ព្រះអង្គនាំអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ យើងត្រូវឡើងទៅក្រុងយេរូសាឡិម ហើយគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសម្រេច។ ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក បន្ទាប់ពីគេបានវាយលោកនឹងរំពាត់ គេនឹងសម្លាប់លោក តែបីថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ»។ ប៉ុន្តែ ពួកសាវកមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងសម្រាប់គេ ហើយគេមិនបានយល់ថាដូចម្តេចទេ។ កាលព្រះអង្គយាងទៅជិតដល់ក្រុងយេរីខូរ មានមនុស្សខ្វាក់ម្នាក់ អង្គុយសុំទាននៅតាមផ្លូវ។ គាត់ឮសូរសន្ធឹកមនុស្សទាំងហ្វូង ដែលដើរតាមនោះ ក៏សួរគេថា៖ «តើមានការអ្វី»? គេប្រាប់គាត់ថា៖ «គឺព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត កំពុងយាងមក»។ គាត់ក៏ស្រែកឡើងថា៖ «ឱព្រះយេស៊ូវ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ឯពួកអ្នកដែលដើរមុន គេកំហែងគាត់ឲ្យនៅស្ងៀម តែគាត់ស្រែករឹតតែខ្លាំងឡើងថា៖ «ឱព្រះរាជវង្សព្រះបាទដាវីឌអើយ សូមអាណិតមេត្តាទូលបង្គំផង»។ ព្រះយេស៊ូវក៏ឈប់ ហើយបង្គាប់ឲ្យគេនាំគាត់មក។ កាលគាត់មកជិតហើយ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?» គាត់ទូលថា៖ «ឱព្រះអម្ចាស់អើយ សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើងវិញផង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូឲ្យភ្នែកអ្នកបានភ្លឺចុះ ជំនឿរបស់អ្នក បានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្រាប់តែភ្នែកគាត់បានភ្លឺភ្លាម ហើយគាត់ដើរតាមព្រះអង្គ ទាំងពណ៌នាសរសើរតម្កើងព្រះ ឯមនុស្សទាំងអស់ដែលឃើញ ក៏សរសើរតម្កើងព្រះដែរ។
អាន លូកា 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 18:31-43
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ