នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី។ ការចុះបញ្ជីមុនដំបូងនេះ ធ្វើឡើងនៅពេលលោកគីរេនាសធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ មនុស្សទាំងអស់ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចុះបញ្ជី។ រីឯយ៉ូសែប ក៏ធ្វើដំណើរពីភូមិណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ព្រះបាទដាវីឌ ឈ្មោះបេថ្លេហិម ព្រោះគាត់ជារាជវង្ស និងជាព្រះញាតិព្រះបាទដាវីឌ ដើម្បីចុះបញ្ជីជាមួយម៉ារា ជាគូដណ្តឹងដែលមានគភ៌នោះ។ ពេលអ្នកទាំងពីរកំពុងនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់។ នាងប្រសូតបានបុត្រាច្បងមក ហើយរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់ ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។ នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយ រុំនឹងសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានពួកពលបរិវារកកកុញពីស្ថានសួគ៌ នៅជាមួយទេវតានោះ ហើយពោលសរសើរដល់ព្រះថា៖ «សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឲ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។ កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។ ដូច្នេះ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំនៅក្នុងស្នូកសត្វ។ កាលបានឃើញហើយ គេក៏រៀបរាប់អំពីសេចក្តីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ ហើយអស់អ្នកដែលបានឮ ក៏មានសេចក្តីអស្ចារ្យនឹងពាក្យដែលពួកគង្វាលបានប្រាប់។ ប៉ុន្តែ ម៉ារារក្សារឿងទាំងនោះ ទាំងត្រិះរិះពិចារណានៅតែក្នុងចិត្តវិញ។ ឯពួកគង្វាលក៏វិលត្រឡប់ទៅវិញ ទាំងថ្វាយសិរីល្អ ហើយសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញ ដូចជាទេវតាបានប្រាប់។ លុះដល់គម្រប់ប្រាំបីថ្ងៃ កាលត្រូវកាត់ស្បែកព្រះឱរស នោះគេថ្វាយព្រះនាមថា «យេស៊ូវ» ជានាមដែលទេវតាបានប្រាប់ មុនពេលទ្រង់ចាប់កំណើតក្នុងផ្ទៃ។ លុះដល់កំណត់ សម្រាប់ពួកគេត្រូវធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ តាមក្រឹត្យវិន័យរបស់លោកម៉ូសេ នោះគេក៏នាំព្រះឱរសឡើងទៅក្រុងយេរូសាឡិម ដើម្បីថ្វាយដល់ព្រះអម្ចាស់ ដូចមានសេចក្តីចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ថា៖ «គ្រប់ទាំងកូនប្រុសៗ ដែលកើតពីផ្ទៃម្តាយមកមុនបង្អស់ នោះត្រូវរាប់ជាបរិសុទ្ធថ្វាយព្រះអម្ចាស់» ហើយគេថ្វាយយញ្ញបូជា តាមសេចក្តីដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់ព្រះអម្ចាស់ គឺថា «លលកមួយគូ ឬព្រាបជំទើរពីរ» ។ នៅក្រុងយេរូសាឡិម មានបុរសម្នាក់ឈ្មោះស៊ីម្មាន ជាមនុស្សសុចរិត ហើយគោរពកោតខ្លាចព្រះ គាត់កំពុងរង់ចាំវេលាសម្រាលទុក្ខរបស់សាសន៍អ៊ីស្រាអែល។ ព្រះវិញ្ញាណបរិសុទ្ធក៏សណ្ឋិតលើគាត់។ ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។ ព្រះវិញ្ញាណបាននាំគាត់ចូលមកក្នុងព្រះវិហារ ហើយពេលមាតាបិតានាំព្រះឱរសព្រះយេស៊ូវចូលមក ដើម្បីថ្វាយដល់ព្រះអម្ចាស់តាមទម្លាប់ក្រឹត្យវិន័យ នោះគាត់ក៏ទទួលព្រះឱរសមកបី រួចសរសើរតម្កើងព្រះ ដោយពាក្យថា៖ «ឱព្រះអម្ចាស់អើយ ឥឡូវនេះ ព្រះអង្គបានបើកឲ្យបាវបម្រើ របស់ព្រះអង្គចេញទៅដោយសុខសាន្ត តាមព្រះបន្ទូលរបស់ព្រះអង្គហើយ ដ្បិតភ្នែកទូលបង្គំបានឃើញការសង្គ្រោះរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំនៅមុខមនុស្សទាំងអស់ ជាពន្លឺសម្រាប់បើកសម្តែងឲ្យសាសន៍ដទៃឃើញ ហើយជាសិរីល្អរបស់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ»។ រីឯយ៉ូសែប និងម៉ារា មានសេចក្តីអស្ចារ្យនឹងពាក្យទាំងប៉ុន្មាន ដែលគេនិយាយអំពីព្រះអង្គ។ ស៊ីម្មានជូនពរពួកគេ ហើយនិយាយទៅកាន់ម៉ារា ជាមាតាព្រះអង្គថា៖ «មើល៍! បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ និងសម្រាប់ជាទីសម្គាល់ដែលគេនឹងនិយាយប្រឆាំង ឯនាងវិញ នឹងមានដាវចាក់ទម្លុះព្រលឹងនាងដែរ ដើម្បីឲ្យគំនិតក្នុងចិត្តរបស់មនុស្សជាច្រើនបានសម្តែងចេញមក»។ មានហោរាស្រីម្នាក់ឈ្មោះ អាណ ជាកូនរបស់ផាញូអែល ក្នុងកុលសម្ព័ន្ធអេស៊ើរ។ គាត់ចាស់ណាស់ហើយ គាត់រស់នៅជាមួយប្តីបានប្រាំពីរឆ្នាំក្រោយពេលរៀបការ គាត់នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់នៅតែក្នុងព្រះវិហារ មិនដែលចេញទៅណាឡើយ គាត់ថ្វាយបង្គំព្រះ ដោយតម និងអធិស្ឋានទាំងយប់ទាំងថ្ងៃ។ គាត់បានឡើងមកនៅវេលានោះឯង ហើយចាប់ផ្តើមអរព្រះគុណដល់ព្រះ ព្រមទាំងប្រកាសប្រាប់ពីព្រះឱរស ដល់អស់អ្នកដែលនៅទន្ទឹងរង់ចាំការប្រោសលោះដល់ក្រុងយេរូសាឡិម។
អាន លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:1-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ