លូកា 20:20-40

លូកា 20:20-40 គកស១៦

ពួក​គេ​ឃ្លាំ​មើល​ព្រះ‌អង្គ ហើយ​ក៏​ចាត់​ពួក​សម្ងាត់​ខ្លះ​ទៅ ដែល​ធ្វើ​ឫក​ជា​ត្រឹម​ត្រូវ ដើម្បី​ចាប់​កំហុស​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ហើយ​ចាប់​បញ្ជូន​ព្រះ‌អង្គ​ទៅ​សាលា​ក្តី និង​ក្នុង​អំណាច​របស់​លោក​ទេសា‌ភិបាល។ អ្នក​ទាំង​នោះ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​មាន​ប្រសាសន៍ និង​បង្រៀន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ ហើយ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះ តាម​តែ​សេចក្តី​ពិត។ ដូច្នេះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​បង់​ពន្ធ​ថ្វាយ​សេសារ​ឬ​ទេ?» ដោយ​ព្រះ‌អង្គ​ជ្រាប​ពី​ឧបាយ‌កល​របស់​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ​អ្វី​បាន​ជា​ល្បង​ល​ខ្ញុំ​ដូច្នេះ? ចូរ​បង្ហាញ​កាក់​មួយ​ដេណារី​មក​ឲ្យ​ខ្ញុំ​មើល តើ​រូប និង​ឈ្មោះ​នេះ​ជា​របស់​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «សេសារ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ដូច្នេះ ចូរ​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ថ្វាយ​ទៅ​ព្រះ​វិញ»។ គេ​មិន​អាច​ចាប់​ព្រះ‌បន្ទូល​ព្រះ‌អង្គ​នៅ​មុខ​ប្រជា‌ជន​ទាំង‌ឡាយ​បាន​ឡើយ ហើយ​គេ​មាន​សេចក្ដី​អស្ចារ្យ​នឹង​ចម្លើយ​របស់​ព្រះ‌អង្គ រួច​គេ​ក៏​នៅ​ស្ងៀម។ មាន​ពួក​សាឌូស៊ី​ខ្លះ ដែល​ប្រកាន់​ថា គ្មាន​សេចក្តី​រស់​ឡើង​វិញ គេ​មក​ទូល​សួរ​ព្រះ‌យេស៊ូវ​ថា៖ «លោក​គ្រូ លោក​ម៉ូសេ​បាន​ចែង​ទុក​ឲ្យ​យើង​ខ្ញុំ​ថា បើ​បង​ប្រុស​អ្នក​ណា​មាន​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ឥត​មាន​កូន នោះ​ប្អូន​ត្រូវ​យក​នាង​នោះ ដើម្បី​បន្ត​ពូជ​ឲ្យ​បង ។ ដូច្នេះ មាន​បង‌ប្អូន​ប្រាំ​ពីរ​នាក់ បង​ច្បង​បាន​យក​ប្រពន្ធ ហើយ​ស្លាប់​ទៅ​ទាំង​គ្មាន​កូន។ ប្អូន​បន្ទាប់​ក៏​យក​នាង ហើយ​ស្លាប់​ទៅទាំង​គ្មាន​កូន​ដែរ អ្នក​ទី​បី​ក៏​យក​នាង​ទៀត ហើយ​បង‌ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ បាន​យក​នាង​គ្រប់​គ្នា តែ​ស្លាប់​ទៅ​ទាំងគ្មាន​កូន​ដូច​គ្នា​ទាំង​អស់។ ទី​បំផុត នាង​នោះ​ស្លាប់​ទៅ​ដែរ។ ដូច្នេះ ដល់​គ្រា​រស់​ឡើង​វិញ តើ​នាង​នោះ​នឹង​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ណា? ដ្បិត​អ្នក​ទាំង​ប្រាំ​ពីរ​នោះ​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ​គ្រប់ៗ​គ្នា»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ធម្មតា មនុស្ស​នៅ​លោកីយ៍​នេះ គេ​តែង​យក​ប្តី​ប្រពន្ធ ប៉ុន្តែ អស់​អ្នក​ដែល​បាន​រាប់​ជា​ស័ក្តិ‌សម​នឹង​បាន​ទៅ​ឯ​បរ‌លោក ហើយ​ឲ្យ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ នៅ​ស្ថាន​នោះ​គេ​មិន​យក​ប្តី​ប្រពន្ធ​ទៀត​ទេ។ គេ​មិន​ចេះ​ស្លាប់​ទេ គឺ​ដូច​ជា​ទេវតា ហើយ​ជា​ពួក​កូន​របស់​ព្រះ ដោយ​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ រីឯ​ដំណើរ​ដែល​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ​នោះ លោក​ម៉ូសេ​ក៏​បាន​បង្ហាញ​ដែរ ក្នុង​រឿង​ពី​គុម្ព​បន្លា គឺ​ពេល​ដែល​លោក​ហៅ​ព្រះ‌អម្ចាស់ ថា​ជា​ព្រះ​របស់​លោក​អ័​ប្រាហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ។ ដ្បិត​ព្រះ‌អង្គ​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់ ដ្បិត​នៅ​ចំពោះ​ព្រះ‌អង្គ មនុស្ស​ទាំង​អស់​សុទ្ធ​តែ​នៅ​រស់»។ មាន​ពួក​អាចារ្យ​ខ្លះ​ឆ្លើយ​ឡើង​ថា៖ «លោក​គ្រូ លោក​មាន​ប្រសាសន៍​ត្រូវ​ណាស់»។ ពួក​គេ​ក៏​លែង​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​ពី​អ្វី​ទៀត​ដែរ។

អាន លូកា 20