នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន ក្នុងកាលដែលលោកអាណ និងលោកកៃផាធ្វើជាសម្តេចសង្ឃ នោះព្រះទ្រង់មានព្រះបន្ទូលមកកាន់យ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន។ គាត់បានធ្វើដំណើរទៅពាសពេញក្នុងតំបន់ជុំវិញទន្លេយ័រដាន់ ហើយប្រកាសប្រាប់ពីពិធីជ្រមុជទឹកខាងឯការប្រែចិត្ត សម្រាប់ការអត់ទោសឲ្យរួចពីបាប។ ដូចជាមានសេចក្តីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា៖ «មានសំឡេងមនុស្សម្នាក់ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ ។ គ្រប់ទាំងច្រកភ្នំត្រូវលុបបំពេញ គ្រប់ទាំងភ្នំធំតូចត្រូវពង្រាបឲ្យរាប ផ្លូវវៀចត្រូវតម្រង់ឲ្យត្រង់ ហើយផ្លូវរដិបរដុបធ្វើឲ្យស្មើ នោះគ្រប់ទាំងមនុស្សនឹងឃើញ ការសង្គ្រោះរបស់ព្រះ"»។ គាត់ពោលទៅកាន់មហាជនដែលមកទទួលពិធីជ្រមុជពីគាត់ថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។ មហាជនសួរលោកថា៖ «ដូច្នេះ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅវិញ?» លោកឆ្លើយទៅគេថា៖ «អ្នកណាដែលមានអាវពីរ ត្រូវចែកដល់អ្នកដែលគ្មាន ហើយអ្នកណាដែលមានចំណីអាហារ ក៏ត្រូវធ្វើដូច្នោះដែរ»។ ពួកអ្នកទារពន្ធក៏បានមកទទួលពិធីជ្រមុជទឹកដែរ ហើយគេសួរលោកថា៖ «លោកគ្រូ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅ?» លោកមានប្រសាសន៍ទៅគេថា៖ «កុំទារពន្ធហួសកម្រិតដែលបានកំណត់មកឡើយ»។ ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។ កាលប្រជាជននៅតែចាំមើល ហើយមនុស្សទាំងអស់ក៏ឆ្ងល់ក្នុងចិត្តពីយ៉ូហានថា គាត់ប្រហែលជាព្រះគ្រីស្ទទេដឹង នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្តែ មានព្រះមួយអង្គដែលមានអំណាចខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ ខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង។ ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ ព្រះអង្គកាន់ចង្អេរនៅព្រះហស្ត ដើម្បីបោសរំលីងទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវមកដាក់ក្នុងជង្រុក តែអង្កាមព្រះអង្គនឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានឡើយ»។ ដូច្នេះ លោកក៏បានប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើន។
អាន លូកា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 3:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ