាំងប្រកាសពីឆ្នាំដែលព្រះអម្ចាស់
គាប់ព្រះហឫទ័យ» ។
20កាលព្រះអង្គបានបិទគម្ពីរ ប្រគល់ទៅអ្នកថែរក្សាវិញហើយ ព្រះអង្គក៏គង់ចុះ។ ភ្នែករបស់មនុស្សទាំងអស់នៅក្នុងសាលាប្រជុំ បានសម្លឹងមើលព្រះអង្គ។ 21ពេលនោះ ព្រះអង្គចាប់ផ្ដើមមានព្រះបន្ទូលទៅគេថា៖ «នៅថ្ងៃនេះ បទគម្ពីរនេះបានសម្រេចនៅត្រចៀកអ្នករាល់គ្នាហើយ»។ 22គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?» 23ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយសុភាសិតនេះដាក់ខ្ញុំថា៖ "គ្រូពេទ្យអើយ ចូរមើលខ្លួនឯងឲ្យជាសិនទៅ!" អ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម ចូរធ្វើនៅទីនេះ ក្នុងស្រុករបស់ខ្លួនផងទៅ!»។ 24ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ។ 25ប៉ុន្ដែ ខ្ញុំប្រាប់សេចក្ដីពិតដល់អ្នករាល់គ្នាថា មានស្ត្រីមេម៉ាយជាច្រើននៅស្រុកអ៊ីស្រាអែលក្នុងជំនាន់លោកអេលីយ៉ា កាលរាំងបីឆ្នាំប្រាំមួយខែ ក៏មានអំណត់ជាខ្លាំងកើតឡើងពេញក្នុងស្រុក 26តែព្រះមិនបានចាត់លោកអេលីយ៉ា ឲ្យទៅរកស្រីមេម៉ាយណាម្នាក់ក្នុងពួកគេឡើយ គឺទ្រង់បានចាត់លោកទៅរកស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ។ 27នៅជំនាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាម្នាក់បានជាស្អាតសោះ មានតែលោកណាម៉ាន ជាសាសន៍ស៊ីរីម្នាក់ប៉ុណ្ណោះ»។ 28កាលគេបានឮសេចក្តីទាំងនេះ អ្នកដែលនៅក្នុងសាលាប្រជុំទាំងប៉ុន្មានមានចិត្តក្រេវក្រោធជាខ្លាំង។ 29ពួកគេក្រោកឡើង ដេញព្រះអង្គចេញពីភូមិ ហើយបណ្តើរព្រះអង្គទៅដល់ជម្រាលភ្នំ ដែលគេបានសង់ធ្វើភូមិ ដើម្បីនឹងច្រានព្រះអង្គទម្លាក់ពីលើចំណោត។ 30ប៉ុន្តែ ព្រះអង្គយាងកាត់កណ្តាលចំណោមពួកគេ ហើយចេញទៅបាត់។
ព្រះយេស៊ូវប្រោសបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់ចូល
(ម៉ាកុស ១.២១-២៨)
31ព្រះអង្គយាងចុះទៅកាពើណិម ជាក្រុងមួយក្នុងស្រុកកាលីឡេ ហើយបង្រៀនគេនៅថ្ងៃសប្ប័ទ។ 32គេនឹកប្លែកក្នុងចិត្តនឹងសេចក្តីបង្រៀនរបស់ព្រះអង្គ ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច។ 33នៅក្នុងសាលាប្រជុំនោះ មានបុរសម្នាក់ដែលមានវិញ្ញាណអារក្សអសោចិ៍ចូល វាស្រែកឡើងជាខ្លាំងថា៖ 34«ហ៊ឹះ ព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែតអើយ តើព្រះអង្គត្រូវធ្វើដូចម្តេចជាមួយយើង? តើព្រះអង្គមកបំផ្លាញយើងឬ? ខ្ញុំស្គាល់ហើយថាព្រះអង្គជាអ្នកណា ទ្រង់ជាព្រះអង្គបរិសុទ្ធនៃព្រះ»។ 35ព្រះយេស៊ូវបន្ទោសវាថា៖ «ចូរស្ងៀម ហើយចេញពីបុរសនេះទៅ!»។ កាលអារក្សបានផ្តួលបុរសនោះក្នុងចំណោមពួកគេ វាក៏ចេញទៅ ឥតមានធ្វើឲ្យគាត់ឈឺអ្វីឡើយ។ 36គ្រប់គ្នាមានសេចក្ដីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាថា៖ «តើពាក្យសម្ដីនេះជាអ្វី? ដ្បិតលោកបង្គាប់វិញ្ញាណអសោចិ៍ ទាំងមានអំណាច និងចេស្ដា ហើយវាក៏ចេញទៅ»។ 37ឯដំណឹងអំពីព្រះអង្គក៏ល្បីសុសសាយគ្រប់ទីកន្លែងពាសពេញក្នុងតំបន់នោះ។
ព្រះយេស៊ូវប្រោសអ្នកជំងឺឲ្យបានជា នៅផ្ទះលោកស៊ីម៉ូន
(ម៉ាថាយ ៨.១៤-១៧ ម៉ាកុស ១.២៩-៣៤)
38ក្រោយពីយាងចេញពីសាលាប្រជុំហើយ ព្រះអង្គយាងចូលទៅក្នុងផ្ទះរបស់ស៊ីម៉ូន។ រីឯម្តាយក្មេករបស់ស៊ីម៉ូនកំពុងគ្រុនជាខ្លាំង ហើយគេទូលសូមឲ្យព្រះអង្គប្រោសគាត់។ 39ពេលនោះ ព្រះអង្គឱនទៅលើគាត់ ហើយបន្ទោសជំងឺគ្រុន រួចជំងឺគ្រុនក៏ចេញបាត់ទៅ។ គាត់ក៏ក្រោកឡើងភ្លាម ហើយបម្រើពួកគេ។
40លុះពេលថ្ងៃលិច អស់អ្នកដែលមានបងប្អូនឈឺជំងឺផ្សេងៗ បាននាំអ្នកទាំងនោះមករកព្រះអង្គ។ ព្រះអង្គដាក់ព្រះហស្តលើអ្នកទាំងនោះ ហើយប្រោសគេឲ្យបានជាសះស្បើយគ្រប់ៗគ្នា។ 41មានអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ «ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះ!»។ ប៉ុន្តែ ព្រះអង្គបន្ទោសវា ហើយហាមមិនឲ្យវានិយាយសោះ ព្រោះវាដឹងថា ព្រះអង្គជាព្រះគ្រីស្ទ។
ព្រះយេស៊ូវអធិប្បាយនៅតាមសាលាប្រជុំរបស់សាសន៍យូដា
42លុះព្រឹកឡើង ព្រះអង្គយាងចេញទៅកន្លែងស្ងាត់។ មហាជននាំគ្នាតាមរកព្រះអង្គ ហើយពេលគេបានជួបព្រះអង្គ គេឃាត់មិនឲ្យព្រះអង្គយាងចេញពីពួកគេឡើយ។ 43ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំត្រូវប្រាប់ដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះ ដល់ក្រុងឯទៀតៗដែរ ដ្បិតព្រះវរបិតាបានចាត់ខ្ញុំឲ្យមកសម្រាប់គោលបំណងនេះឯង»។ 44ដូច្នេះ ព្រះអង្គក៏បន្តប្រកាសដំណឹងល្អនៅតាមសាលាប្រជុំរបស់សាសន៍យូដា។
ទើបបានជ្រើសរើសហើយ៖
លូកា 4: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies