ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់ទាំងស្តេចនៃសាសន៍ដទៃ តែងត្រួតត្រាលើប្រជារាស្ត្រ ហើយពួកអ្នកមានអំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា គឺត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបម្រើដែរ។ តើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបម្រើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬ? ប៉ុន្តែ ខ្ញុំនៅកណ្តាលអ្នករាល់គ្នា ទុកដូចជាអ្នកបម្រើវិញ។ អ្នករាល់គ្នាជាពួកដែលនៅជាប់ជាមួយខ្ញុំ នៅពេលខ្ញុំជួបទុក្ខលំបាក។ ខ្ញុំប្រគល់ព្រះរាជ្យមួយឲ្យអ្នករាល់គ្នា ដូចព្រះវរបិតាខ្ញុំបានប្រគល់មកខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងព្រះរាជ្យរបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជម្រះកុលសម្ព័ន្ធទាំងដប់ពីរនៃសាសន៍អ៊ីស្រាអែល»។ ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា៖ «ស៊ីម៉ូន ស៊ីម៉ូនអើយ មើល៍! សាតាំងទាមទារចង់បានអ្នករាល់គ្នា ដើម្បីរែងអ្នករាល់គ្នា ដូចជារែងអង្ករ។ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកវិនាសបាត់ឡើយ។ កាលណាអ្នកបានប្រែចិត្តវិលមកវិញ ចូរចម្រើនកម្លាំងឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនផង»។
អាន លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:24-32
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ