ខ្ញុំប្រគល់ព្រះរាជ្យមួយឲ្យអ្នករាល់គ្នា ដូចព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងព្រះរាជ្យរបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីរនៃសាសន៍អ៊ីស្រាអែល»។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។ គាត់ទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយព្រះអង្គ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែកបីដងថា មិនស្គាល់ខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «កាលខ្ញុំចាត់អ្នករាល់គ្នា ឲ្យទៅដោយគ្មានកាបូប គ្មានថង់យាម និងគ្មានស្បែកជើង តើមានខ្វះអ្វីទេ?» គេទូលឆ្លើយថា៖ «គ្មានខ្វះអ្វីទេ»។ ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ឥឡូវនេះ អ្នកណាដែលមានកាបូប មានយាម ត្រូវតែយកទៅកុំខាន ហើយអ្នកណាដែលគ្មានដាវ ត្រូវលក់អាវរបស់ខ្លួន ហើយទិញដាវមួយមក។ ខ្ញុំប្រាប់អ្នករាល់គ្នាថា បទគម្ពីរដែលចែងទុកមកថា "គេបានរាប់ព្រះអង្គជាពួកទទឹងច្បាប់" នោះត្រូវតែបានសម្រេចក្នុងខ្ញុំ ដ្បិតគ្រប់សេចក្តីដែលចែងទុកអំពីខ្ញុំ ត្រូវតែបានសម្រេច»។ ពួកគេទូលថា៖ «ព្រះអម្ចាស់អើយ! មើល៍ នៅទីនេះមានដាវពីរ»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «ប៉ុណ្ណឹងល្មមហើយ»។ ព្រះអង្គយាងចេញទៅក្រៅ ឆ្ពោះទៅភ្នំដើមអូលីវ តាមទម្លាប់របស់ព្រះអង្គ ហើយពួកសិស្សក៏តាមទៅដែរ។ ពេលដល់កន្លែងហើយ ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរអធិស្ឋានទៅ ដើម្បីកុំអ្នករាល់គ្នាចាញ់សេចក្តីល្បួង»។ បន្ទាប់មក ព្រះអង្គយាងចេញពីគេទៅ ចម្ងាយប្រហែលជាគេចោលថ្មមួយទំហឹងដៃ ក៏លុតព្រះជង្ឃក្រាបចុះអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យ សូមយកពែងនេះចេញពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យព្រះអង្គវិញ»។ ពេលនោះ មានទេវតាលេចមកពីស្ថានសួគ៌ ឲ្យព្រះអង្គឃើញ ហើយចម្រើនកម្លាំងថ្វាយព្រះអង្គ។ ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។ ពេលព្រះអង្គក្រោកពីទីអធិស្ឋាន វិលទៅរកពួកសិស្សវិញ ក៏ឃើញគេដេកលក់ដោយព្រួយចិត្ត។ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជាដេកលក់ដូច្នេះ? ចូរក្រោកឡើងអធិស្ឋាន ដើម្បីកុំឲ្យអ្នករាល់គ្នាចាញ់ការល្បួង»។
អាន លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:29-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ