គេក៏ទៅ បានឃើញដូចព្រះអង្គបានប្រាប់មែន ហើយគេក៏រៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ព្រះយេស៊ូវក៏គង់នៅតុជាមួយពួកសាវក។ ព្រះអង្គមានព្រះបន្ទូលថា៖ «មុនពេលខ្ញុំរងទុក្ខលំបាក ខ្ញុំចង់ទទួលទានបុណ្យរំលងនេះ ជាមួយអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានអាហារបុណ្យនេះទៀតទេ រហូតទាល់តែបុណ្យនេះបានសម្រេចនៅក្នុងព្រះរាជ្យរបស់ព្រះ»។ ព្រះអង្គបានយកពែងមួយមកកាន់ ក៏អរព្រះគុណ រួចមានព្រះបន្ទូលថា៖ «ចូរទទួលយកពែងនេះ ហើយចែកគ្នាពិសាចុះ ដ្បិតខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងមិនទទួលទានស្រាទំពាំងបាយជូរទៀតទេ រហូតដល់ព្រះរាជ្យរបស់ព្រះមកដល់»។ បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។ ក្រោយពីបានបរិភោគរួចហើយ ព្រះអង្គយកពែងមកធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយឈាមរបស់ខ្ញុំ ដែលត្រូវច្រួចចេញសម្រាប់អ្នករាល់គ្នា។ មួយទៀត មើល៍! អ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយខ្ញុំដែរ។ កូនមនុស្សត្រូវទៅមែន តាមសេចក្តីដែលបានកំណត់ទុក ប៉ុន្តែ វេទនាដល់អ្នកនោះ ដែលបញ្ជូនខ្ញុំទៅ»។ ពេលនោះ គេចាប់ផ្តើមសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។ ពេលនោះ មានការទាស់ទែងគ្នាកើតឡើងក្នុងចំណោមពួកគេ អំពីអ្នកណាដែលរាប់ជាធំជាងគេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «អស់ទាំងស្តេចនៃសាសន៍ដទៃ តែងត្រួតត្រាលើប្រជារាស្ត្រ ហើយពួកអ្នកមានអំណាចតែងឲ្យគេហៅខ្លួនថា អ្នកមានគុណ។ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា គឺត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបម្រើដែរ។ តើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបម្រើ? តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬ? ប៉ុន្តែ ខ្ញុំនៅកណ្តាលអ្នករាល់គ្នា ទុកដូចជាអ្នកបម្រើវិញ។ អ្នករាល់គ្នាជាពួកដែលនៅជាប់ជាមួយខ្ញុំ នៅពេលខ្ញុំជួបទុក្ខលំបាក។
អាន លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:13-28
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ