លូកា 23:26-49

លូកា 23:26-49 គកស១៦

ពេល​គេ​នាំ​ព្រះ‌យេស៊ូវ​ទៅ នោះ​គេ​ចាប់​បុរស​សាសន៍​គីរេន​ម្នាក់ ឈ្មោះ​ស៊ីម៉ូន ដែល​កំពុង​តែ​វិល​មក​ពី​ចម្ការ ហើយ​គេ​បង្ខំ​ឲ្យ​គាត់​លី​ឈើ​ឆ្កាង​តាម​ព្រះ‌អង្គ។ មាន​មនុស្ស​ច្រើន​កុះករ​ដើរ​តាម​ព្រះ‌អង្គ ក៏​មាន​ពួក​ស្រីៗ​ដែល​គក់​ដើម​ទ្រូង ហើយ​យំ​ទួញ​ផង។ ព្រះ‌យេស៊ូវ​ងាក​បែរ​ទៅ មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ស្ត្រី​ទាំង​នោះ​ថា៖ «កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ កុំ​យំ​អាណិត​ខ្ញុំ​អី ចូរ​យំ​អាណិត​ខ្លួន​អ្នក​រាល់​គ្នា និង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​វិញ។ ដ្បិត​នឹង​មាន​គ្រា​មក​ដល់​ដែល​គេ​នឹង​ថា "មាន​ពរ​ហើយ ពួក​ស្ត្រី​អារ និង​ផ្ទៃ​ណា​ដែល​មិន​បង្កើត​កូន ហើយ​ដោះ​ដែល​មិន​បំបៅ​កូន"។ នៅ​គ្រា​នោះ គេ​នឹង​ចាប់​ផ្តើម​និយាយ​ទៅ​ភ្នំ​ធំ​ថា "សូម​រលំ​មក​លើ​យើងមក!" ហើយ​ទៅ​ភ្នំ​តូច​ថា "សូម​គ្រប​មក​លើ​យើង​មក!" ដ្បិត​បើ​គេ​ធ្វើ​ដូច្នេះ​ដល់​ដើម​ឈើ​ស្រស់ទៅ​ហើយ ចុះ​ទម្រាំ​បើ​ដើម​ឈើស្ងួត​វិញ នោះ​តើ​នឹង​មាន​អ្វីកើត​ឡើង​ទៅ?»។ គេ​ក៏​នាំ​ឧក្រិដ្ឋ​ជន​ពីរ​នាក់ ទៅ​សម្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ពេល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​លលាដ៍​ក្បាល គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ព្រម​ទាំង​អ្នក​ទោស​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ទៀត​ខាង​ឆ្វេង​ព្រះ‌អង្គ។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​ធ្វើ​អ្វី​ទេ»។ គេ​យក​ព្រះ‌ពស្ត្រ​របស់​ព្រះ‌អង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា។ ឯ​ប្រជា‌ជន​ដែល​ឈរ​មើល និង​ពួក​នាម៉ឺន ក៏​បន្តុះ​បង្អាប់​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ផ្សេង​ទៀត បើ​គាត់​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ»។ ពួក​ទាហាន​ក៏​បង្អាប់​ព្រះ‌អង្គ​ដែរ ហើយ​គេ​យក​ទឹក​ខ្មេះ ទៅ​ថ្វាយ​ព្រះ‌អង្គ​សោយ ដោយ​និយាយ​ថា៖ «បើ​អ្នក​ជា​ស្តេច​សាសន៍​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។ នៅ​ពី​លើ​ព្រះ‌អង្គ មាន​អក្សរ​ជា​ភាសា​ក្រិក ឡាតាំង និង​ហេព្រើរ​ថា៖ «នេះ​ជា​ស្តេច​សាសន៍​យូដា»។ រីឯ​អ្នក​ទោស​ម្នាក់​ដែល​ជាប់​ព្យួរ និយាយ​ប្រមាថ​ព្រះ‌អង្គ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ទ​ពិត ចូរ​សង្គ្រោះ​ខ្លួន​ឯង ហើយ​សង្រ្គោះ​យើង​ផង!»។ ប៉ុន្តែ ម្នាក់​ទៀត​ឆ្លើយ​បន្ទោស​ថា៖ «តើ​ឯង​មិន​ខ្លាច​ព្រះ​ទេ​ឬ? ដ្បិត​ឯង​ក៏​ជាប់​ទោស​ដូច​គ្នា គេ​ធ្វើ​ទោស​យើង​ត្រូវ​ហើយ ដ្បិត​យើង​ត្រូវ​ទោស​ចំពោះ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត ប៉ុន្តែ ព្រះ‌អង្គ​នេះ​មិន​បាន​ធ្វើ​ខុស​អ្វី​សោះ»។ ពេល​នោះ គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌យេស៊ូវ​អើយ ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ផង»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ថ្ងៃ​នេះ អ្នក​នឹង​នៅ​ក្នុង​ស្ថាន‌បរម‌សុខ​ជា​មួយ​ខ្ញុំ»។ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ ស្រាប់​តែ​មាន​ងងឹត គ្រប​ពេញ​លើ​ផែនដី រហូត​ដល់​ម៉ោង​បី​រសៀល ថ្ងៃ​ត្រឡប់​ទៅ​ងងឹត ហើយ​វាំង‌នន​ក្នុង​ព្រះ‌វិហារ ក៏​រហែក​ជា​ពីរ ចំ​ពាក់​កណ្តាល។ ព្រះ‌យេស៊ូវ​ស្រែក​ឡើង​ជា​ខ្លាំង​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល​បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ត​ព្រះ‌អង្គ​វិញ»។ កាល​មាន​ព្រះ‌បន្ទូល​ពាក្យ​ទាំង​នេះ​ហើយ នោះ​ព្រះ‌អង្គ​ក៏​ផុត​ដង្ហើម​ទៅ។ ពេល​មេ​ទ័ព​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង លោក​ក៏​សរសើរ​តម្កើង​ព្រះ ហើយ​ពោល​ថា៖ «មនុស្ស​នេះ​ពិត​ជា​សុចរិត​មែន»។ ឯ​បណ្តា‌ជន​ទាំង​ប៉ុន្មាន​ដែល​ប្រជុំ​គ្នា​មើល​ការ​នោះ ក្រោយ​ពី​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​កើត​ឡើង​ដូច្នោះ គេ​ក៏​វិល​ទៅ​ផ្ទះ​វិញ ទាំង​គក់​ទ្រូង។ ឯ​ពួក​អ្នក​ដែល​ស្គាល់​ព្រះ‌អង្គ និង​ពួក​ស្រ្តី​ដែល​តាម​ទ្រង់​មក​ពី​ស្រុក​កាលីឡេ គេ​ក៏​ឈរ​មើល​ពី​ចម្ងាយ។

អាន លូកា 23