លូកា 3:7-18

លូកា 3:7-18 គកស១៦

គាត់​ពោល​ទៅ​កាន់​មហា‌ជន​ដែល​មក​ទទួល​ពិធី​ជ្រមុជ​ពី​គាត់​ថា៖ «ឱ​ពូជ​ពស់​វែក​អើយ! តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​រត់​ពី​សេចក្តី​ក្រោធ​ដែល​ត្រូវ​មក​ដូច្នេះ? ចូរ​បង្កើត​ផល​ឲ្យ​សម​នឹង​ការ​ប្រែ​ចិត្ត​ចុះ។ មិន​ត្រូវ​ចាប់​ផ្ដើម​នឹក​ក្នុង​ចិត្ត​ថា "យើង​មាន​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង" នោះ​ឡើយ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ព្រះ​អាច​នឹង​បង្កើត​កូន​ឲ្យ​លោក​អ័ប្រា‌ហាំ​ពី​ថ្ម​ទាំង​នេះ​ក៏​បាន។ សូម្បី​តែ​ឥឡូវ​នេះ ពូថៅ​បាន​ដាក់​នៅ​ឫស​ដើម​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​មាន​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ ហើយ​បោះ​ទៅ​ក្នុង​ភ្លើង»។ មហា‌ជន​សួរ​លោក​ថា៖ «ដូច្នេះ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​វិញ?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​មាន​អាវ​ពីរ ត្រូវ​ចែក​ដល់​អ្នក​ដែល​គ្មាន ហើយ​អ្នក​ណា​ដែល​មាន​ចំណី​អាហារ ក៏​ត្រូវ​ធ្វើ​ដូច្នោះ​ដែរ»។ ពួក​អ្នក​ទារ​ពន្ធ​ក៏​បាន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ ហើយ​គេ​សួរ​លោក​ថា៖ «លោក​គ្រូ តើ​យើង​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ?» លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «កុំ​ទារ​ពន្ធ​ហួស​កម្រិត​ដែល​បាន​កំណត់​មក​ឡើយ»។ ពួក​ទាហាន​ក៏​សួរ​លោក​ដែរ​ថា៖ «ចុះ​យើង​ខ្ញុំ​វិញ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច?» លោក​ឆ្លើយ​ទៅ​គេ​ថា៖ «កុំ​គំរាម​កំហែង ឬ​មួល​បង្កាច់​អ្នក​ណា​ម្នាក់​ដើម្បី​ប្រាក់​ឡើយ ចូរ​ស្កប់​ចិត្ត​តែ​នឹង​ប្រាក់​ខែ​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ចុះ»។ កាល​ប្រ‌ជាជន​នៅ​តែ​ចាំ​មើល ហើយ​មនុស្ស​ទាំង​អស់​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ពី​យ៉ូហាន​ថា គាត់​ប្រហែល​ជា​ព្រះ‌គ្រីស្ទ​ទេ​ដឹង នោះ​យ៉ូហាន​ប្រាប់​គេ​គ្រប់​គ្នា​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​ទឹក ប៉ុន្តែ មាន​ព្រះ​មួយ​អង្គ​ដែល​មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ ជិត​មក​ដល់​ហើយ ខ្ញុំ​មិន​ស័ក្ដិ‌សម​នឹង​ស្រាយ​ខ្សែ​សុព័ណ៌‌បាទ​ព្រះ‌អង្គ​ផង។ ព្រះ‌អង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ដោយ​ភ្លើង​វិញ។ ព្រះ‌អង្គ​កាន់​ចង្អេរ​នៅ​ព្រះ‌ហស្ត ដើម្បី​បោស​រំលីង​ទី‌លាន​របស់​ព្រះ‌អង្គ ហើយ​ប្រមូល​ស្រូវ​មក​ដាក់​ក្នុង​ជង្រុក តែ​អង្កាម​ព្រះ‌អង្គ​នឹង​ដុត​ក្នុង​ភ្លើង​ដែល​មិន​អាច​ពន្លត់​បាន​ឡើយ»។ ដូច្នេះ លោក​ក៏​បាន​ប្រកាស​ដំណឹង​ល្អ​ដល់​ប្រ‌ជាជន ដោយ​ពាក្យ​ដាស់​តឿន​ជា​ច្រើន។

អាន លូកា 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 3:7-18