លូកា 21
21
តង្វាយរបស់ស្ត្រីមេម៉ាយ
(ម៉ាកុស ១២.៤១-៤៤)
1ព្រះយេស៊ូវទតឃើញពួកអ្នកមានកំពុងដាក់ប្រាក់តង្វាយក្នុងហិបតង្វាយ 2ព្រះអង្គក៏ទតឃើញស្ត្រីមេម៉ាយក្រីក្រម្នាក់ ដាក់ថ្វាយតែពីរស្លឹងគត់។ 3ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ស្រី្តមេម៉ាយក្រីក្រនេះបានដាក់ច្រើនជាងគេទាំងអស់ 4ដ្បិតអ្នកទាំងនោះ សុទ្ធតែយកពីសំណល់របស់ខ្លួនមកថ្វាយ តែស្ត្រីនេះបានយកពីសេចក្តីកម្សត់របស់ខ្លួនមកថ្វាយវិញ គឺបានថ្វាយទាំងអស់ ដែលនាងមានសម្រាប់នឹងចិញ្ចឹមជីវិត»។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីការបំផ្លាញព្រះវិហារ និងហេតុការណ៍នៅគ្រាចុងក្រោយ។
(ម៉ាថាយ ២៤.១-១៤ ម៉ាកុស ១៣.១-១៣)
5កាលអ្នកខ្លះកំពុងនិយាយពីព្រះវិហារ ដែលតាក់តែងឡើងដោយថ្មយ៉ាងល្អ និងដោយតង្វាយផ្សេងៗដែលគេបានថ្វាយដល់ព្រះ នោះព្រះអង្គមានព្រះបន្ទូលថា៖ 6«រីឯរបស់ដែលអ្នករាល់គ្នាឃើញទាំងនេះ នោះនឹងមានថ្ងៃមកដល់ ដែលនឹងគ្មានថ្មណានៅត្រួតលើគ្នាទៀតឡើយ គឺទាំងអស់នឹងត្រូវទម្លាក់ចុះ»។ 7គេទូលសួរព្រះអង្គថា៖ «លោកគ្រូ តើហេតុការណ៍នេះនឹងកើតឡើងនៅពេលណា? តើមានទីសម្គាល់អ្វីឲ្យដឹងថាហេតុការណ៍នេះជិតមកដល់?» 8ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើនយកឈ្មោះខ្ញុំ មកនិយាយថា "គឺខ្ញុំនេះហើយ" ហើយថា "ពេលកំណត់ជិតមកដល់ហើយ!" កុំតាមអ្នកទាំងនោះឲ្យសោះ។ 9កាលណាអ្នករាល់គ្នាឮគេនិយាយពីសង្គ្រាម និងចលាចល នោះកុំតក់ស្លុតឡើយ ដ្បិតការទាំងនោះត្រូវតែកើតឡើងជាមុន ប៉ុន្តែ ចុងបំផុតមិនទាន់មកដល់ភ្លាមៗទេ»។
10បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ ហើយនគរមួយទាស់នឹងនគរមួយ 11នឹងមានរញ្ជួយផែនដីជាខ្លាំង និងអំណត់ ហើយអាសន្នរោគនៅកន្លែងផ្សេងៗ ទាំងមានហេតុនាំឲ្យភ័យ និងទីសម្គាល់យ៉ាងធំពីលើមេឃផង។ 12ប៉ុន្តែ មុននឹងហេតុការណ៍ទាំងនោះកើតឡើង គេនឹងចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយបញ្ជូនអ្នករាល់គ្នាទៅសាលាប្រជុំ ហើយដាក់គុក ព្រមទាំងនាំអ្នករាល់គ្នាទៅចំពោះស្តេច និងលោកទេសាភិបាល ដោយព្រោះនាមខ្ញុំ។ 13ប៉ុន្តែ ការនេះនឹងត្រឡប់ជាឱកាសឲ្យអ្នករាល់គ្នាធ្វើបន្ទាល់វិញ។ 14ដូច្នេះ ចូរចងចាំក្នុងចិត្តថា អ្នករាល់គ្នាមិនចាំបាច់គិតជាមុន អំពីពាក្យដែលត្រូវឆ្លើយការពារខ្លួននោះឡើយ 15ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។ 16ប៉ុន្តែ ទោះទាំងឪពុកម្តាយ បងប្អូន ញាតិសន្តាន ហើយមិត្តសម្លាញ់ក៏នឹងបញ្ជូនអ្នករាល់គ្នា ហើយគេនឹងសម្លាប់អ្នករាល់គ្នាខ្លះដែរ។ 17មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ 18តែសូម្បីសក់មួយសរសៃលើក្បាលអ្នករាល់គ្នា ក៏មិនត្រូវវិនាសបាត់ផង។ 19អ្នករាល់គ្នានឹងបានជីវិតគង់នៅ ដោយមានចិត្តខ្ជាប់ខ្ជួន»។
ព្រះយេស៊ូវមានព្រះបន្ទូលអំពីការបំផ្លាញក្រុងយេរូសាឡិម
(ម៉ាថាយ ២៤.១៥-២១ ម៉ាកុស ១៣.១៤-១៩)
20«ពេលណាអ្នកឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា ក្រុងនោះជិតវិនាសហើយ។ 21គ្រានោះ អ្នកនៅស្រុកយូដាត្រូវរត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្តាលទីក្រុង ត្រូវរត់ចេញឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ។ 22ដ្បិតគ្រានោះជាគ្រាសងសឹក ដើម្បីនឹងសម្រេចតាមគ្រប់ទាំងសេចក្តីដែលបានចែងទុកមក។ 23នៅគ្រានោះ ស្រ្ដីដែលមានផ្ទៃពោះ និងស្រ្ដីដែលបំបៅកូន នោះវេទនាណាស់ ដ្បិតនឹងមានសេចក្តីវេទនាជាខ្លាំងនៅក្នុងស្រុក និងសេចក្តីក្រោធដល់ប្រជាជននេះ។ 24គេនឹងដួលនៅក្រោមមុខដាវ ហើយត្រូវនាំទៅជាឈ្លើយ នៅកណ្ដាលអស់ទាំងសាសន៍។ ក្រុងយេរូសាឡិមនឹងត្រូវពួកសាសន៍ដទៃជាន់ឈ្លី រហូតដល់គ្រារបស់ពួកសាសន៍ដទៃបានសម្រេច»។
កូនមនុស្សយាងត្រឡប់មកវិញ
(ម៉ាថាយ ២៤.២៩-៣១ ម៉ាកុស ១៣.២៤-២៧)
25«គ្រានោះ នឹងមានទីសម្គាល់នៅក្នុងព្រះអាទិត្យ ក្នុងព្រះច័ន្ទ និងក្នុងអស់ទាំងផ្កាយ ហើយនៅលើផែនដី នឹងមានសេចក្តីលំបាកនៅគ្រប់ទាំងសាសន៍ និងសេចក្តីទ័លគំនិត ដោយព្រោះសូរសន្ធឹករបស់សមុទ្រ និងរលក។ 26មនុស្សនឹងស្រយុតចិត្តដោយភ័យ ហើយដោយទន្ទឹងចាំការដែលត្រូវមកលើផែនដី ដ្បិតអស់ទាំងអំណាចនៅលើមេឃ នឹងត្រូវកក្រើករំពើក។ 27ពេលនោះ គេនឹងឃើញកូនមនុស្សមកលើពពក ប្រកបដោយចេស្តា និងសិរីល្អជាខ្លាំង។ 28កាលណាការទាំងនេះចាប់ផ្តើមកើតមក ចូរអ្នករាល់គ្នាងើបមើលទៅលើ ព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ»។
មេរៀនអំពីដើមល្វា
(ម៉ាថាយ ២៤.៣២-៣៥ ម៉ាកុស ១៣.២៨-៣១)
29បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀប ទៅគេថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងនោះចុះ! 30កាលណាវាលាស់ឡើង នោះអ្នករាល់គ្នាយល់ឃើញដោយខ្លួនឯងថា រដូវក្តៅជិតដល់ហើយ។ 31ការនោះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតមក នោះត្រូវដឹងថា ព្រះរាជ្យរបស់ព្រះនៅជិតបង្កើយ។ 32ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក។ 33ផ្ទៃមេឃ និងផែនដី នឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ»។
ការរំឭកដាស់តឿនឲ្យចេះប្រុងប្រយ័ត្ន
34«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម 35ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅលើផែនដីទាំងមូល។ 36ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាមានកម្លាំងអាចឆ្លងផុតពីការទាំងនេះ ដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្ស»។
37ពេលថ្ងៃ ព្រះអង្គតែងបង្រៀននៅក្នុងព្រះវិហារ ហើយនៅពេលយប់ ព្រះអង្គយាងចេញទៅស្នាក់នៅលើភ្នំ ដែលហៅថា ភ្នំដើមអូលីវ។ 38ប្រជាជនទាំងអស់នាំគ្នាក្រោកពីព្រលឹម មកស្តាប់ព្រះអង្គនៅក្នុងព្រះវិហារ។
ទើបបានជ្រើសរើសហើយ៖
លូកា 21: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies