លូកា 22:14-27

លូកា 22:14-27 គកស១៦

លុះ​ដល់​ពេល​ហើយ ព្រះយេស៊ូវ​ក៏​គង់​នៅ​តុ​ជា​មួយ​ពួក​សាវក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មុន​ពេល​ខ្ញុំ​រង​ទុក្ខ​លំបាក ខ្ញុំ​ចង់​ទទួល​ទាន​បុណ្យ​រំលង​នេះ ជា​មួយ​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​បាន​ទទួល​ទាន​អាហារ​បុណ្យ​នេះ​ទៀត​ទេ រហូត​ទាល់​តែ​បុណ្យ​នេះ​បាន​សម្រេច​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ»។ ព្រះ‌អង្គ​បាន​យក​ពែង​មួយ​មក​កាន់ ក៏​អរ​ព្រះ‌គុណ រួច​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទទួល​យក​ពែង​នេះ ហើយ​ចែក​គ្នា​ពិសា​ចុះ ដ្បិត​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​មិន​ទទួល​ទាន​ស្រា​ទំពាំង​បាយ​ជូរ​ទៀត​ទេ រហូត​ដល់​ព្រះរាជ្យ​របស់​ព្រះ​មក​ដល់»។ បន្ទាប់​មក ព្រះ‌អង្គ​យក​នំបុ័ង​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​គេ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​បាន​ប្រទាន​មក​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ពិធី​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ»។ ក្រោយ​ពី​បាន​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​យក​ពែង​មក​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី ដែល​តាំង​ដោយ​ឈាម​របស់​ខ្ញុំ ដែល​ត្រូវ​ច្រួច​ចេញ​សម្រាប់​អ្នក​រាល់​គ្នា។ មួយ​ទៀត មើល៍! អ្នក​ដែល​បញ្ជូន​ខ្ញុំ ក៏​នៅ​តុ​ជា​មួយ​ខ្ញុំ​ដែរ។ កូន​មនុស្ស​ត្រូវ​ទៅ​មែន តាម​សេចក្តី​ដែល​បាន​កំណត់​ទុក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​បញ្ជូន​ខ្ញុំ​ទៅ»។ ពេល​នោះ គេ​ចាប់​ផ្តើម​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ពី​អ្នក​ណា​ក្នុង​ពួក​គេ ដែល​នឹង​ធ្វើ​ការ​នោះ។ ពេល​នោះ មាន​ការ​ទាស់​ទែង​គ្នា​កើត​ឡើង​ក្នុង​ចំណោម​ពួក​គេ អំពី​អ្នក​ណា​ដែល​រាប់​ជា​ធំ​ជាង​គេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «អស់​ទាំង​ស្តេច​នៃ​សាសន៍​ដទៃ តែងត្រួត​ត្រា​លើ​ប្រជារាស្ត្រ ហើយ​ពួក​អ្នក​មាន​អំណាច​តែង​ឲ្យ​គេ​ហៅ​ខ្លួន​ថា អ្នក​មាន​គុណ។ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​មាន​ដូច្នោះ​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ អ្នក​ណា​ដែល​ធំ​ជាង​គេ ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ត្រូវ​ប្រព្រឹត្ត​ដូច​ជា​តូច​ជាង​គេ​វិញ ហើយ​អ្នក​ណា​ដែល​នាំ​មុខ​គេ នោះ​ដូច​ជា​អ្នក​បម្រើ​ដែរ។ តើ​អ្នក​ណា​ធំ​ជាង អ្នក​ដែល​អង្គុយ​នៅ​តុ ឬ​អ្នក​ដែល​បម្រើ? តើ​មិន​មែន​ជា​អ្នក​ដែល​អង្គុយ​នៅ​តុ​ទេ​ឬ? ប៉ុន្តែ ខ្ញុំ​នៅ​កណ្តាល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​អ្នក​បម្រើ​វិញ។

អាន លូកា 22

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 22:14-27