មនុស្សទាំងអស់ក៏ក្រោកឡើង នាំព្រះយេស៊ូវទៅលោកពីឡាត់។ ពួកគេចាប់ផ្តើមចោទប្រកាន់ព្រះអង្គថា៖ «យើងខ្ញុំបានឃើញអ្នកនេះនាំឲ្យសាសន៍យើងវង្វេង ដោយហាមមិនឲ្យបង់ពន្ធថ្វាយសេសារ ហើយលើកខ្លួនឯងថាជាព្រះគ្រីស្ទ គឺជាស្តេច»។ លោកពីឡាត់ក៏ពិចារណាសួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាមែនឬ?» ព្រះអង្គឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ លោកពីឡាត់ក៏មានប្រសាសន៍ទៅកាន់ពួកសង្គ្រាជ និងមហាជនថា៖ «ខ្ញុំមិនឃើញថាមនុស្សនេះមានទោសអ្វីសោះ»។ ប៉ុន្តែ គេនៅតែនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ដោយបង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។ ពេលលោកពីឡាត់ឮនិយាយពីស្រុកកាលីឡេដូច្នេះ នោះលោកសួរថា៖ «តើអ្នកនេះជាអ្នកស្រុកកាលីឡេឬ?» កាលលោកជ្រាបថា ព្រះអង្គនៅក្នុងអំណាចរបស់ព្រះបាទហេរ៉ូឌ លោកក៏បញ្ជូនព្រះអង្គទៅព្រះបាទហេរ៉ូឌ ដែលពេលនោះ ស្ដេចក៏គង់នៅក្រុងយេរូសាឡិមដែរ។ ពេលស្តេចហេរ៉ូឌបានឃើញព្រះយេស៊ូវ នោះក៏អរណាស់ ដ្បិតស្តេចចង់ឃើញព្រះអង្គជាយូរមកហើយ ព្រោះបានឮរឿងពីព្រះអង្គជាច្រើន ហើយបានសង្ឃឹមថា នឹងឃើញព្រះអង្គធ្វើទីសម្គាល់ណាមួយ។ ស្តេចទូលសួរព្រះអង្គជាច្រើន ប៉ុន្តែ ព្រះយេស៊ូវមិនបានឆ្លើយតបសោះ។ ពួកសង្គ្រាជ និងពួកអាចារ្យក៏នៅទីនោះដែរ ពួកគេកំពុងចោទប្រកាន់ទ្រង់ជាខ្លាំង។ លុះព្រះបាទហេរ៉ូឌ និងពួកទាហាន បានចំអកមើលងាយព្រះយេស៊ូវរួចហើយ គេយកអាវយ៉ាងវិសេសមកបំពាក់ឲ្យព្រះអង្គ រួចបញ្ជូនត្រឡប់ទៅលោកពីឡាត់វិញ។ នៅថ្ងៃនោះ លោកពីឡាត់ និងព្រះបាទហេរ៉ូឌ ក៏ក្លាយជាមិត្តនឹងគ្នា ដ្បិតពីមុន លោកទាំងពីរជាសត្រូវនឹងគ្នា។
អាន លូកា 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 23:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ